Ad Code

ឆបោក​ម៉ូតូ​គេ​មិត្តភក្ដិ​ទៅ​បញ្ចាំ​នៅ​កុងស៊ី​ឃ្លាំង​រំសេវ ម្ចាស់​តាមរក​ឃើញ​ចាប់ខ្លួន​យក​មក​ប្រគល់​ឲ្យ​ប៉ូលិស



ភ្នំពេញ​ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៩​ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តឹង​របស់​ជនរងគ្រោះ​ម្នាក់​ចោទប្រកាន់​ពីបទ​រំលោភ​ទំនុកចិត្ត ឆបោក​យក​ម៉ូតូ​គេ​ទៅ​លក់​ក្រោម​រូបភាព​ដាក់បញ្ចាំ​។

​ឈ្មោះ អឹង គៀង​សុង ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ម៉ូ​ឌែ​ន ឡូ​ធឺ​រី មាន​ទីតាំងនៅ​ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង គាត់​ជា​ជន​ដែល​ត្រូវបាន​ឃាត់ខ្លួន​និង​ចោទប្រកាន់​ខាងលើ​។

​ប៉ូលិស​និយាយ​ថា ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ឈ្មោះ​ ឆាយ លាង​ស៊ី​ញ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ សង្កាត់​បឹង​កេងកង​២ ​ខណ្ឌចំការមន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឡូត​ធឺ​រី​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ អឹង គៀង​សុង កំពុងធ្វើការ​នៅក្នុង​ក្រុមហ៊ុន ក៏បាន​សុំ​ខ្ចី​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ ឆាយ ​លាង​ស៊ី​ញ ទៅ​ក្រៅ​មួយ​ភ្លែត​នៅវេលា​ម៉ោង​១១​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៩ ស្រាប់តែ​ទៅ​បាត់​រហូត​មិនឃើញ​យក​ម៉ូតូ​មក​ឲ្យ​វិញ​ហើយ​ទាក់ទង​តាម​ទូរ​ស័ព្ទ​ក៏​ពុំបាន​។ ជនរងគ្រោះ​ក៏បាន​ទៅ​ដាក់ពាក្យ​ប្តឹង​ទុក​នៅ​ទី​ស្នាក់​ការ​ប៉ូលិស​ប៉ុ​ស្តិ៍​គោក​ឃ្លាង​ឲ្យ​ជួយ​អន្តរាគមន៍​ស្វែងរក​ម៉ូតូ​របស់​គាត់​ម៉ាក​Duke​ពាក់​ស្លាក​លេខ​1CK-0777 ដែល​ត្រូវបាន​គេ​ឆបោក​យកទៅ​បាត់​នោះ​។

ក្រោយ​រសៀល​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩ ជនរងគ្រោះ​បាន​ប្រទះឃើញ​ជន​សង្ស័យ​កំពុង​ដើរ​តាម​ផ្លូវ​នៅ​ម្តុំ​សំណង់​១២ ក៏​ឃាត់​យកមក​ប្រគល់​ឲ្យ​ប៉ូលិស​តែ​ម្តង​។

ជនសង្ស័យ​ឈ្មោះ​អឹង គៀង​សុង បាន​សារភាព​ថា ម៉ូតូ​នោះ​ត្រូវ​បាន​ខ្លួន​ឲ្យ​បក្ខ​ពួក​យក​ទៅ​លក់​ក្រោម​រូប​ភាព​ដាក់បញ្ចាំ​នៅ​កុងស៊ី​មួយកន្លែង​នៅ​ម្តុំ​ឃ្លាំង​រំសេវ​ខណ្ឌទួលគោក បាន​ចំនួន​៧០០​ដុល្លារ​ចែក​គ្នា​ចាយ​អស់ហើយ​។

បច្ចុប្បន្ន​អំពើ​លួច​ប្លន់​ឆបោក​យក​ម៉ូតូ​ប្រជាពលរដ្ឋ​ភាគច្រើន​យក​ទៅ​លក់​ឲ្យ​ហាង​កុងស៊ី​ក្រោម​រូប​ភាព​ដាក់បញ្ចាំ​រាប់​រយ​ករណី ​ហើយ​មិន​មាន​អ្នកធ្វើ​អី​ម្ចាស់​កុងស៊ី​រកស៊ី​ទទួលផល​ចោរកម្ម​នោះបាន​ឡើយ​ដែល​ធ្វើអោយ​មហាជន​អស់ជំនឿ​ទៅលើ​សមត្ថកិច្ច​និង​តុលាការ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu