Ad Code

ចក្រភព​អង់គ្លេស​នឹង​រៀបចំ​ការបោះឆ្នោត​ជា​លើក​ទី​បី​នៅក្នុង​វិបត្តិ Brexit



​នៅ​ថ្ងៃ​សុក្រ នាយករដ្ឋមន្ត្រី​លោកស្រី Theresa May នឹងដាក់កិច្ចព្រមព្រៀង Brexit ដែល​ត្រូវ បាន​ច្រានចោល​ពីរដងរួចមកហើយ​នោះ​សម្រាប់​ការបោះឆ្នោត​សភា​ជា​លើក​ទី​បី​នៅ ក្នុង​ការប៉ុនប៉ង​ថ្មី​ដើម្បី​ចៀសវាង​ការចាកចេញ​ដ៏​វឹកវរ​ពី​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​២​សប្ដាហ៍​ខាងមុខ​។

​ការប៉ុនប៉ង​របស់លោក​ស្រី May បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ការប្តេជ្ញាចិត្ត​របស់លោក​ស្រី​ដើម្បី​លាលែង​ពី​តំណែង​ក្នុង​គោលបំណង​បញ្ចុះបញ្ចូល​គូប្រជែង​របស់លោក​ស្រី​ឲ្យ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់ លោក​ស្រី​ក្នុងការបំបែក​សមាជិកភាព​រយៈ​ពេល​៤៦​ឆ្នាំ​របស់​ប្រទេស​អង់គ្លេស​ក្នុង​ប្លុក​នេះ​។

​លោកស្រី Andrea Leadsom តំណាង​រដ្ឋាភិបាល​នៅក្នុង​សភា​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការបោះឆ្នោត​ថ្មី​នេះ​បានផ្តល់​ឱកាស​ដល់​សមា​ជិ​ក​សភា​ដែល​បះបោរ​ដើម្បី​ធានា​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​២២​ខែឧសភា​។

​លោកស្រី​បាន​ប្រាប់​សមាជិកសភា​ថា “​ខ្ញុំ​សូម​លើកទឹកចិត្ត​សមាជិកសភា​ទាំងអស់​ឲ្យ​គាំទ្រ​វា​និង​ធានាថា យើង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដោយ​ផ្តល់​ឲ្យ​ប្រជាជន​និង​អាជីវកម្ម​នូវ​ភាពច្បាស់លាស់​ដែល​ពួកគេ​ត្រូវការ​”​។

​រដ្ឋាភិបាល​សង្ឃឹមថា ការរៀបចំ​ការបោះឆ្នោត​នៅ​ថ្ងៃ​ដែល​ចក្រភព​អង់គ្លេស​ត្រូវ​ចាក​ចេញពី​ប្លុក​នេះ​គឺអាច​យកឈ្នះ​លើ​សមាជិកសភា​ដែល​នៅតែមាន​ការសង្ស័យ​។

​ប្រធានសភា​លោក John Bercow បាន​សម្តែង​ការយល់ព្រម​របស់លោក​ដើម្បី​រៀបចំ​ការបោះឆ្នោត​នេះ​បន្ទាប់ពី​លោក​បាន​ច្រានចោល​ការប៉ុនប៉ង​ស្រដៀង​គ្នា​នេះ​កាលពី​សប្តាហ៍​មុន​។
​ការបោះឆ្នោត​សភា​មួយ​ផ្សេងទៀត​នឹងត្រូវ​បានទាមទារ​មុនពេល Brexit អាចធ្វើ​ទៅបាន​។

​ការបរាជ័យ​ណាមួយ​ដោយ​សមាជិកសភា​ដើម្បី​អនុម័ត​កតិកាសញ្ញា​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ឆ្នាំមុន​ដោយ​លោកស្រី May និង​មេដឹកនាំ​សហភាព​អ៊ឺរ៉ុប​ចំនួន​២៧​រូប​អាច​នាំ​ឲ្យ​មាន​សេណា​រី​យ៉ូ “Brexit ទាំង​គ្មាន​កិច្ចព្រមព្រៀង​” នៅ​ថ្ងៃ​១២​ខែមេសា​។


​ចក្រភព​អង់គ្លេស​អាច​នឹង​ព្យាយាម​បញ្ចៀស​ការចាកចេញ​ដោយ​ការស្វែងរក​ការពន្យារពេល​យូរ​ទៀត​ដែល​នឹង​បង្ខំ​ឲ្យ​ប្រទេស​នេះ​ចូលរួម​ក្នុងការ​បោះឆ្នោត​សភា​អឺរ៉ុប​ក្នុង​ខែឧសភា​៕ AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu