Ad Code

សេត​វិមាន ​៖ ​លោក ត្រាំ លុបចោល​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង​ព្រោះ​គាត់​ចូលចិត្ត​លោក គីម



ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ​បាន​ប្រកាស​លុបចោល​ទណ្ឌកម្ម​ដែល​ដាក់​ដោយ​ក្រសួង​រតនាគារ​របស់​លោក​ផ្ទាល់​ក្នុង​គោលបំណង​រឹត​បន្តឹង​សម្ពាធ​អន្តរជាតិ​លើ​ប្រទេស​កូរ៉េខាងជើង។

លោក ត្រាំ បាន​និយាយ​ក្នុង Twitter ថា “​វា​ ត្រូវ​បានប្រកាស​នៅថ្ងៃនេះ​ដោយ​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក​ថា ការដាក់ទណ្ឌកម្ម​ទ្រង់ទ្រាយ​ធំ​បន្ថែមទៀត​នឹង​ត្រូវបាន​បន្ថែម​ទៅលើ​ទណ្ឌកម្ម​ដែលមាន​ស្រាប់​រួចទៅហើយ​លើ​ប្រទេស​កូរ៉េខាងជើង។ ថ្ងៃនេះ​ខ្ញុំ​សូម​បញ្ជា​ឲ្យ​ដកចេញ​នូវ​ការដាក់ទណ្ឌកម្ម​បន្ថែម​ទាំងនោះ”។

លោក​បាន​សំដៅ​ទៅលើ​វិធាន​ការដែល​បង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​កំណត់​គោលដៅ​លើ​ក្រុមហ៊ុន​ចិន​ចំនួន​ពីរ​ ដែល​ត្រូវបាន​ចោទ​ប្រកាន់​ថា​ ជួយ​កូរ៉េខាងជើង​ឲ្យ​គេច​ផុតពី​ការ​ដាក់ទណ្ឌកម្ម​អន្តរជាតិ​យ៉ាង​តឹងតែង​ដើម្បី​បង្ខំ​ឲ្យ​ក្រុង​ព្យុងយ៉ាង​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

ពួកគេ​គឺជា​សញ្ញា​ថ្មី​នៃ​ការដាក់​សម្ពាធ​ចាប់តាំងពី​កិច្ចចរចា​រវាង​លោក​ត្រាំ​និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​បាន​បរាជ័យ​នៅ​ទីក្រុង​ហាណូយ​កាលពី​ខែ​មុន។ ទោះបីជា​យ៉ាងណាក៏ដោយ លោក​ត្រាំ​ដែល​ធ្លាប់​និយាយ​ពី “​សេចក្ដីស្រឡាញ់​” ចំពោះ​មេដឹកនាំ​ផ្តាច់ការ​ហាក់ដូចជា​រក្សា​ក្តី​សង្ឃឹមថា ទំនាក់ទំនង​ផ្ទាល់ខ្លួន​ដ៏​ស្និទ្ធស្នាល​របស់លោក​នឹង​ទទួលបាន​ផ្លែផ្កា។

អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​លោកស្រី Sarah Sanders បាន​និយាយថា “​លោក​ប្រធានាធិបតី ត្រាំ​ចូលចិត្ត​លោក​ប្រធាន​គីម​ហើយ​គាត់​មិន​គិត​ថា ការ​ដាក់ទណ្ឌកម្ម​ទាំងនេះ​គឺជា​ការចាំបាច់​នោះទេ​”​។​

ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ អ្នកប្រជាធិបតេយ្យ​ឈ្មោះ Adam Schiff ដែល​ដឹកនាំ​គណៈកម្មាធិការ​ចារកម្ម​នៅ​ក្នុង​សភាតំណាងរាស្ត្រ​បាន​រិះគន់​លោក​ត្រាំ​ចំពោះ​ការលុបចោល​ទណ្ឌកម្ម​ដែល​ទើបតែ​ដាក់​កាលពី​ថ្ងៃ​ម្សិលមិញ។

លោក Schiff បានសរសេរថា “​ភាពល្ងង់ខ្លៅ​គឺមាន​គ្រោះថ្នាក់​។ ភាព​អសមត្ថភាព​និង​ភាព​ច្របូកច្របល់​នៅ​ក្នុង​សេត​វិមាន​ បាន​ធ្វើ​ឲ្យ​វា​កាន់តែ​អាក្រក់​ថែមទៀត​”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu