Ad Code

រថយន្ត​យី​ឌុប​ដឹក​ខ្សាច់​ចង់​បាក់​ទ្រុង ​ឡើង​វ៉ា​មិន​ផុត​ រេ​ចង្កូត​ធ្លាក់​ផ្លូវ​ ក្រឡាប់​លើ​រថយន្ត​មួយ​ទៀត ខ្ទេច​មើល​លែង​យល់​



បន្ទាយមានជ័យ​ ៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​បាន​កើត​ឡើង​រវាង​រថយន្ត​យី​ឌុប​ដឹក​ខ្សាច់​ឡើង​ចង់​បាក់​ទ្រុង​វ៉ា​រថយន្ត​មួយទៀត​មិន​ផុត ​រេ​ចង្កូត​ធ្លាក់​ផ្លូវ ​បណ្ដាល​ឲ្យ​ក្រឡាប់​ទៅលើ​រថយន្ត​កាមរី​ស៊េរី​៩៥​ កំពិត​ខ្ទេច ​ចាក់​ខ្សាច់​ចោល​ពេញ​ផ្លូវ តែ​​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ដល់​អាយុជីវិត​មនុស្ស​ទេ​។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​ បាន​កើត​ឡើង នៅ​វេលា​ម៉ោង​៥​ទៀបភ្លឺ ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៩ ​ចំណុច​ផ្សារ​ភ្នំ​ធំ ក្នុង​ភូមិ​ភ្នំ​ធំ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ។

មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​នោះ​ មាន​រថយន្ត​ធុន​ធំ​យី​ឌុប ហ្វូ​យ​ហ្សូ គ្មាន​ស្លាក​លេខ ​អ្នកបើក​មាន ឈ្មោះ អែល កន នៅ​ភូមិ​ចុង​ដូង ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​ដឹក​ខ្សាច់​ពេញ​ឡើង​ចង់​បាក់​ទ្រុង ​បើក​ចេញពី​ខេត្ត​ពោធិ៍សាត់ ឆ្ពោះ​ទៅ​ខេត្តបន្ទាយមានជ័យ លុះដល់​កន្លែងកើតហេតុ ក៏បាន​វ៉ា​ជែង​ជាមួយ​រថយន្ត​ហាយ​លែន​ឌឺ​ មិន​ផុត បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ បណ្តាល​ឲ្យ​ក្រឡាប់​សង្កត់ពីលើ​រថយន្ត កា​ម​រី ៩៥ ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ចត​ចោល​នៅមុខ​ផ្ទះ ដែល​ម្ចាស់​រថយន្ត​មាន ឈ្មោះ រឿន ប៊ុន​ណូ រស់នៅ​ភូមិ​ភ្នំ​ធំ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ កំពិត​ខ្ទេច​អស់​។ ចំណែក​ខ្សាច់​ ចាក់ចោល​ពេញ​ថ្នល់​ជាតិ​តែម្តង​។​

មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយពី​កើតហេតុ​ហើយ​ ដោយសារតែ​ម្ចាស់​រថយន្ត​កាមរី​គ្រាន់តែ​កំពិត ​គ្មាន​ប៉ះពាល់​ដល់​មនុស្ស ​ម្ចាស់​រថយន្ត​ទាំងសងខាង បានធ្វើការ​សម្រុះសម្រួល​គ្នា ដោយ​ភាគី​ខាង​រថយន្ត​កា​ម​រី​បាន​ទាមទារ​សំណង​២,៣០០​ដុល្លារ ដើម្បី​បញ្ចប់​រឿង។ ក្រោយពី​ឯកភាពគ្នា​រួចហើយ រថយន្ត​ទាំងពីរ​ ក៏បាន​ស្ទូច​យក​ទៅ​ធ្វើ​នៅ​កា​រ៉ា​ស់​ជួសជុល​ទាំងពីរ​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu