កំពង់ស្ពឺ ៖ ជនជាតិអ៊ុយក្រែនម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ពាក់ព័ន្ធករណីបើករថយន្តបុកជាមួយម៉ូតូដាច់ជាពីរកំណាត់ បណ្តាលឲ្យបុរសពីរនាក់ស្លាប់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងលើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ (២-៣) ស្ថិតក្នុងភូមិអំពិលទឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ។
មន្ត្រីនគរបាលបានឲ្យដឹងថា រថយន្តមួយគ្រឿង ម៉ាកលុច្សស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2B-3622 បើកបរដោយជនជាតិអ៊ុយក្រែន មានឈ្មោះ SKYBIN VLADYSLAY ភេទប្រុស អាយុ៣២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E937936 ប្រើប្រាស់ទិដ្ឋាការប្រភេទ E01504604 ផុតសុពលភាព ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ បើកបរមកពីទិសត្បូងទៅជើងក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចខាងលើ បានរេចង្កូតជ្រុលទៅបុកម៉ូតូគ្រឿង ម៉ាកហុងដា សេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-7032 អ្នកបើកបរ ឈ្មោះ ឡេង វុធា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង និងអ្នករួមដំណើរជាមួយ ឈ្មោះ ជា ជីវន្ត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យដាច់ម៉ូតូជាពីរកំណាត់ ស្លាប់ទាំងពីរនាក់ នៅនឹងកន្លែងតែម្តង។
ប្រភពបន្តថា ក្រោយពីកើតហេតុ សពបុរសទាំងពីរនាក់ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្ន វត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments