Ad Code

រាជ​បណ្ឌិត្យសភាកម្ពុជា ចុះ​MOU​ជាមួយ​ស៊ុយអែត​អភិរក្ស​និង​អភិវឌ្ឍន៍​តំបន់​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឬ​ស្សី​ត្រឹប​



ភ្នំពេញ ៖ ដើម្បី​ធ្វើការ​អភិរក្ស​និង​អភិវឌ្ឍន៍​តំបន់​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឬ​ស្សី​ត្រឹប នៅក្នុង​ទឹកដី​ខេត្តព្រះវិហារ​ឲ្យ​កា្លយ​ជា​តំបន់​ទេសចរណ៍​អេកូ​ទេសចរណ៍​និង​វប្បធម៌​ដ៏​ទាក់ទាញ​មួយ​នៅ​កម្ពុជា នាពេល​ខាងមុខនេះ​ រាជបណ្ឌិត្យសភាកម្ពុជា​ កាលពី​រសៀល​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០១៩​ បាន​ចុះ​អនុសារណៈ​យោគយល់​MOU ជាមួយនឹង​The Room Design Studio របស់​ប្រទេស​ស៊ុយអែត។

ក្នុង​ពិធី​ចុះហត្ថលេខា ​ដែល​បានធ្វើ​ឡើង​នៅ​រាជបណ្ឌិត្យសភាកម្ពុជា រាជធានី​ភ្នំពេញ លោក បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ឲ្យ​ដឹងថា តំបន់​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឬ​ស្សី​ត្រឹប​មាន​ផ្ទៃក្រឡា​ប្រមាណ​១១៤៣៥​ហិកតា ដោយ​ក្នុងនោះ​មាន​បង្កប់​នូវ​លក្ខណៈពិសេសៗ​ជាច្រើន​ពោលគឺ ជាទី​តាំង​ស្លដែក ដើម្បី​ផលិត​ជា​សព្វាវុធ​បុរាណ ផ្សេងៗ​កាលពី​សម័យអង្គរ ហើយ​បច្ចុប្បន្ន​ក៏មាន​បន្សល់ទុក​នូវ​ព្រៃស្រោង​ជាច្រើន និង​ប្រភេទ​សត្វព្រៃ​ដ៏​កម្រ​ជាច្រើន​ប្រភេទ​ផងដែរ ដែល​អាច​ឲ្យ​យើង​ប្រែក្លាយ​តំបន់​នេះ​ទៅជា​តំបន់​អេកូ​ទេសចរណ៍​និង​វប្បធម៌​ដ៏​ទាក់ទាញ​សម្រាប់​ពេលអនាគត។

លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច បាន​ឲ្យ​ដឹង​ដែរ​ថា តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​រាជបណ្ឌិត្យសភាកម្ពុជា ដោយ​ប្រើពេល​ដំបូង​ត្រឹមតែ​៤​ថ្ងៃ​ប៉ុណ្ណោះ​យើង​បាន​រកឃើញថា នៅ​តំបន់​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឬ​ស្សី​ត្រឹប មាន​សត្វព្រៃ​កម្រ​ចំនួន​ប្រមាណ​១៤៨​ប្រភេទ ទៅហើយ ដោយ​ក្នុងនេះ​យើង​ជឿថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​គ្នា​នេះ ​នឹងធ្វើ​ឲ្យ​មាន​ភាពប្រសើរឡើង​នូវ​ផ្នែក​បរិស្ថាន និង​ទេសចរណ៍ ពិសេស នឹង​ជួយ​បង្កើត​ឲ្យ​មាន​និរន្តភាព​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​នេះ ​ហើយ​យើង ក៏​អាច​ឈានទៅ​រៀបចំ​តំបន់​នេះ​ឲ្យ​ក្លាយ​ជា​ភូមិ​គំរូ​បាន​ប្រសើរ​ផងដែរ។

លោក Love Englund នាយក​ក្រុមហ៊ុន​The Room Design Studio ក៏បាន​លើកឡើង​ឲ្យ​ដឹង​ដែរ ថា តាមរយៈ​បទពិសោធន៍​នៃ​ការរស់នៅ​ក្នុងប្រទេស​ចិន និង​ប្រទេស​មួយចំនួនទៀត​ក្នុង​តំបន់​អាស៊ី អស់​រយៈពេល​១៥​ឆ្នាំកន្លងមក​លោក និង​ភរិយា បានកត់សំគាល់​ឃើញថា ប្រទេស​កម្ពុជា បាន​ទាក់ទាញ​ចិត្ត​លោក​និង​ភរិយា​ខ្លាំងណាស់ សម្រាប់​ការរួមចំណែក​អភិវឌ្ឍន៍​និង​អភិរក្ស​លើ​ផ្នែក​បរិស្ថាន និង​ទេសចរណ៍​នេះ​។​ ជាមួយនឹង​ការ​គិតគូរ​ដែល​ផ្តោត​សំខាន់​លើ​ការរស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់ និង​ការការពារ បរិស្ថាន​ធម្មជាតិ​នេះ​លោក Love Englund សង្កត់ធ្ងន់ថា ការដាំ​ដើមឈើ​បន្ថែម​ជា​កត្តាចាំបាច់ ដោយ​ក្នុងនេះ​លោក នឹង​នាំយក​រូបមន្ត​នៃ​ការអភិរក្ស​និង​អភិវឌ្ឍន៍​នៅ​ប្រទេស​ស៊ុយអែត​ដើម្បី​មក​អនុវត្ត​ផងដែរ ជាមួយ​ការចាប់ផ្តើម​គំរោង​ដំបូង​សំរាប់​ការធ្វើ​ថ្នាល ដើម្បី​ដាំ​កូនឈើ​នោះ ក្រុមហ៊ុន​The Room Design Studio គ្រោង​ចំណាយ​ទុន​ប្រមាណ​៥​ម៉ឺន​ដុល្លារ​អាមេរិក​។​

លោកស្រី Maria Sargren ឯកអគ្គរដ្ឋទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា ក៏បាន​បង្ហាញ​ពី​ក្តីសង្ឃឹម​ផងដែរ​ថា តាមរយៈ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ តំបន់​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឬ​ស្សី​ត្រឹប នឹង​ទទួលបាន​នូវ​ការលើកស្ទួយ​ផ្នែក​បរិស្ថាន និង​ទេសចរណ៍​កាន់តែ​ល្អប្រសើរ​ជាក់​ជាមិនខាន ពិសេស ក្រោយពេល​គម្រោង​ដំណើរការ​បានល្អ​នោះ តំបន់​នេះ​នឹង​ក្លាយជា​តំបន់​ដែលមាន​សក្តានុពល​លើ​ការទាក់ទាញ​ភ្ញៀវ​សម្រាប់​វិស័យ​អេកូ​ទេសចរណ៍​នៅ​កម្ពុជា បាន​កាន់តែច្រើន​ទៀត​៕
​ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu