ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការរិះគន់ចំពោះអ្នកវិភាគនយោបាយនៅកម្ពុជាមួយចំនួនថា មានភាពលម្អៀងខាងនយោបាយនិងខ្វះសុចរិតភាព។ សម្តេចបានលើកឡើងថា បើធ្វើជាអ្នកវិភាគត្រូវធ្វើឲ្យបាននូវការវិភាគមួយដែលមានលក្ខណៈសត្យានុម័តឲ្យច្បាស់ ហើយមិនត្រូវយកធាតុនយោបាយមកលាយជាមួយ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះច្បាស់ជាមានការយកទៅវិភាគទៀតហើយ ក្នុងចំណោមអ្នកវិភាគ ៣រូបរួមមាន លោក ឡៅ ម៉ុងហៃ, លោក មាស នី និង លោក ជេម សុខ គឺលោក ជេម សុខ វិភាគបានត្រូវច្រើនជាងគេ គឺ ១០ ខុស៧ ត្រូវ៣ ,ចំណែក លោក មាស នី វិភាគ១០ អាក្រក់ទាំងអស់តែម្តង ចំណែកលោក ឡៃ ម៉ុងហៃ វិភាគ១០ ត្រូវបាន ១ ។ យ៉ាងណាក៏ដោយ សម្តេចថ្លែងថា សម្តេចនឹងទទួលយកនូវចំណុចដែលល្អកើតចេញពីការវិភាគនោះ។
សម្តេចបានថ្លែងថា «វិភាគទៀតទៅកន្លែងខ្លះ ខ្ញុំយកបាន ខ្ញុំឃើញ លោក ជេម សុខ នៅអាមេរិកនោះ ឃ្លីបរបស់គាត់កាលពីមុនយកមកមើលឡើងវិញជួនកាលគាត់ហៅខ្ញុំ "អា" ប៉ុន្តែខ្ញុំមិនខឹងទេ ព្រោះគាត់គ្មានចរិតនយោបាយនៅក្នុងនោះ ដូចនេះមនុស្សកាលណាតែគ្មាននយោបាយចូលខ្លួនហើយគឺវិភាគសត្យានុម័តជាង។ ប៉ុន្តែក្រុមវិភាគមួយចំនួន នយោបាយពេញខ្លួន »។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យអ្នកវិភាគ ត្រូវធ្វើឲ្យបាននូវការវិភាគមួយដែលមានលក្ខណៈសត្យានុម័តឲ្យច្បាស់ហើយមិនត្រូវយកធាតុនយោបាយមកលាយជាមួយ ។ សម្តេចបន្តថា អ្នកខ្លះវិភាគ១០ គឺទៅទាំង ១០ ព្រោះចេញមកនយោបាយនៅជាមួយ តែទោះបីវិជ្ជមាន ឬ អវិជ្ជមានយើងទទួលយកមកស្តាប់ទាំងអស់ ជួនកាលវាមិនអាក្រក់ទាំងអស់ទេ ដូចជា ជឹម សុខ ,មាស នី បើទោះបីថា វិភាគ ១០គាត់ឲ្យយើងខុសទាំង ១០ ក៏យើងទទួលយកមកស្តាប់ ឡៅ ម៉ុងហៃ ក៏ដូចគ្នា ។ ដូចនេះ សុំអ្នកវិភាគត្រូវប្រកាន់ភ្ជាប់នូវកត្តាសត្យានុម័តឲ្យបានច្បាស់។សម្តេចបន្តថា ដោយសារតែវិភាគខុសនេះហើយទើបធ្វើឱ្យក្រុមអ្នកប្រឆាំងមិនដែលបានឈ្នះ សម្តេចម្តងណាទេ។
នៅក្នុងឳកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានរិះគន់បរទេសមួយចំនួនដែលបានជាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាដែលជារដ្ឋអធិបតេយ្យមួយទៅវិញ ដោយកម្ពុជាគ្រាន់តែអនុវត្តច្បាប់របស់ខ្លួនតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «សូម្បីសហរដ្ឋអាមេរិកខ្លួនឯង បានរិះគន់ថា រុស្ស៊ីបានជ្រៀតជ្រែងលើកិច្ចការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ចុះម្តេចរឿងអ្វីបានជាកម្ពុជាគ្រាន់តែសន្សំតែសុខ ឱ្យធ្វើការគោរពគ្នាទៅវិញទៅមក ក៏យើងមិនអាចធ្វើបាន។ ខ្ញុំសុំតែសុខមួយប៉ុណ្ណោះ ពលរដ្ឋរបស់ខ្ញុំវេទនាច្រើនពេកហើយ ខ្ញុំមិនចង់ឱ្យពលរដ្ឋរបស់ខ្ញុំណាមួយគ្រោះថ្នាក់ទេ ខ្ញុំមិនចង់ឱ្យពលរដ្ឋរបស់ខ្ញុំរងគ្រោះ សូម្បីតែជាប់ពន្ធនាគារក៏មិនដែរ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងមកបង្ហាញផងដែរថា ប្រទេសថៃ រដ្ឋធម្មនុញ្ញថ្មីៗ បានតម្រូវឲ្យសមាជិកសភាដែលតែងតាំងដោយយោធាមានសិទ្ធិបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដូច្នេះបើទោះបីជាចាញ់ឆ្នោតក៏អាចធ្វើជានាយករដ្ឋមន្ត្រីបានដែរ ។ ប៉ុន្តែសហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនមិនលើករឿងនេះជាមួយនឹងថៃ មិនមែនជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងថៃទេ តែខ្ញុំគ្រាន់តែលើកជាឧទាហរណ៍។ ចំណែកឯនៅប្រទេសមីយ៉ាន់ម៉ារដ្ឋធម្មនុញ្ញរបស់គេបញ្ជាក់ប្រាប់ថា ២៥ភាគរយនៃសភា មិនចាំបាច់មានការបោះឆ្នោតទេ ទុកឲ្យពួកយោធាតែងតាំងតែម្តង ។ តើវាយ៉ាងម៉េចអាហ្នឹង? ឯកម្ពុជាគ្រាន់តែធ្វើត្រឹមកម្រិតនៃដំណើរការផ្លូវច្បាប់ប្រឆាំងនឹងគណបក្សមួយ ដែលរំលោភបំពានជាមួយនឹងច្បាប់របស់ប្រទេស ហេតុអ្វីក៏យើងគ្មានសិទ្ធិធ្វើ គ្មានសិទ្ធិអនុវត្ត តើយើងជារដ្ឋមួយទេ ? ហើយកម្ពុជាមានបក្សនយោបាយលំហប្រជាធិបតេយ្យនៅកម្ពុជាធំណាស់ គ្រាន់តែត្រូវប្រើប្រាស់ឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments