Ad Code

មេបញ្ជាការ​ទ័ព​ជើង​គោក​កម្ពុជា​ ជួប​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​តំណាង​និស្សិត ​ដែល​កំពុង​សិក្សា​នៅ​សហព័ន្ធ​រុស្ស៊ី



ឆ្លៀតពេល​ដ៏​មមាញឹក​នៃ​ដំណើរ​ទស្សនកិច្ច​នៃ​គណៈប្រតិភូ​កងទ័ពជើងគោក​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង​នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ បាន​ជួប​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​តំណាង​និស្សិត​ដែល​កំពុង​សិក្សា​នៅ​តាម​សាលា​យោធា​នៃ​សហព័ន្ធ​រុស្ស៉ី​នៅ​ល្ងាច​ថ្ងៃទី ២៧ ខែមីនា ឆ្នាំ​២០១៩​នៅ​រដ្ឋធានី​មូស្គូ។

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានបង្ហាញ​នូវ​មោទនភាព និង​ការ​កោតសរសើរ​ចំពោះ​និស្សិត​ដែល​បាន​ខិតខំ​រៀន​សូត្រ និង​មាន​ឱកាស​បន្ត​ការសិក្សា​នៅ​ប្រទេស​រុស្ស៊ី ដែល​នេះ​គឺជា​ការបង្ហាញ​នូវ​សមត្ថភាព​កូន​ខ្មែរ​នៅលើ​ឆាក​អន្តរជាតិ។

ឧ​ត្ត​ម​សេនីយ៍​ឯក បាន​ផ្ដល់​នូវ​បទពិសោធន៍ និង​ការលើកទឹកចិត្ត​និស្សិត​ខ្មែរ​ទាំងអស់​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​តស៊ូ អត់ធ្មត់ សិក្សា​រៀនសូត្រ​ឱ្យ​ទទួលបាន​ជោគជ័យ​ដើម្បី​ជា​មោទនភាព​ខ្លួនឯង​ផង​គ្រួសារ និង​សង្គមជាតិ ហើយ​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ នៅពេលដែល​ត្រឡប់​ទៅ​មាតុភូមិ​វិញ។

មេបញ្ជាការ​កងទ័ពជើងគោក​រូប​នេះ បាន​បញ្ជាក់​ថា ​ឱកាស​ដែល​និស្សិត​កំពុង​សិក្សា​នៅក្នុង​ប្រទេស​រុស្ស៊ី និង​ប្រទេស​ដទៃទៀត​គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ថ្នាក់ដឹកនាំ​បណ្ដា​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក និង​បាន​ស្នើសុំ​ឲ្យ​បណ្តា​ប្រទេស​ទាំងអស់នោះ​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​របស់​កម្ពុជា។

តំណាង​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​រុស្សី បាន​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្តល់ឱកាស​ឱ្យ​និស្សិត​ខ្មែរ​បាន​សិក្សា​រៀនសូត្រ​នៅ​ប្រទេស​រុស្ស៊ី​។

តំណាង​និស្សិត​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​ដែល​បាន​ឆ្លៀតពេល​ដ៏​មមាញឹក​ជួប​សួរសុខទុក្ខ និង​សំណេះសំណាល​ផ្ដល់​បទពិសោធន៍​លើកទឹកចិត្ត​ដល់​និស្សិត​ខ្មែរ ដែល​នេះ​គឺជា​ការគិតគូរ​យកចិត្ត​ទុកដាក់​ចំពោះ​សុខទុក្ខ និង​ការសិក្សា​រៀនសូត្រ​របស់​និស្សិត​ខ្មែរ​នៅក្រៅ​ប្រទេស៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu