Ad Code

កុមារ​ ត្រូវមាន​ការយល់ដឹង ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​គោក​ ដើម្បី​បំ​ណិ​ន​ជីវិត​ក្នុង​ពេល​អនាគត​



កំពង់ស្ពឺ ៖ កាលពី​ថ្ងៃទី​២៨ ​ខែ​មីនា ឆ្នាំ​២០១៩ នៅ​សាលាបឋមសិក្សា​ត្រពាំង​ព្នៅ​មាន​រៀបចំ​ការអប់រំ និង​ផ្សព្វផ្សាយ​ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​ប្អូន​សិស្សានុសិស្ស​ប្រមាណ​២០០​នាក់ ដោយ​មាន​ការចូលរួម​ពី លោក ​ពា គីម​វង ទីប្រឹក្សា​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោកគ្រូ អ្នកគ្រូ និង​សិស្ស​សានុសិស្ស​ផងដែរ។​

បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ គឺជា​ក្តីកង្វល់​របស់​រាជរដ្ឋាភិបាល​កម្ពុជា គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ របួស ពិការ និង​ខូចខាត​សម្ភារៈ​អស់​ជាច្រើន ហើយ​ក្នុងចំណោម​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៨​ មាន​ចំនួន​ប្រមាណ​ជិត​២០០០​នាក់ ហើយ​ស្ទើរ​ជា​រៀងរាល់ឆ្នាំ ​ប្រទេស​កម្ពុជា ​ខាតបង់​ថវិកា​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ​អាមេរិក​ដោយ​បញ្ហា​នេះ​។

ដោយឡែក ​កត្តា​ចម្បង ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ គឺ​កត្តា​មនុស្ស ដែល​រួមមាន​ការបើកបរ​លើស​ល្បឿន​កំណត់ ការហូប​គ្រឿង​ស្រវឹង ការ​វ៉ា​ជែង ការបត់​ក្នុងស្ថានភាព​គ្រោះថ្នាក់ ការ​មិន​គោរព​សិទ្ធិ​អាទិភាព ការមិន​ពាក់មួក​សុវត្ថិភាព និង​ការមិន​យកចិត្តទុកដាក់​លើ​បញ្ហា​បច្ចេកទេស​យានយន្ត​ជាដើម​។ ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​តាមរយៈ​អង្គភាព​ស្ថាបនា​ផ្លូវថ្នល់​(MPU3) បាន​ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដល់​មន្ត្រី​ថ្នាក់ស្រុក ឃុំ និង​លោកគ្រូ​អ្នកគ្រូ សិស្ស​នុ​សិស្ស ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ខ្សែ​ផ្លូវ ​នៃ​គម្រោង​កែ​លម្អ​ផ្លូវ។​

សាលាបឋមសិក្សា​ត្រពាំង​ព្នៅ​ស្ថិតនៅ​ក្នុងភូមិ​ស្នួល ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ស្ថិតនៅ​លើ​ផ្លូវ​លេខ​១៥១B​ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥៣ ​ក្នុងស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង ទៅ​ផ្លូវជាតិ​លេខ​៤៤​ក្នុង​ខេត្តកំពង់ស្ពឺ​។​

នៅក្នុង​ឱកាស ​នៃ​ពិធី​បើក​កម្មវិធី​ លោក ពា គីម​វង ទីប្រឹក្សា​ នៃ​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក៏បាន​ប្រាប់​ពី​គោលបំណង​នៃ​ការអប់រំ និង​ផ្សព្វផ្សាយ​នេះ​ថា ការរៀបចំ​ឲ្យ​មាន​ការអប់រំ និង​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅពេលនេះ ​គឺ​ក្នុង​គោលបំណង​ចូលរួម​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​កំពុង​គំ​រាប​កំហែង​អាយុជីវិត​អ្នកប្រើប្រាស់​ផ្លូវ និង​ធ្វើ​ឲ្យ​មាន​ការរាំងស្ទះ​ដល់​កិច្ច​អភិវឌ្ឍន៍​ប្រទេសជាតិ​ និង​បង្កើន​ចំណេះដឹង​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដែលជា​មេរៀន​បំ​ណិ​ន​ជីវិត​សម្រាប់​ក្មួយៗ​សិស្សានុសិស្ស​។ លោ​កថា​ពេលនេះ​លោក​បាន​លើកយក​ប្រធានបទ​ចំនួន​ពីរ​ដើម្បី​ចែករំលែក​ដល់​ប្អូនៗ ​គឺ​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​កង់ និង​ការ​ដើរ​ប្រកបដោយ​សុវត្ថិភាព​។​

លោក​បាន​បន្ថែមថា កម្មវិធី​នេះ ពិតជា​មាន​សារៈសំខាន់​សម្រាប់​អ្នកប្រើប្រាស់​ផ្លូវ ដូចជា​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្ដោយ​ខ្សែ​ផ្លូវ​ពិសេស​សិស្សានុសិស្ស​ ព្រោះ​ពួកគេ​ជា​អ្នក​ប្រើប្រាស់​កង់ និង​ជា​ថ្មើរជើង​ដែល​ជា​ជន​ដែល​ងាយ​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​។

លោក​បាន​បន្ថែមថា ​ផ្លូវ មូលហេតុ​ចម្បង ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ​គឺ​ការបើកបរ​ហួស​ល្បឿន​កំណត់​ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​កង់ និង​ថ្មើរ​ជាង​រងគ្រោះ ព្រោះថា​កា​បង្កើនល្បឿន​បើកបរ​ នៃ​រថយន្ត​បន្តិច​តែ​ឱកាស​ស្លាប់​នៃ​ថ្មើរជើង​រហូត​៨០% ព្រោះ​កុមារ​មិនអាច​ទ្រាំទ្រ​ចំពោះ​កម្លាំង​ប៉ះទង្គិច​របស់​រថយន្ត​ឡើយ​។ ជាមួយគ្នានេះដែរ លោក​ គីម ​វង បាន​សំណូមពរ​ឲ្យ​លោកគ្រូ អ្នកគ្រូ​ជួយ​ជំរុញ និង​ណែនាំ​ឲ្យ​កុមារ​កុំ​ឲ្យ​ដើរ​លើ​ទ្រូងផ្លូវ បើ​ផ្លូវ​គ្នា​ ចិញ្ចើម ឬ​ជាយ​ផ្លូវ​កុមារ​ត្រូវ​ដើរ​បញ្ច្រាស​ទិស​ចរាចរណ៍​ដែល​ថ្មើរជើង​អាច​មើលឃើញ​យាន​មកពី​ទិស​ផ្ទុយ ដែល​អាច​ការពារ​ខ្លួន​បាន​ពី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu