បាត់ដំបង ៖ ជនរងគ្រោះម្នាក់ ដែលជាអ្នកបើកបរម៉ូតូវេវ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុត ខណៈដែលកំពុងបើកបរម៉ូតូ ក៏ត្រូវបានម៉ូតូមួយគ្រឿងទៀត ឡើងជែងរថយន្តដោយខ្វះការប្រុងប្រយ័ត្ន មកបុកទាំងកម្រោលតែម្តង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៧ និង១០នាទីយប់ នៅត្រង់ចំណុចក្រុមទី៣០ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង លើផ្លូវក្រាលគ្រួសក្រហម ទៅអាងម៉ាឈិត រវាងម៉ូតូ និង ម៉ូតូ។
យោងតាមប្រភពនៅទីនោះបាននិយាយថា នៅមុនពេលកើតហេតុគឺមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង១AD-០៨៧៩ បើកបរក្នុងទិសដៅពីកើតទៅលិច លុះពេលមកដល់ចំណុចកើតហេតុ ក៏បានឡើងជែងរថយន្ត១គ្រឿង ដែលនៅពីមុខ ហើយក៏ជ្រុលទៅបុកនឹងម៉ូតូម៉ាកហុងដាវ៉េវ (Honda wave )ពណ៌ក្រហម គ្មានស្លាកលេខ ដែលបើកបរក្នុងទិសដៅច្រាសគ្នា បណ្តាលឲ្យស្លាប់ អ្នកបើកបរម៉ូតូវេវ ភ្លាមៗ នៅនឹងកន្លែង។
ក្រោយពីសមត្ថកិច្ចចុះត្រួតពិនិត្យ គឺបានបញ្ជាក់ថា អ្នកបើកបរម៉ូតូបង្ក មានឈ្មោះ តឹង វ៉ាន់ឌី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង រួមជាមួយនឹងអ្នករួមដំណើរបានរងរបួសធ្ងន់ទាំងពីរនាក់ ដោយពួកគេ មិនពាក់មានមួកសុវត្ថិភាព ចំណែកអ្នកបើកបរម៉ូតូម៉ាកហុងដាវ៉េវ ដែលស្លាប់នោះមានឈ្មោះ មាស សំរឹទ្ធ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមិនពាក់មួកដូចគ្នា។
ករណីនេះ ជំនាញធ្វើការវាស់វែង និងដកហូតវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ជាបណ្ដោះអាសន្នហើយ ប៉ុន្តែគេមិនដឹងថា តើលោកអធិការត្រូវបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដែរ ឬក៏យ៉ាងណានោះទេ៕
Source: Kampuchea Thmey Daily
0 Comments