ភ្នំពេញ​ ៖ នារី​ម្នា​ក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈ​ដែល​នាង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ ​ហើយ​ត្រូវ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​រ៉ង់​រ៉ូ​វែ​មួយគ្រឿង​ បើក​បោះពួយ​យ៉ាង​លឿន ទៅ​បុក​ខ្ទប់​នឹង​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់​ភ្លាមៗ ហើយ​ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​រត់​គេច​ខ្លួន​បាត់​ស្រមោល​។



ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២៥​នាទី​រសៀល ថ្ងៃ​អង្គា​រ៍ ទី​២៦ ខែមីនា ឆ្នាំ​២០១៩ នៅ​ក្រោយ​ផ្សារ TK ត្រង់​ចំណុច​ផ្លូវបែក​ជា​បួន ផ្លូវ​៥២៨ កែង​ផ្លូវ​៣១៧ ស្ថិត​ក្នុង​សង្កាត់​បឹងកក​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។



ជនរងគ្រោះ​ឈ្មោះ ឌុំ រី​ដា អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែ​កតា​ម៉ាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹក​បិ​ច ពាក់​ស្លាក​លេខ កណ្តាល 1J-5254​។



រថយន្ត​បង្ក​ជា​ប្រភេទ Range Rover ស៊េរី​ទំនើប ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-7777 ។ ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​នារី​ម្នាក់ ជិះ​ម៉ូតូ​ខាងលើ​តែម្នាក់ឯង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៥២៨ ក្នុង​ទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុច​កើតហេតុ ក៏​បត់​ចង្កូត​ទៅ​ជើង​លើផ្លូវ​លេខ​៣១៧ ស្រាប់​តែ​មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក Range Rover ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-7777 ធ្វើដំណើរ​មកពី​ជើង​ទៅ​ត្បូង​លើ​ផ្លូវ​៣១៧ ក្នុង​ល្បឿន​លឿន បាន​ទៅ​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ​បោក​ផ្ទប់​នឹង​ជញ្ជាំង ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួនបាត់​។



បើ​យោង​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​អ្នករស់នៅ​ជិត​កន្លែងកើតហេតុ បានបង្ហាញ​យ៉ាង​ច្បាស់​ថា រថយន្ត​ដែល​បើក​បុក​នោះ គឺ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Range Rover ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-7777។



ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕




Source: Kampuchea Thmey Daily