Ad Code

ប្រពន្ធ​អ្នកបើក​គោយន្ត​កែច្នៃ​សម្រាប់​កិនស្រូវ​ចល័ត សុំ​យុត្តិធម៌​ឲ្យ​ប្តី ករណី​គ្រោះថ្នាក់​ចរាចរណ៍ ភាគី​ម្ខាង​ទារ​សំណង​៦​ពាន់​ដុល្លារ គ្មាន​លទ្ធភាព​សង​ និង​ត្រូវ​គេ​ចាប់​ប្តី​ដាក់​ពន្ធនាគារ​



កំពង់ឆ្នាំង ​៖ ភរិយា​របស់​បុរស​អ្នកបើក​គោយន្ត​កែច្នៃ​កិនស្រូវ​តាម​ភូមិ រួម​នឹង​សាក្សី​ជាច្រើន​នាក់ កាលពី​ល្ងាច​ថ្ងៃទី​២៦​មីនា​នេះ បាននាំគ្នា​មកជួប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន ឲ្យ​ជួយ​ផ្សព្វផ្សាយ នូវ​ភាព​អយុត្តិធម៌ ឲ្យ​បាន​ដឹង​ដល់​ថ្នាក់ដឹកនាំ តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជួយ​ស្រាវជ្រាវ​ស៊ើប​អង្កេត ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​ និង​គោយន្ត​កែច្នៃ បើក​កិនស្រូវ​តាម​ភូមិ ខណៈ​ដែល​ស្ត្រី អ្នកបើក​ម៉ូតូ រេ​ចង្កូត ទៅបុក​គោយន្ត​កែច្នៃ​របួស​បាក់ជើង ទារ​សំណង​៦​ពាន់​ដុល្លារ តែ​ភាគី​គោយន្ត​មិន​មាន​លទ្ធភាព ត្រូវបាន​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ។
​ ​
ស្ត្រី​ ឈ្មោះ ប៉ិល ដា​នី អាយុ​៣៧​ឆ្នាំ ជា​ភរិយា របស់​ឈ្មោះ ហេង សារ៉ុន អាយុ​៤២​ឆ្នាំ ជា​អ្នកបើក​គោយន្ត​កិនស្រូវ បាន​រៀបរាប់ថា គ្រួសារ​គាត់ មាន​ទីលំនៅ​ខេត្ត​ត្បូងឃ្មុំ ប៉ុន្តែ​ដោយ​ភាពក្រីក្រ​គ្រួសារ​គាត់​បានមក​ជួល​ផ្ទះ​គេ​ស្នាក់នៅ​ក្នុងភូមិ​ប្រាំបី​ឆោម ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្រកប​មុខរបរ បើក​គោយន្ត​កែច្នៃ សម្រាប់​កិនស្រូវ ចល័ត​តាម​ភូមិ។

នៅ​ថ្ងៃកើតហេតុ វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៩ នៅពេល​ប្តី​គាត់​កំពុង​បើក​គោយន្ត មកដល់​ចំណុច​មុខ​សាលាបឋមសិក្សា​ព្រះ​ទ្វារ ស្ថិត​ក្នុងភូមិ​ប្រាំបី​ឆោម ឃុំ​ពង្រ ស្រុក​រលាប្អៀរ ស្រាប់​តែមាន​ស្ត្រី​ម្នាក់ ជិះ​ម៉ូតូ​ក្នុង​ដំណើរ​ច្រាស​ទិស​ជាមួយ គោយន្ត​ប្តី​គាត់ បាន​រេ​ចង្កូត មក​បុក​គោយន្ត ប្តី​គាត់ ខណៈដែល​ប្តី​គាត់​ព្យាយាម​គេច​ធ្លាក់​ពី​ថ្នល់ជាតិ មកលើ​គ្រោះ​ក្រហម ទៅ​ហើយ។ ក្រោយពេល​កើតហេតុ ស្ត្រី​រងគ្រោះ​រងរបួស​បាក់ជើង បាន​ទារ​សំណង​៦​ពាន់​ដុល្លារ ពេល​គាត់​គ្មាន​ប្រាក់​សង ក៏ត្រូវ​បាន​តុលាការ ឃុំខ្លួន​ប្តី​គាត់​ក្នុង​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌។

​សព្វថ្ងៃ​គ្រួសារ​គាត់​កំពុងតែ​ជួប​ការខ្វះខាត ចិញ្ចឹម​កូនតូចៗ​២​នាក់ ទាំង​លំបាក ណាមួយ​ប្តី​គាត់​មិនមែនជា​អ្នក​ខុស​ផង ម្ដេច​ត្រូវ​ទារ​សំណង​ដល់​ម្លឹង ហេតុនេះហើយ​គាត់​សូម​លើកដៃ​សំពះ​ដល់ សមត្ថកិច្ច តុលាការ និង​ក្រសួង​ពាក់ព័ន្ធ សូមមេត្តា​ជួយ​ស្រាវជ្រាវ ស៊ើបអង្កេត​ស្រាវជ្រាវ​ករណី​នេះ​ផ្តល់​យុត្តិធម៌ ជូន​គ្រួសារ​គាត់​ផង។

​ជុំ​វិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បុរស​ម្នាក់​ដែលជា​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យ​ដឹងថា​ ៖ មុនពេល​កើតហេតុ គាត់​កំពុងបើក​ម៉ូតូ ស្រាប់តែ​ឃើញ​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូ​មាន​ដឹក​កញ្ឆេរ​ពីក្រោយ និង​មាន​ឥវ៉ាន់​ខ្លះ​ភ្ជួរ​នៅ​ពីមុខ​ម៉ូតូ​( ជិះ​ម៉ូតូ​លក់​បន្លែ​ និង​ត្រី ) បាន​បើក​ម៉ូតូ​វ៉ា​ម៉ូតូ​គាត់ ក្នុង​ទិស​ស្របគ្នា ពេល​បើក​វ៉ា​ផុត បាន​បន្តិច គាត់​ឃើញ​ស្ត្រី​រូបនោះ អោន​ដោយ​ដៃ​ឆ្វេង ឈោង​យក​របស់​អ្វីមួយ ពេល​នោះ ម៉ូតូ​ក៏បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​ដែរ ហើយ​ក៏បាន​ទៅបុក​គោយន្ត ក្នុង​ទិស​ច្រាស់​គ្នា​តែម្ដង ខណៈ​អ្នកបើក​គោយន្ត ឃើញ​សភាព​មិន​ស្រួល​ខំ​គេច​ធ្លាក់​មកលើ​ថ្នល់​ក្រួស​ក្រហម​ទៅហើយ។​

ស្ត្រី​សាក្សី​ម្នាក់ទៀត បាន​បំភ្លឺ​ប្រាប់​អ្នកសារព័ត៌មាន​ថា ​៖ ពេល​គាត់​ទៅដល់ ឃើញ​ស្ត្រី​រងគ្រោះ​រង​របួស​បាក់ជើង ហើយ​គាត់​ក៏បាន​ជួយ​លើក​ស្ត្រី​រងគ្រោះ​ដែរ ពេលនោះ​គាត់​បានឃើញ​ស្ត្រី​រងគ្រោះ សួររក​អ្នកបើក​គោយន្ត ហើយ​អ្នកបើក​គោយន្ត ដែល​កំពុង​ជួយ​ស្ត្រី​រងគ្រោះ​នោះដែរ បាន​ឆ្លើយថា​ ៖ ខ្ញុំ​នៅ​នឹង​ទេ ខ្ញុំ​មិន​រត់​ទៅណា​ទេ ! បន្ទាប់មក ស្ត្រី​រងគ្រោះ បន្ទោស​អ្នក​បើក​គោយន្ត​ថា​ បើ​ឃើញ​គាត់​បើក​មក​ហើយ ម៉េច​មិន​គេច​ផង តែ​អ្នកបើក​គោយន្ត​ថា ខ្ញុំ​ខំ​គេច​ធ្លាក់​ថ្នល់​ក្រហម​ហើយ តែ​នៅតែ​គេច​មិន​ផុត។
​ ​
ជុំវិញ​ករណីនេះ លោក ឈឹម សារុន នាយការិយាល័យ ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឆ្លើយ​ថា​ តាម​ការវាស់វែង​រប​ស់​មន្ត្រី​ជំនាញ បញ្ជាក់ថា ស្ត្រី​អ្នកបើក​ម៉ូតូ​បាន​បើក​ម៉ូតូ​ឆ្លងថ្នល់​ជាតិ​ផុត ដល់​ថ្នល់​ក្រួស​ក្រហម​ទៅហើយ ត្រូវ​គោយន្ត​ទៅ​បុក។ ប៉ុន្តែ​លោក​ថា​ បើ​មាន​សាក្សី​មែន លោក​នឹង​ស្រាវជ្រាវ​រឿងនេះ​ឡើងវិញ ដើម្បីឲ្យ​មាន​យុត្តិធម៌​ទាំងសងខាង។
​ ​
រឿងនេះ ទុកឲ្យ​សមត្ថកិច្ច​បន្ត​នីតិ​វិធី​របស់ខ្លួន​ដើម្បី​រក​យុត្តិធម៌​ទាំងសងខាង​ចុះ ប៉ុន្តែ​ការឃុំខ្លួន​បុរស​អ្នកបើក​គោយន្ត ពិតជា​ធ្វើឲ្យ​ជីវភាព​គ្រួសារ​នេះ កាន់តែ​លំបាក​មែនទែន សូម្បីតែ​ប្រាក់​ជួល​រ៉ឺម៉ក​ម៉ូតូ មកជួប​អ្នកសារព័ត៌មាន​ចំនួន​៣​ម៉ឺន​រៀល ក៏​ត្រូវ​ប្រជាពលរដ្ឋ ជិតខាង​អាណិត​ជួយ​ចេញ​ឲ្យ​ដែរ និង​ក្រោយពី​កិច្ច​សម្ភាសន៍​ចប់ ក្រុម​អ្នក​សារព័ត៌មាន​បាន​រៃ​លុយ​គ្នា បាន​១០​ម៉ឺន​រៀល ឲ្យ​ស្ត្រី​ជា​ភរិយា អ្នក​បើក​គោយន្ត​ធ្វើ​សោហ៊ុយ​ទៅផ្ទះ​វិញ ព្រោះតែ​ក្តី​អាណិតអាសូរ៕

 





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu