Ad Code

បញ្ជូន​យុវតី​បើក​រថយន្ត​Range Rover​បុក​និស្សិត​ស្លាប់​មក​តុលាការ​​ បន្ទាប់ពី​ឪពុក​នាំទៅ​ប្រគល់​ជូន​នគរបាល



ភ្នំពេញ​ ៖​ បន្ទាប់ពី​លោក​យិន ហ្គិ​ច ជា​ឪពុក​ បាន​នាំ​ខ្លួន​កូនស្រី​ទៅ​ប្រគល់​ជូន​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់ ភ្លាមៗ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ ​ជនសង្ស័យ​ឈ្មោះ យិន ម៉ា​ណា ដែលជា​តៃកុង​រថយន្ត Range Rover ស្លាក​លេខ 7777 បុក​និស្សិត​ឈ្មោះ ឌុំ រី​ដា ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​តុលាការ​ចាត់ការ​តាមច្បាប់។

ពាក់ព័ន្ធ​ករណី​នេះ លោក សែម គ​ន្ធា ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់ អ្នកសារព័ត៌មាន​ថា សំណុំរឿង​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង និង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​ កាលពី​រសៀល​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩​ម្សិលមិញ។

សូម​ជម្រាបជូន​ថា បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កដោយ ឈ្មោះ យិន ម៉ា​ណា បាន​បើករថយន្ត ម៉ាក Range Rover ព័ណ៌ ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-7777 បុក​ជនរងគ្រោះ​ឈ្មោះ ឌុំ រី​ដា ស្លាប់​កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ លោក យិន ហ្គិ​ច ជា​ឪពុក​ជនបង្ក​បាន​ព្យាយាម​ដោះស្រាយ និង​ទទួលខុសត្រូវ​ដោយបាន​ចូល​បុណ្យសព​ជនរងគ្រោះ​ចំនួន ៥០០០​ដុល្លារ។

បន្ទាប់ពី​ចូល​បុណ្យ​សព លោក យិន ហ្គិ​ច បាន​នាំ​ខ្លួន​កូនស្រី​ទៅ​ប្រគល់​ជូន​សមត្ថកិច្ច​ជំនាញ​ដើម្បី​ចាត់ការ​តាមច្បាប់ និង​ទទួលខុសត្រូវ​ចំពោះ​សំណង​ជំងឺ​ចិត្ត​ទៅ​គ្រួសារ​ជនរងគ្រោះ​ថែម​ទៀត​ផង។

ទោះជា​យ៉ាងណា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នេះ​ត្រូវបាន​មហាជន​រិះគន់ និង​សម្តែង​ក្តី​ខឹងសម្បា​ និង​ទទូច​ឲ្យ​មាន​ការ​ចាត់​ផ្លូវច្បាប់​លើ​ជន​បង្ក​ឲ្យ​សក្ដិសម​នឹង​កំហុស ដើម្បី​ទុកជា​ការព្រមាន​ដល់​អ្នកបើកបរ​ដទៃទៀត។

សូម​រំលឹក​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ខាងលើ​បង្កឡើង​ដោយ​ឡាន Range Rover ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-7777 បើក​លឿន​ទៅបុក ជនរងគ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​គុប​ជ្រុង​នៅ​ចំណុច​ផ្លូវបំបែក​ជា​៤ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។

ក្រោយ​បង្កហេតុ តែ​កុង​រថយន្ត​បាន​ព្យាយាម​បើក​រត់គេចខ្លួន ប៉ុន្តែ​សំណាងល្អ​ដែលមាន​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​បាន​ថត​ជាប់​ស្លាក​លេខ​រថយន្ត​រហូត​សមត្ថកិច្ច​អាច​កំណត់​មុខសញ្ញា​ម្ចាស់​រថយន្ត​ខាងលើ​បាន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu