ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើ និងជំរុញឲ្យអ្នកតំណាងរាស្ត្រទាំងអស់ យកចិត្តទុកដាក់ចុះតាមមូលដ្ឋានភូមិ/ស្រុក សួរសុខទុក្ខ និងជួយដោះស្រាយបញ្ហាកង្វល់របស់ប្រជាពលរដ្ឋ ក្នុងរដូវប្រាំងរាំងស្ងួតនេះ ដែលបានចាប់ផ្តើមជាងមួយខែមកហើយនោះ។ នេះបើតាមប្រសាសន៍ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន រដ្ឋសភា បានលើកឡើងពីកង្វល់ខ្វល់ខ្វាយរបស់ សម្ដេចប្រធានរដ្ឋសភា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ព្រឹកថ្ងៃទី២៦មីនានេះ នៅវិមានរដ្ឋសភា។
លោកអគ្គលេខាធិការរដ្ឋសភាបានបន្តថា បញ្ហាប្រឈមនេះ សម្ដេចប្រធានរដ្ឋសភា បានជំរុញឲ្យអ្នកតំណាងរាស្ត្រទាំងអស់ ចុះតាមភូមិ/ស្រុកក្នុងមណ្ឌលរបស់ខ្លួន ដើម្បីសួរសុខទុក្ខ និងជួយដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ ក្នុងរដូវប្រាំងរាំងស្ងួតនេះ ដោយ សម្តេចប្រធានបានបញ្ជាក់ថា ភាពរាំងស្ងួត ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមជាងមួយខែមកហើយ ហើយភាពរាំងស្ងួតនេះ នឹងបន្តទៅទៀត ធ្វើឲ្យធាតុអាកាសឡើងកម្ដៅខ្លាំង។
សម្តេច បានផ្ដាំផ្ញើ ហើយផ្ដាំផ្ញើទៀត ទៅគណៈកម្មាធិការ សមាជិក សមាជិការដ្ឋសភាទាំងអស់ សុំឲ្យមានឱកាសចុះទៅមូលដ្ឋានរបស់ខ្លួន ដើម្បីសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសបញ្ហាកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ។ ចំពោះបញ្ហាខ្វះអគ្គិសនី រាជរដ្ឋាភិបាល លោក បានសុំអភ័យទោសហើយ ចំពោះការដាច់អគ្គិសនីម្តងៗ ដោយសារយើងមិនទាន់បានមានអគ្គិសនីគ្រប់គ្រាន់។
សម្ដេចប្រធាន ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋមានការអត់ធ្មត់ និងសូមអភ័យទោសផងដែរ ដោយបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ដែលអាចកើតមាននៅក្នុងរដូវរាំងស្ងួតនេះ ទាំងភ្លើងដាំបាយ ភ្លើងអុចធូប ភ្លើងដុតនៅក្នុងព្រៃ ក្នុងចម្ការ ដែលបង្កការឆាបឆេះកើតមានឡើង នាំឲ្យខូចខាតទ្រព្យសម្បត្តិរបស់យើង ដែលត្រូវតែប្រុងប្រយ័ត្នជានិច្ច។
បញ្ហាមួយទៀត សម្តេចក៏សូមឲ្យមានការប្រុងប្រយ័ត្នផងដែរ ចំពោះបញ្ហាខ្យល់កន្ត្រាក់ ហើយសុំឲ្យចេះសន្សំទឹកទុក ដើម្បីជីវិតមនុស្ស សត្វ។ ព្រោះទឹកសំខាន់ណាស់ ជាពិសេសទឹកសម្រាប់ទទួលទាន ដែលជាចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់សត្វពាហនៈ និងសម្រាប់ស្រោចដំណាំដាំដុះ ដែលយើងត្រូវការគ្រប់គ្រងទឹកឲ្យបានល្អ ហើយត្រូវបរិភោគទឹកស្អាតមានអនាម័យ ដើម្បីកុំឲ្យមានជំងឺឈឺស្កាត់ នៅក្នុងរដូវរាំងស្ងួតនេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments