ភ្នំពេញ ៖ ដោយសារតែខាងលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានអះអាងថា ការលើកឡើងរបស់ប្រតិភូក្រសួងយុត្តិធម៌នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែមីនា ថា មានការបកស្រាយមិនច្បាស់លាស់ និងបកស្រាយការពារតុលាការ មិនបានគិតពីភារកិច្ចរបស់ក្រសួងយុត្តិធម៌ ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល ក្នុងការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីនៃប្រព័ន្ធយុត្តិធម៌នោះ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានចេញមកបញ្ជាក់ថា ការលើកឡើងនោះខ្វះការពិត ហើយមានចំណុចមួយចំនួនមិនបានឆ្លុះបញ្ចាំងពីអ្វី ដែលជាគោលជំហរ និងការបកស្រាយរបស់ប្រតិភូក្រសួងយុត្តិធម៌។
តាមរយៈសេចក្តីបំភ្លឺចំនួន២ទំព័រ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សម្តែងការភ្ញាក់ផ្អើលចំពោះសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយក្រសួងបានពិនិត្យឃើញថា មានចំណុចមួយចំនួនមិនបានឆ្លុះបញ្ចាំងពីអ្វី ដែលជាគោលជំហរ និងការបកស្រាយរបស់ក្រសួងឡើយ ហើយមានចំណុចខ្លះជារឿងមិនពិតផងដែរ។ អ្នកនាំពាក្យបន្តថា នៅក្នុងកិច្ចប្រជុំនោះ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏ដូចជាប្រតិភូក្រសួង ទទួលបាននូវសំណួរ និងយោបល់ជាច្រើនពីសមាជិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ហើយក្រសួងក៏បានបកស្រាយជាបន្តបន្ទាប់ដែលនាំឲ្យកិច្ចប្រជុំដំណើរការទៅក្រោមកិច្ចពិភាក្សាយ៉ាងផុលផុស។
ជាមួយគ្នានោះ ក្រសួងយុត្តិធម៌ បានវាយតម្លៃខ្ពស់ចំពោះវេទិកាជំនួបជាមួយឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ហើយយល់ឃើញថា វេទិកានេះបានផ្ដល់នូវឱកាសដល់ក្រសួងយុត្តិធម៌ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល លើវិស័យយុត្តិធម៌ ដើម្បីបានបញ្ជាក់នូវសកម្មភាពការងារ សមិទ្ធផល និងបញ្ហាប្រឈមរបស់ក្រសួង។ មិនតែប៉ុណ្ណោះ ឆ្លងតាមកិច្ចពិភាក្សាក្នុងអង្គប្រជុំនោះ ក្រសួងយុត្តិធម៌ ទទួលបានយោបល់នានា ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលជាការរួមចំណែក ជាធាតុចូលយ៉ាងសំខាន់ ក្នុងការគិតពិចារណាសម្រាប់កិច្ចពិភាក្សា កិច្ចការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ឲ្យកាន់តែប្រសើរឡើង។
ទោះជាយ៉ាងណា នៅក្នុងដំណើរការនៃកិច្ចពិភាក្សានោះ ក្រសួងយុត្តិធម៌បានពិនិត្យឃើញថា មានសំណួរជាលក្ខណៈទូទៅមួយចំនួន រីឯសំណួរមួយចំនួនទៀត គឺពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ស្ថាប័នផ្សេង ដែលមិនមែនជាសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ឡើយ ដូចជាបញ្ហាអំពីពុករលួយជាដើម។ ក្នុងចំណោមនោះ មានសំណួរខ្លះមិនច្បាស់លាស់ និងពាក់ព័ន្ធដល់កិច្ចដំណើរការនីតិវិធីរបស់តុលាការ សាកសួរទៅលើសាលដីការបស់តុលាការតែម្តង ដែលសំណួរលើបញ្ហាជាក់លាក់ទាក់ទងទៅនឹងសំណុំរឿងបែបនេះ ពុំមានកំណត់ក្នុងរបៀបវារៈនៃកិច្ចប្រជុំឡើយ ហេតុនេះក្រសួងពុំអាចមានមូលដ្ឋានដឹងច្បាស់អំពីសំណុំរឿងទាំងនេះទេ គឺទាមទារឲ្យមានការស្រាវជ្រាវច្បាស់លាស់ទើបអាចឆ្លើយតបបាន។
ប្រតិភូក្រសួងយុត្តិធម៌បានពន្យល់បកស្រាយនូវរាល់ចម្ងល់ជាច្រើនរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្នុងក្របខ័ណ្ឌបច្ចេកទេស និងក្របខ័ណ្ឌច្បាប់។ ដោយឡែកសំណួរ ដែលទាក់ទងទៅនឹងករណីសំណុំរឿងនៅស្ថាប័នតុលាការមួយចំនួន ប្រតិភូក្រសួងយុត្តិធម៌បានត្រឹមបកស្រាយជាទិដ្ឋភាពរួមនៃច្បាប់តែប៉ុណ្ណោះ ដោយហេតុថា ស្ថាប័នតុលាការជាស្ថាប័នឯករាជ្យ ហើយក្រសួងត្រូវការពេលវេលាក្នុងការសិក្សាស្រាវជ្រាវ ដើម្បីឲ្យបានដឹងអំពីព័ត៌មានទាក់ទងទៅនឹងសំណុំរឿងជាក់លាក់ ដែលបានលើកឡើង។ ក្នុងន័យនេះ ក្រសួងយុត្តិធម៌រីករាយ និងស្វាគមន៍ ដើម្បីទទួលយកនូវឯកសារពាក់ព័ន្ធនឹងសំណួរទាក់ទងទៅនឹងសំណុំរឿងជាក់លាក់ ដើម្បីធ្វើការស្រាវជ្រាវ និងឆ្លើយតបទៅតាមពេលវេលាសមស្របណាមួយ។
ចំពោះអត្ថបទច្បាប់ ដែលក្រសួងយុត្តិធម៌ បានចែកជួនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នោះ ក្រសួងគ្មានចេតនាអ្វីក្រៅតែពីផ្សព្វផ្សាយលទ្ធផលនៃការតាក់តែងច្បាប់របស់ក្រសួងយុត្តិធម៌នាពេលកន្លងមកនោះឡើយ។ ការចែកឯកសារច្បាប់ទាំងនេះ គឺដើម្បីផ្ដល់នូវការស្វែងយល់លើទិដ្ឋភាពច្បាប់មួយចំនួន ដែលពាក់ព័ន្ធក្នុងវិស័យយុត្តិធម៌។ ម្យ៉ាងដើម្បីផ្ដល់ការយល់ដឹងអំពីប្រព័ន្ធតុលាការកម្ពុជា និងទំនាក់ទំនងរវាងស្ថាប័នតុលាការ និងក្រសួងយុត្តិធម៌។ម្យ៉ាងទៀតចង់បង្ហាញអំពីការការពារដោយរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់នានា អំពីឯករាជ្យភាពនៃអំណាចតុលាការផងដែរ។ ចំពោះការបែងចែកសៀវភៅច្បាប់ និងឯកសារទាំងនេះ ពុំមែនជាកិច្ចការងាររបស់ក្រសួងយុត្តិធម៌ទេ ហើយមន្ត្រីក្រសួងក៏ពុំបានចែកអត្ថបទទាំងនេះទៅឲ្យសមាជិកនៃអង្គប្រជុំនោះទេ ដូច្នេះការលើកឡើងរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះ គឺមិនបង្ហាញអំពីការពិត ហើយមានចេតនាចង់ចោទប្រកាន់លើក្រសួងយុត្តិធម៌ថា ការចែកឯកសារទាំងនេះមានលក្ខណៈជាការបន្ទច់បង្អាក់ទៅវិញ។
អ្នកនាំពាក្យសម្តែងការសោកស្ដាយចំពោះសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងទាំងស្រុងនូវទិដ្ឋភាពកិច្ចប្រជុំ។
តាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅមុនកិច្ចប្រជុំ ក្រសួងបានឃើញអំពីភាពធ្វេសប្រហែសមិនយកចិត្តទុកដាក់របស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលបានសរសេររបៀបវារៈ នៃកិច្ចប្រជុំ និងបានផ្សព្វផ្សាយលើទំព័រ facebook របស់ខ្លួន ដោយបានកំណត់ឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចូលស្រាយអំពីដែនសមត្ថកិច្ចក្រសួងបរិស្ថានទៅវិញ។
ទោះបីជាយ៉ាងណាក្រសួងយុត្តិធម៌ បានវាយតំលៃចំពោះវេទិកានៃជំនួបឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាមួយប្រតិភូក្រសួងយុត្តិធម៌ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែមីនា ហើយស្វាគមន៍ឲ្យមានជំនួបបែបនេះជាច្រើនដងថែមទៀត ដើម្បីអាចឲ្យមានការយល់កាន់តែច្បាស់អំពីបញ្ហាប្រព័ន្ធតុលាការកម្ពុជា ហើយប្រសិនជាមានចម្ងល់ ឬ បញ្ហាជាក់លាក់លើករណីណាមួយ សូមបញ្ជូនឯកសារទាំងនោះមុខក្រសួងយុត្តិធម៌ ដើម្បីឲ្យក្រសួងឆ្លើយតបជាលាយលក្ខណ៍អក្សរ ឬឆ្លើយតបក្នុងកិច្ចជំនួបនាពេលក្រោយទៀតនូវអ្វី ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមីនា មានកិច្ចប្រជុំមួយរវាងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាមួយប្រតិភូមកពីក្រសួងយុត្តិធម៌ ដែលដឹកនាំដោយលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហើយកិច្ចប្រជុំនេះ ដឹកនាំដោយប្រធានប្តូរវេន គឺលោក ហួង ធៀមទៀង ប្រធានគណបក្សខ្មែរសាធារណរដ្ឋ។
ក្រោយកិច្ចប្រជុំនោះ លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានចេញសេចក្តីប្រកាសព័ត៌មានមួយលើកឡើងថា វាគ្មិនរបស់ក្រសួងយុត្តិធម៌ ដែលបានចូលបំភ្លឺនោះ មានលក្ខណៈជាការបង្ហាត់បង្រៀនមេរៀន ទ្រឹស្ដីច្បាប់ តួយ៉ាងដូចជាលើកឡើងពីគោលការណ៍បែងចែកអំណាច និងឯករាជ្យភាពរបស់តុលាការ ដើម្បីសំអាងថា ក្រសួងយុត្តិធម៌មិនអាចលូកដៃចូលបានទេ ប៉ុន្តែបកស្រាយចុះឡើងបែរជាការពារតុលាការទៅវិញ ដោយខកខានលើកឡើងពីភារកិច្ចរបស់ក្រសួងយុត្តិធម៌ ជាសេនាធិការឲ្យរាជរដ្ឋាភិបាល ក្នុងការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាល ចំពោះការទប់ស្កាត់ភាពមិនប្រក្រតីនៃប្រព័ន្ធយុត្តិធម៌ ក៏ដូចជាការការពារដីរបស់រដ្ឋ ដែលរងការទន្ទ្រានយក ដោយខុសច្បាប់ពីបុគ្គលឯកជន។ ដូចជាករណីដីនៅពយម៉ាចូវ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាដើម។ ថែមទាំងអះអាងថា ផ្ដល់តែចម្លើយលើករណីទូទៅតែប៉ុណ្ណោះ ដោយប្រកាសបដិសេធក្នុងការឆ្លើយលើបញ្ហាពីករណីចំៗ ដោយឡែកនីមួយៗរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ទៀតផង។
ការបដិសេធនេះ បានធ្វើឲ្យមានការប្រតិកម្មពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ព្រោះមិនបានឆ្លុះបញ្ចាំងពីខ្លឹមសារនៃបទបញ្ញត្តិចែងក្នុងមាត្រា១០ នៃព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីទទួលស្គាល់ពីភាពមិនប្រក្រតី នៃអំពើពុករលួយរបស់បុគ្គល និងភាពអសកម្មក្នុងប្រព័ន្ធយុត្តិធម៌។ ហេតុផលខាងលើនេះ ញ៉ាំងឲ្យកិច្ចប្រជុំពិភាក្សាពុំសូវបានផ្ដោតខ្លាំងក្នុងការប្រមូលធាតុចូលជាមួយនឹងទស្សនវិស័យ រិះរកវិធានការពង្រឹងនីតិរដ្ឋ និងវិធានការកាត់បន្ថយនូវភាពអសកម្មក្នុងប្រព័ន្ធយុត្តិធម៌ប៉ុន្មានទេ បើប្រៀបធៀបទៅនឹងកិច្ចប្រជុំជាមួយគណៈប្រតិភូក្រសួងបរិស្ថាន និងក្រសួងកសិកម្ម។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងទៀតថា នៅពេលកំពុងចាប់ផ្តើមបើកកិច្ចប្រជុំនោះ មានមន្ត្រីម្នាក់របស់ប្រតិភូក្រសួងយុត្តិធម៌បានយកឯកសារថតចម្លងនៃមាត្រាចំនួន ស្រង់ចេញពីក្រមព្រហ្មទណ្ឌ មកចែកជូននៅក្នុងអង្គប្រជុំ។ មិនដឹងថា ការស្រង់មាត្រាទាំងនេះ និងថតចម្លងចែកជូនអង្គប្រជុំក្នុងក្របខណ្ឌរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងចេតនាអ្វីនោះទេ ព្រោះឯកសារនេះ ក្រសួងពុំបានប្រគល់ជូនលេខាធិការដ្ឋានតាមនីតិវិធីរដ្ឋបាលឡើយ។ មានករណីនេះ ជាដើមចមធ្វើឲ្យប្រតិភូគណបក្សភ្ញាក់ផ្អើល និងតាំងសំណួរភ្លាមៗបណ្ដាក់គ្នា មុននឹងចូលប្រធានបទពិភាក្សា៕
Source: Kampuchea Thmey Daily
0 Comments