Ad Code

ឆ្នាំ​២០១៩ គ​.​ជ​.​ប មាន​ផែនការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​ចំនួន​៣៧២,៦២៨ នាក់​



ភ្នំពេញ​ ៖ លោក នុត សុខុម អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹង​ថា តាម​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​ឆ្នាំ​២០១៩ អ្នក​ដែលមាន​អាយុ​ចាប់ពី​១៨ ឡើង​ទៅ​មាន​ចំនួន​១០,១៧៨,៨០៩ នាក់ ហើយ គ​.​ជ​.​ប មាន​ផែនការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​ចំនួន​៣៧២,៦២៨ នាក់ ហើយ​អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​មាន​ចំនួន​៨៨,៦២៦ នាក់ ចំណែក​អ្នក​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៨ មាន​ចំនួន ៨,៥៤៤,៨៨៥ នាក់ ហើយ​ការិយាល័យ​បោះឆ្នោត​ឆ្នាំ​២០១៩ មាន​ចំនួន​២៣,៣៦៤ ការិយាល័យ​។



លោក នុត សុខុម អះអាង​បែបនេះ ខណៈ​លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្តីពី​ការប្រកាស​ផ្សព្វផ្សាយ​ប្រតិទិន នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ និង​ការផ្សព្វផ្សាយ​ស្ថិតិ​ប្រជាពលរដ្ឋ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន នៅ​សាលសន្និសីទ​សារព័ត៌មាន គ​.​ជ​.​ប កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ ដែល​កិច្ចប្រជុំ​នោះ មានការ​ចូលរួម​ពី​តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួង​ព័ត៌មាន ស្ថានទូត​ជប៉ុន អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៦ គណបក្សនយោបាយ ចំនួន​១៤ អង្គភាព​សារព័ត៌មាន​ចំនួន​៨ និង​មន្ត្រី​នៃ​ទីស្តីការ គ​.​ជ​.​ប សរុប​ប្រមាណ​៦០​នាក់​។



តាម​លោក នុត សុខុម ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ នេះ ដូចគ្នា​នឹង​ឆ្នាំ​កន្លងទៅ​ដែរ គឺ​មាន​គោលដៅ​ធានា​ឲ្យ​បញ្ជី​បោះឆ្នោត​មាន​ភាព​ពេញលេញ ភាព​ត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព​ប្រកបដោយ​សុវត្ថិភាព តាមរយៈ​ចុះឈ្មោះ​បោះឆ្នោត​, ការ​កែ​តម្រូវ​ឈ្មោះ ឬ​ទិន្នន័យ​អ្នកបោះឆ្នោត តាម​សំណើ​របស់​សាមីខ្លួន​ដោយ​ផ្អែកលើ​ឯកសារ​សំអាង​ត្រឹមត្រូវ និង​ការ​ស្រង់ និង​លុបឈ្មោះ​អ្នកបោះឆ្នោត​។

ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ នេះ ធ្វើឡើង​សំរាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​សិទ្ធិ​បោះឆ្នោត ហើយ​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​ពីមុន​មក​, ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ (​កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០០១), ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចូលក្នុង​ឃុំ សង្កាត់​ថ្មី ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ សង្កាត់​ដែល​សាមីខ្លួន​ត្រូវ​បោះឆ្នោត​, ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​មរណភាព​, ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ដកហូត​សិទ្ធិ​បោះឆ្នោត​ជា​បណ្តោះអាសន្ន​, ប្រជាពលរដ្ឋ​ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចេញទៅ​ឃុំ សង្កាត់​ផ្សេង ដែល​មាន​ឯកសារ​ជា​សំអាង​ត្រឹមត្រូវ និង​ច្បាស់លាស់ ដើម្បី​លុបចេញ​ពី​បញ្ជី​បោះឆ្នោត​។



ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​អនុប្រធាន ក៏បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ចូលរួម​ដាក់​ភ្នាក់ងារ ឬ​អ្នកសង្កេតការណ៍​របស់​ខ្លួន ដើម្បី​តាមដាន និង​ពិនិត្យមើល​ដំណើរការ​នេះ​នៅតាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ធានា​ការអនុវត្ត​ឲ្យបាន​រលូន និង​ជោគជ័យ និង​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ចូលរួម​សហការ និង​ថែរក្សា ការពារ​សន្តិសុខ និង​ធានាបាន​នូវ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​។

សូម​ជម្រាប​ជូន​ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ ត្រូវ​ធ្វើ​ឡើង​នៅ​តាម​សាលាឃុំ សង្កាត់ និង​នៅតាម​ភូមិ​មួយចំនួន​នៅក្នុង​ឃុំ សង្កាត់ ដែលមាន​រយៈពេល ២២​ថ្ងៃ ដោយ​បែងចែក​ពេលវេលា​ដូចជា គឺ​រយៈពេល​៦​ថ្ងៃ ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៦ ខែឧសភា ចុះឈ្មោះ​នៅតាម​សាលាឃុំ សង្កាត់​, រយៈពេល​១១​ថ្ងៃ ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​១៧ ខែឧសភា ចុះឈ្មោះ​ចល័ត​តាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ សង្កាត់ និង​រយៈពេល​៥​ថ្ងៃ ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​២២ ខែឧសភា ត្រឡប់​មក​ចុះឈ្មោះ​នៅតាម​សាលាឃុំ សង្កាត់​វិញ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu