Ad Code

អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​ពិនិត្យ​វិភាគ​ពាក្យ​ប្តឹង ​លោក ពេជ្រ ស្រស់ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២ មេសា



អង្គភាព​សារព័ត៌មាន Fresh News បានទាមទារ​ឲ្យ​ លោក ផែង វណ្ណៈ ធ្វើការ​កែតម្រូវ​ពាក្យ​សម្តី​របស់​ខ្លួន ដែល​អង្គភាព​នេះ បាន​ចាត់ទុកថា ជា​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​បរិហារកេរ្តិ៍​

ភ្នំពេញ ​៖ មន្ត្រីជាន់ខ្ពស់ ACU បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​អង្គារ ​ទី​២ ខែ​មេសា ឆ្នាំ​២០១៩ ខាងមុខ អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​បើក​កិច្ចពិភាក្សា​លើ​បណ្ដឹង​ លោក ពេជ្រ ស្រស់ ដែល​បាន​ប្តឹង​ឈ្មោះ ផែង វណ្ណៈ ពីបទ​សង្ស័យ​ប្រព្រឹត្ត​អំពើពុករលួយ ក្នុង​ករណី​ធ្វើជា​តំណាង​យក​លុយ​ចំនួន​៥០០០​ដុល្លារ ទៅ​ចូល​បុណ្យ​សព​និស្សិត​ស្រី​ម្នាក់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី​កំណត់​ថា តើ​បណ្តឹង​នោះ​អាច​យកមក​ចាត់​ការ​បា​ន ឬ​មិនបាន​។​

លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) មានប្រសាសន៍​បែបនេះ នៅក្នុង​បណ្ដាញ​អេឡិចត្រូនិក​តេ​ឡេ​ក្រាម (Telegram) កាលពី​រសៀល​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩​។

លោក​បញ្ជាក់​យ៉ាង​នេះ​ថា “​ជូនដំណឹង​បងៗ​ក្នុង​ក្រុម​, អបព [​អង្គភាព​ប្រឆាំង​អំពើពុករលួយ​] ពិនិត្យ​វិភាគ​ពាក្យ​ប្តឹង​នេះ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២​មេសា។ ឯកឧត្ដម ពេ​ជ ស្រស់ និង ​គ្នា​គាត់​២​នាក់​ទៀត ចូល​រួម​ស្តាប់​ការវិភាគ​របស់ អបព និង​ការពារ​ពាក្យ​ប្តឹង​របស់​ខ្លួន​។ មិនគួរ​សង្គម​ហ្វេ​ស​ប៊ុ​ក​ រុញ​ដុំ​ថ្ម​ក្តៅ​មក​ឲ្យ អបព កាន់​សោះ​”​។​

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ផង​នោះ បានដាក់​បណ្ដឹង ​ឈ្មោះ ផែង វណ្ណៈ ដែល​ជា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក (Facebook) ដ៏​សកម្ម​ម្នាក់ ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ធ្វើការ​ស៊ើបអង្កេត​ក្រែង​មាន​ករណី​ពុករលួយ​ទាក់ទង​លុយ​៥​ពាន់​ដុល្លារ ដែល​ លោក ផែង វណ្ណៈ បាន​យក​ទៅ​ចូល​បុណ្យ​។​

