Ad Code

វៀតណាម ​រឹបអូស​ភ្លុក​ដំរី​៩​តោន​មកពី​កុងហ្គោ



​មន្ត្រី​គយ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​វៀតណាម​ បាន​រឹបអូស​ភ្លុក​ដំរី​ជាង​៩​តោន​នៅក្នុង​ការដឹកជញ្ជូន​ឈើ​មួយ​មកពី​សាធារណរដ្ឋ​កុង​ហ្គោ​ដែល​នេះ​ជាការ​រឹបអូស​សត្វព្រៃ​ខុសច្បាប់​ចុងក្រោយ​បំផុត​មួយ​របស់​ប្រទេស​នេះ​។ថ្វីបើ​វា​ជា​រឿង​ខុសច្បាប់​ក្នុង​ការទិញ​និង​លក់​ភ្លុក​ដំរី​នៅ​ប្រទេស​កុម្មុយនិស្ត​វៀតណាម​ក៏ដោយ ការអនុវត្ត​ច្បាប់​ធូររលុង​បាន​អនុញ្ញាត​ឲ្យ​មានការ​ជួញដូរ​ខុសច្បាប់​រីក​រាលដាល​ក្នុង​ទីផ្សារ​ងងឹត​។

​រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ថា​នឹង​បង្ក្រាប​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​ស្របពេល​មានការ​ដាក់​សម្ពាធ​ពី​អន្ដរជាតិ​ហើយ​អាជ្ញាធរ​បាន​និយាយថា ការ​វាយឆ្មក់​ចុងក្រោយ​បំផុត​នៅ​ទីក្រុង Danang ភាគ​កណ្តាល​នេះ​គឺជា​ការ​វាយឆ្មក់​ធំ​បំផុត​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

​យោងតាម​វេ​ប​សាយ​ព័ត៌មាន Hai Quan ដែលជា​អ្នកនាំពាក្យ​របស់​គយ​វៀតណាម​បាន​ឲ្យ​ដឹងថា “​កញ្ចប់​ទំនិញ​ចំនួន​៩.១​តោន​ដ៏​ធំ​ដែល​គេ​សង្ស័យថា​មាន​ភ្លុក​ដំរី​លាក់​នៅក្នុង​កំណាត់ឈើ​គឺ​ត្រូវបាន​គេ​រកឃើញ​និង​រឹបអូស​”​។

​វេបសាយ​នេះ​បាន​បន្ថែមថា កំណាត់ឈើ​ដែល​ផ្ទុក​ភ្លុក​ដំរី​នៅ​ខាងក្នុង​គឺ​ត្រូវបានរកឃើញ​កាលពី​ថ្ងៃ​អង្គារ​នៅ​កំពង់ផែ​ដ៏​សំខាន់​របស់​ទីក្រុង Danang លើ​កប៉ាល់មួយគ្រឿង​មកពី​សាធារណរដ្ឋ​កុងហ្គោ​។​
​មន្ត្រី​គយ​ម្នាក់​បាន​ប្រាប់ AFP ថា “​អាជ្ញាធរ​នៅតែ​កំពុងធ្វើការ​ត្រួតពិនិត្យ​មុនពេល​ធ្វើការ​សន្និដ្ឋាន​ចុងក្រោយ​អំពី​វត្ថុ​នេះ​”​។

​ភ្លុក​ដំរី​ត្រូវបាន​គេ​ប្រើ​សម្រាប់​ធ្វើជា​គ្រឿងអលង្ការ គ្រឿង​តុបតែង​ផ្ទះ​និង​ឱសថ​បុរាណ​នៅក្នុង​ប្រទេស​វៀតណាម​ដែល​ជា​មជ្ឈមណ្ឌល​ឆ្លងកាត់​ដ៏​ពេញនិយម​ផងដែរ​សម្រាប់​សត្វព្រៃ​ខុសច្បាប់​ទៅ​ទីតាំង​ផ្សេងទៀត​នៅ​តំបន់​អាស៊ី​ជាពិសេស​ប្រទេស​ចិន​។

​រដ្ឋាភិបាល​បាន​តស៊ូ​ដើម្បី​បង្ក្រាប​ការជួញដូរ​ខុសច្បាប់​ខណៈ​ការលក់​បាន​ផ្លាស់ប្តូរ​ពី​កន្លែង​លក់ដូរ​តាម​ប្រពៃណី​ទៅ​លក់​តាម​អ៊ី​ន​ធើណិត​វិញ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu