ភ្នំពេញ ៖ បុរសជនជាតិអាមេរិកកាំងម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន និងរកឃើញក្មេងស្រីរងគ្រោះចំនួន៥នាក់ កាលពីល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះម៉ាស្សា យីហោ ស្រីនាង ៨៧១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនជនជាតិអាមេរិកកាំងម្នាក់នេះ កម្លាំងនគរបាលជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការស្រាវជ្រាវស៊ើបអង្កេតជាច្រើនថ្ងៃមកហើយ ទើបចុះឃាត់ខ្លួន ដោយសារជាប់ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ។
ជនបរទេសដែលត្រូវឃាត់ខ្លួនមាន ឈ្មោះ POPE DANNY LEE ហៅរ៉ានី អាយុ៦០ឆ្នាំ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 546245420។
ប្រភពបានឲ្យដឹងថា ក្រោយពេលធ្វើការស្រាវជ្រាវ រកឃើញនារីរងគ្រោះ ចំនួន០៥នាក់ ក្នុងនោះកុមារីជាអនីតិជន ចំនួន០៣នាក់ និងបាននាំខ្លួនជនបរទេសយកមកកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃដើម្បីធ្វើការសាកសួរ។
លទ្ធផល នៃការសាកសួរឃើញថា ជនបរទេសម្នាក់នេះ ពិតជាមានការពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស និងទិញពេស្យាចារកុមារ ត្រូវបានលោកព្រះរាជអាជ្ញាឯកភាពឲ្យនគរបាលឃុំខ្លួនជនសង្ស័យរូបនេះជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។
ចំណែកនារីរងគ្រោះទាំង៥នាក់នោះ ត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញយកទៅអប់រំណែនាំ។ ទោះយ៉ាងណាក្រុមអ្នកព័ត៌មានមិនទាន់បានសាកសួរជនជាប់ចោទដោយផ្ទាល់ ការលើកឡើងខាងលើនេះ ជាលទ្ធផល នៃការសាកសួររបស់សមត្ថកិច្ចជំនាញតែប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments