ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា រថយន្ដមួយគ្រឿង បានបើកចូលទៅក្នុងហ្វូងមនុស្សនៅភាគកណ្តាលប្រទេសចិនកាលពីថ្ងៃសុក្រ ដោយបានសម្លាប់មនុស្ស៦នាក់ និងរងរបួស ៧ នាក់ទៀត ខណៈដែលអ្នកបើកបរត្រូវបានបាញ់សំលាប់ដោយប៉ូលីស។
ទូរទស្សន៍ CCTV បាននិយាយថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីឧប្បត្តិហេតុនៅព្រឹកព្រលឹមនៅទីក្រុង Zaoyang ខេត្ត Hubei។
វីដេអូមួយដែលត្រូវបានចេញផ្សាយដោយកាសែត The Paper បានបង្ហាញពីសាកសពត្រូវបានគ្របដោយភួយនៅតាមដងផ្លូវ ហើយក្រុមមួយកំពុងព្យាយាមលើកអ្នកណាម្នាក់ដាក់លើស្នែងសែង ។
ទន្ទឹមនោះប្រទេសចិនបានទទួលរងនូវឧប្បត្តិហេតុស្រដៀងគ្នានេះនៅក្នុងប៉ុន្មានខែថ្មីៗនេះផងដែរ។
កាលពីខែកញ្ញាឆ្នាំមុនមានមនុស្ស ១១ នាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួសនៅពេលរថយន្តមួយគ្រឿងបានបើកបុកទៅលើហ្វូងមនុស្សនៅក្នុងទីលានសាធារណៈមួយនៅក្នុងទីក្រុង Hengdong ភាគកណ្តាលនៃខេត្ត Hunan ។
ប៉ូលីតេលីបានឃាត់ខ្លួនអ្នកបើកបរម្នាក់ដែលមានអាយុ ៤០ ឆ្នាំ ហើយបានពិពណ៌នាថាគាត់ជា «ពិរុទ្ធជនម្តងហើយម្តងទៀត» ដែលមានកាំបិតនៅក្នុងឡានរបស់គាត់ និងមានបំណងធ្វើឲ្យមានការខូចខាតធ្ងន់ធ្ងរ។
កាលពីចុងខែវិច្ឆិការថយន្តមួយគ្រឿងបានបើកបុកចូលទៅក្នុងហ្វូងកុមារមួយក្រុមដែលឆ្លងកាត់ផ្លូវនៅមុខសាលារៀនបឋមមួយកន្លែងនៅក្នុងខេត្ត Liaoning ភាគឥសាន្តដែលបានសម្លាប់មនុស្ស ៥ នាក់ និងរងរបួសយ៉ាងហោចណាស់ ១៩ នាក់។
អ្នកបើកបរបាននិយាយថា គាត់បានជ្រើសរើសជនរងគ្រោះដោយចៃដន្យ ហើយត្រូវបានគេរាយការណ៍ថាកំពុងគិតអំពីការធ្វើអត្តឃាតដោយសារតែបញ្ហាក្នុងស្រុកមុនពេលសោកនាដកម្មនេះកើតឡើង ៕ AFP
Source: Kampuchea Thmey Daily
0 Comments