បាត់ដំបង ៖ យានដ្ឋានមួយកន្លែង និងលំនៅដ្ឋាន មួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង រួមជាមួយនឹងសម្ភារៈ ទ្រព្យសម្បត្តិយ៉ាងច្រើនផងដែរ បន្ទាប់ពីម្ចាស់យានដ្ឋានបានឮសំឡេងផ្ទុះអ្វីម្យ៉ាង ហើយក៏ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើងតែម្តង។
អគ្គីភិយនេះបានកើតឡើង នៅវេលាម៉ោង០០និង២០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ចំណុចយានដ្ឋាន ជួសជុលរថយន្តមួយកន្លែង ត្រង់ផ្ទះលេខ៣៧៣ ក្រុមទី២១ ភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
យានដ្ឋាននេះសាងសង់ឡើងអំពីឈើប្រក់ស័ង្កសី មានទំហំ ១៤ x ៣០ ម៉ែត្រ របស់ជនរងគ្រោះឈ្មោះ ឈឹម សុធា ហៅ សៅលិញ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាងឡាន មានទីលំនៅចំណុចកើតហេតុខាងលើ ចំណែកសម្ភារៈខូចខាតមិនទាន់អាចធ្វើការកំណត់បានទេនៅភ្លាមៗនោះ។
បើតាមការបញ្ជាក់ពីម្ចាស់យានដ្ឋានបានឲ្យដឹងថា នៅពេលរំលងអធ្រាត្រ ខណៈដែលលោកកំពុងសម្រាកនៅក្នុងបន្ទប់ ស្រាប់តែឮសំឡេងផ្ទុះអ្វីម្យ៉ាង នៅក្នុងយានដ្ឋាន មួយសន្ទុះក្រោយមកក៏ស្រាប់តែមានអណ្តាតភ្លើង បានឆាបឆេះយ៉ាងសន្ធោសន្ធៅឡើងតែម្តង ទើបធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយនៅពេលនោះដែរ បើទោះបីជាមានការអន្តរាគមន៍ពីសំណាក់រថយន្តពន្លត់អគ្គិភ័យ ខេត្តយ៉ាងណាក៏ដោយ ក៏យានដ្ឋានទាំងមូលបានក្លាយជាផេះផង់ទៅហើយ។
ក្រោយពីសមត្ថកិច្ចជំនាញបានចុះពិនិត្យ គឺសង្កេតឃើញថា ការឆាបឆេះនេះបានបង្កឲ្យខូចខាតផ្ទះពលរដ្ឋមួយខ្នងទៀតដែលនៅក្បែរ ឈ្មោះ ភុំ ប៉ារីតា ខាតបង់ជាទឹកប្រាក់ប្រមាណ២៥.០០០ដុល្លារ ដោយសារតែផ្ទះនេះឆេះ ៨០%ទៅហើយ មិនអាចរស់នៅតទៅទៀតបានឡើយ។
ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ និងទំហំ នៃការខូចខាត ម្ចាស់យានដ្ឋានសុំមិនបញ្ចេញនោះឡើយ ដែលគេសង្ស័យថា អាចមានទំហំដ៏មហាសាល ព្រោះប្រភពជាច្រើនបាននិយាយថា នៅបាត់ដំបង មានតែយានដ្ឋានមួយនេះគត់ ដែលមានការកែច្នៃ និងកាត់តរថយន្ត ព្រោះគេសង្កេតឃើញថា នៅផ្នែកខាងក្រោយ នៃយានដ្ឋាន គឺមានកាប៊ីនរថយន្ត និងទ្វាររថយន្ត ដ៏ច្រើនសន្ធឹកសន្ធាប់ ត្រូវបានអគ្គិភ័យបំផ្លាញគ្មានសល់៕
Source: Kampuchea Thmey Daily
0 Comments