តាម​បណ្តឹង​របស់ លោក ពេជ្រ ស្រស់ ចុះ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩ ដោយ​អះអាង​ថា ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ផង​នោះ និង​បាន​ដាក់​ជូន​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​រៀបរាប់​ថា បើតាម​ពិនិត្យ​ផ្លូវច្បាប់​បុគ្គល ផែង វណ្ណៈ មិនមែនជា​មេធាវី ឬ​ជា​អ្នក​បម្រើ​សេវា​ផ្លូវច្បាប់ ដែល​អាច​ធ្វើជា​តំណាង​ឲ្យ​ជនណាម្នាក់​នោះទេ ប៉ុន្តែ​មានរឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​កើតឡើង គឺ ​ឃើញ ​លោក ផែង វណ្ណៈ ប្រកាស​ខ្លួន​ថា ជា​អ្នកតំណាង​ឲ្យ​ក្រុម​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​លើ​សព​និស្សិត ឌុំ រី​ដា ស្របពេល​សមត្ថកិច្ច​មិនទាន់​ចាប់បាន​ជនបង្ក យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​នៅឡើយ ហើយ​អ្វី​ដែល​គួរ​ឲ្យ​សង្ស័យ​បំផុត​នោះ គឺថា​មាន​កើតក្តី​ព្រួយបារម្ភ​ខ្លាច​មានការ​ឃុបឃិត​ប្រព្រឹត្ត​នូវ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ដើម្បី​សម្របសម្រួល​បន្ធូរបន្ថយ​បទ​ការចោទប្រកាន់​ណាមួយ តាមរយៈ​ការយក​លុយ​ទៅ​លួងលោម ឬ​បញ្ចុះបញ្ចូល​ក្រុម​គ្រួសារ​ជនរងគ្រោះ​តាមរយៈ​បុគ្គល ផែង វណ្ណៈ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នីតិវិធី​ច្បាប់ ម្យ៉ាងវិញទៀត ​ជាហេតុ​ធ្វើ​ឲ្យ​រីក​ដុះដាល នៃ​អំពើពុករលួយ​ជា​ប្រព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា កាន់តែ​ច្រើនឡើងៗ ធ្វើ​ឲ្យ​ពលរដ្ឋ​រងគ្រោះ ក្រីក្រ​គ្មាន​យុត្តិធម៌​។

លោក ពេជ្រ ស្រស់ លើកឡើង​ទៀតថា ដើម្បី​ទប់ស្កាត់​នូវ​អំពើពុករលួយ​ជា​ប្រព័ន្ធ និង​លុបបំបាត់​អំពើពុករលួយ​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើស​ព កញ្ញា ឌុំ រី​ដា គឺ​មានតែ​ការកោះហៅ​បុគ្គល ផែង វណ្ណៈ ទៅ​ស៊ើបអង្កេត ស្វែងរក​ការពិត​ជុំវិញ​ការធ្វើ​តំណាង​ឲ្យ​ជន​បង្ក​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​ឃោរឃៅ​លើ​និស្សិត ​កញ្ញា ឌុំ រី​ដា ដោយ​ខុសច្បាប់​។ ម្យ៉ាងវិញទៀត ដើម្បី​បញ្ចប់​វប្បធម៌​អន្តរាគមន៍​ខុសច្បាប់ ឬ​ចេញមុខ​ទទួលខុសត្រូវ​ដោយ​ខុសច្បាប់ ជាពិសេស គឺ​លុបបំបាត់​វប្បធម៌​បុក​ស្លាប់​យកលុយ​ទៅ​លួង​ចិត្ត​ក្រុមគ្រួសារ​ជនរងគ្រោះ ដើម្បី​សម្របសម្រួល​ណាមួយ ក្នុង​គោល​បំណង​បន្ធូរបន្ថយ​ការចោទប្រកាន់​។​

ទាក់ទង​បញ្ហា​នេះ លោក ផែង វណ្ណៈ បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​ កាលពី​រសៀល​ថ្ងៃទី​២៨​មីនា ថា លោក​មិន​ចាប់​អារម្មណ៍​រឿង​បណ្ដឹង​អី​ហ្នឹង​ទេ ពីព្រោះ​លោក​មិនបាន​ធ្វើ​អ្វី​ខុសច្បាប់ គ្រាន់តែ​កាន់​លុយ​ទៅ​ចូល​បុណ្យ ហើយ​បើ​គ្រាន់តែ​កាន់​លុយ​ទៅ​ចូល​បុណ្យ​ ក៏​ប្ដឹង​ដែរ វា​ចប់​ហើយ​។ លោក​បញ្ជាក់​ដែរ​ថា លោក​មិនបាន​ចេញទៅ​ក្រៅ​ប្រទេស​ទេ​។​

គួរ​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ មាន​រថយន្ត​មួយ​គ្រឿង​ ម៉ាក Rang Rover ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-7777 បាន​បើក​បោះពួយ​យ៉ាង​លឿន ទៅ​និស្សិត​ម្នាក់​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៧ កែង​នឹង​ផ្លូវ​លេខ​៥២៨ ក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទួលគោក ខណៈ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ បណ្តាល​ឲ្យ​មនុស្ស និង​ម៉ូតូ​ប៉ើង​ទៅ​ចិញ្ចើម​ផ្លូវ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។

នារី​រងគ្រោះ​ ឈ្មោះ ឌុំ រី​ដា អាយុ​២២​ឆ្នាំ ស្រុកកំណើត​ភូមិ​កំពង់​ដំរី ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល ជា​សិស្ស​ពូកែ​ទូទាំង​ប្រទេស ខាង​អក្សរសាស្ត្រ​ខ្មែរ ហើយ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ រហូត​ទទួល​បាន​អាហារូបករណ៍​នៅ​សាលា​ផា​រ៉ា​ហ្គ​ន​។ ចំណែក​ជន​បង្ក​ ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​អត្តសញ្ញាណ​ហើយ ដោយ​នាង មានឈ្មោះ យិន ម៉ា​ណា ជា​កូនស្រី​របស់ លោក យិន ង្គិ​ច និង​បាន​លាក់ខ្លួន​រយៈពេល​២​ថ្ងៃ​មក​ហើយ មិនទាន់​ចេញមុខ ដោយ​ឲ្យ​ឪពុក​ចេញ​ដោះស្រាយ​ជំនួស​។

លោក ផែង វណ្ណៈ កាលពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៩ ដោយ​សំអាង​ថា ជា​តំណាង​ក្រុមគ្រួសារ​រថយន្ត​បង្ក បាន​យក​លុយ​ចំនួន​៥០០០​ដុល្លារ​អាមេរិក យកទៅ​ចូល​បុណ្យសព​ កញ្ញា ឌុំ រី​ដា នៅ​គេហដ្ឋាន​របស់​សព ក្នុង​ភូមិ​កំពង់​ដំរី ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ បញ្ហា​នេះ បាន​បណ្តាល​ឲ្យ​សាធារណជន​ខ្លះ​បាន​រិះគន់ ប៉ុន្តែ​ លោក ផែង វណ្ណៈ បាន​ចេញ​វីដេអូ​ឃ្លី​ប​មួយ​បក​ស្រាយ​ថា លុយ​៥​ពាន់​ដុល្លារ​នោះ គឺជា​លុយ​ចូល​បុណ្យ​របស់​គ្រួសារ​ជន​បង្ក​ប៉ុណ្ណោះ តែ​មិនមែន​ជា​ការ​សូកប៉ាន់​ទេ ហើយ​ជនបង្ក​ត្រូវតែមាន​វិធានការ​តាមច្បាប់ មិន​អាច​រួចខ្លួន​ទេ​។​

ដោយឡែក​ទាក់ទង​សំណុំរឿង​នេះ​ដែរ អង្គភាព​សារព័ត៌មាន Fresh News បាន​ទាមទារ​ឲ្យ លោក ផែង វណ្ណៈ ធ្វើការ​កែតម្រូវ​ជាបន្ទាន់ ចំពោះ​ការ​លើកឡើងថា អង្គភាព Fresh News ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ដែលមាន​លុយ ដោយ​អង្គភាព​មួយ​នេះ ចាត់ទុក​ការលើកឡើង​របស់លោក ផែង វណ្ណៈ ថា ជា​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​បរិហារកេរ្តិ៍​។​

តាម​អង្គភាព​សារព័ត៌មាន Fresh News លោក ផែង វណ្ណៈ បាន​និយាយ​តាមរយៈ​ការ Live វីដេអូ កាល​ពី​យប់​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩​ថា “​អា Fresh News គេ​បន្ទរ​ទៀត អូ គេ​អា​លើ​តៗ​ៗ (Alert) តែ​ប្រជាជន​មាន​ទឹកភ្នែក​ទឹក​សំបោរ មិនដែល​ឃើញ Fresh News ផ្សាយ​ទេ Fresh News គេ​ផ្សាយ​តែ​រឿង​ណា​មាន​លុយ​ទេ មាន​លុយ​គេ​ផ្សាយ កន្លែង​ណា​មាន​ផលប្រយោជន៍​គេ​ផ្សាយ រឿង​ប្រជាជន​ទឹក​ភ្នែក​ទឹក​សំបោរ រហេម រហាម​អី ទៅរក Fresh News គឺ Fresh News អត់​ជួយ​ទេ​...”​។​

ជាមួយគ្នា​នោះ អង្គភាព​ព័ត៌មាន Fresh News បាន​ទុក​ពេល​ឲ្យ​ លោក ផែង វណ្ណៈ ធ្វើការ​កែតម្រូវ និង​សុំទោស​ជា​សាធារណៈ ក្នុង​រយៈពេល​២៤​ម៉ោង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu