ភ្នំពេញ ៖ នៅវេលាម៉ោង៧និង ៣០ នាទីព្រឹកថ្ងៃទី៤ ខែមីនាឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំ នៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ -លូក្នុងរាជធានីភ្នំពេញជំហានទី៤។
គម្រោងការពារទឹកជំនន់និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤ នេះមានទំហំទឹក ប្រាក់សរុបប្រមាណ ៣៦លានដុល្លារជាជំនួយឥត សំណងរបស់រដ្ឋាភិបាលជប៉ុន។ គម្រោងនេះរួមមាន ៖ ការដាក់បណ្តាញលូមេនៅក្នុងភូមិ សាស្ត្រខណ្ឌទួលគោកប្រវែងជាង៨ឡូម៉ែត្រ, ដាក់បណ្តាញលូមេនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែងជាង៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដីនិងសាងសង់ស្ថានីយបូម ទឹកនៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា , ដំឡើងរបាមេកានិចស្វ័យប្រវត្តិដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខ ព្រះគន្លង់១, ព្រះគន្លង់២ និង ផ្សារចាស់និងផ្តល់រថយន្តបូមទឹកចល័តចំនួន២គ្រឿង។
គម្រោងសាងសង់សំណង់ផ្សេងៗក្នុងគម្រោងការពារទឹកជំនន់ និង កែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញជំហានទី៤នេះប្រើរយៈពេលប្រមាណជា៣៦ខែដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ខែធ្នូឆ្នាំ២០១៨ ហើយគ្រោងបញ្ចប់នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១។
តាមរយៈកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញជាមួយដៃគូអភិវឌ្ឍន៍នានាជាពិសេសជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICAក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុននោះ បានអនុវត្តន៍គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញចំនួន៣លើក រួចមកហើយ។ តាមរយៈគម្រោងទាំង ៣ កន្លងមកបានជួយឲ្យរាជធានីភ្នំពេញគេចផុតពីការគំរាមកំហែងដោយទឹកជំនន់និងបានជួយកសាងប្រព័ន្ធ លូកាន់តែល្អប្រសើរសម្រាប់រំដោះជំនន់ទឹកភ្លៀង៕
Source: Kampuchea Thmey Daily
0 Comments