Ad Code

វី​តា​ល់ ​សម្ពោធ​កម្មវិធី​សប្បុរសធម៌​ថ្មី ដែល​មាន​ឈ្មោះ​ថា «​អ្នកជា​វីរបុរស​ជាមួយ​វី​តា​ល់​»



ភ្នំពេញ ​៖​ ក្រុមហ៊ុន អ៊ិន​វី​ស៊ី ផលិត​ទឹក​ពិសា​វី​តា​ល់​ សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ាស៊ីន​លក់​ទឹក​ស្វ័យប្រវត្តិ និង​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប​ កាលពី​ព្រឹក​ថ្ងៃទី​១៣ ​ខែមីនា ​ឆ្នាំ​២០១៩​ បាន​ប្រារព្ធ​ពិធី​សម្ពោធ​កម្មវិធី​សប្បុរសធម៌​ថ្មី ដែល​មាន​ឈ្មោះ​ថា «​អ្នកជា​វីរបុរស​ជាមួយ​វី​តា​ល់​»​នៅ​ផ្សារ​ទំនើប Eden Garden​ដើម្បី​យក​ថវិកា​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​អង្គរ។

នេះ​ជា​លើកទីមួយ​ហើយ នៅ​ប្រទេស​កម្ពុជា​ដែល​បាន​បង្កើត​កម្មវិធី​សប្បុរសធម៌​បែប​ទំនើប ដែល​អនុញ្ញាត​ឲ្យ​សាធារណជន​ អាច​ក្លាយ​ជា​វីរបុរស​ក្នុងនាម​អ្នក​ជួយ​កុមារ​ឈឺ​ និង​ក្រីក្រ​កម្ពុជា ដោយ​គ្រាន់តែ​ជាវ​ទឹក​វី​តា​ល់ តាម​បណ្តា​ទូ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​នៅ​តាម​ផ្សារ​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ។ កម្មវិធី​នេះ ​នឹង​បរិច្ចាគ​១០០% នៃ​ការ​លក់​ទឹក​វី​តា​ល់​ពី​ទូ​ស្វ័យប្រវត្តិ​ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ។

លោកស្រី ជឹ​ង សុគន្ធា​វី អគ្គនាយិកា​ក្រុមហ៊ុន អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន​វី​តា​ល់ មានប្រសាសន៍ថា​ កម្មវិធី​នេះ​ រៀបចំឡើង ក្នុង​គោលបំណង​ធំៗ​ចំនួន​៣​គឺ​ទី​១. ដើម្បី​ពង្រឹង​វប្បធម៌​ចែករំលែក ទី​២.​គឺ​ដើម្បី​ផ្សារភ្ជាប់​កម្មវិធី​សប្បុរសធម៌​ជាមួយ​នឹង​ម៉ាស៊ីន​បែប​ទំនើប និង​ទី​៣.​ចូលរួម​ចំណែក​ក្នុង​ការជួយ​ព្យាបាល​កុមារ​ក្រីក្រ​កម្ពុជា​ជាមួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ។

លោកស្រី​បាន​បន្តថា ផ្អែកលើ​ការគាំទ្រ​ខ្លាំង​ពី​អតិថិ​ជន​នេះ​បាន ធ្វើ​ឲ្យ​មូលនិធិ​២៥៛​របស់​វី​តា​ល់​មាន​កញ្ចប់​កាន់តែ​ធំ និង​ធ្វើ​ឲ្យ​ក្រុមការងារ​វី​តា​ល់​មាន​កម្លាំងចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ពាំនាំ​មក​នូវ​កម្មវិធី​សប្បុរសធម៌​ល្អៗ​យ៉ាងសកម្ម​ជាច្រើន​រូបភាព​ទៀត ក្នុងសង្គម​ដើម្បី​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ជាមួយ​រដ្ឋាភិបាល។

លោក ឈុំ ឆេង​ហេង ប្រធាន​ផ្នែក​រៃអង្គាស មូលនិធិ​សម្រាប់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ បាន​សម្តែង​ក្តីសប្បាយ​រីករាយ​ដោយ​មោទភាព​ចំពោះ​ការ​សហការ​​​ជាមួយ​វី​តា​ល់ សម្រាប់​គម្រោង​កម្មវិធី «​ក្លាយ​ជា​វីរបុរស​» ព្រោះ​កម្មវិធី​នេះ​ប្លែក​ដែល​មិន​ធ្លាប់​មាន​ទេ​នៅ​កម្ពុជា​ហើយ​លោក​រំពឹង​ថា ​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ ជាពិសេស​យុវជន​កម្ពុជា នឹង​គាំទ្រ​ជាវ​ទឹក​ពី ម៉ាស៊ីន ស្វ័យប្រវត្តិ​ឲ្យ​បាន​ច្រើន​ដើម្បី​បង្កើន​ចំណូល​ដល់​មូលនិធិ។

លោកស្រី ជឹ​ង សុគន្ធា​វី​រំពឹង​ថា ​រយៈពេល​ពីរ​ខែ​នេះ នឹង​ទទួល​បាន​មូលនិធិ​ប្រមាណ​ជាង ៤​ពាន់​ដុល្លារ​អាមេរិក​ដើម្បី​គាំទ្រ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គ​រហើយ​ពលរដ្ឋ​គ្រប់រូប​ក៏​អាច​ចូលរួម​បាន​ដោយ​គ្រាន់តែ​ជាវ​ទឹក​វី​តា​ល់​តាម ទូ​​ស្វ័យប្រវត្តិ​ដែល​នៅ​ជិត​លោកអ្នក។
គួរ​បញ្ជាក់ថា​ «​អ្នកជា​វីរបុរស​» នឹង​ធ្វើឡើង​រយៈពេល​ពី​រ​ខែ​ចំពោះ​ម៉ា​ស៊ី​លលក់​សម្ភារៈ​ទាំង​១៨​ទូទាំង​រាជធានី ដែល​១៦​ទូ​មាន​ទីតាំងនៅ​ផ្សារ​ទំនើប​អ៊ី​អន​ទី​១ និង​២​ទូ​នៅ​ផ្សារ​ទំនើប Eden Garden៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu