Ad Code

ក្រសួង​អភិវឌ្ឍន៍​ជនបទ ប្រារព្ធ​ទិវា​ទឹក​ពិភពលោក​លើក​ទី​២៦



ភ្នំពេញ ៖ លោក នួន ដា​ញ៉ិល រដ្ឋលេខាធិការ​តំណាង លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​អញ្ជើញ​ជា​អធិបតី ប្រារព្ធ​ទិវា​ទឹក​ពិភពលោក​លើក​ទី​២៦ ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៩។​
​ ​
លោក ស្រ៊ិ​ន ពុ​ទ្ធី ប្រធាន​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ​ នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​បញ្ជាក់​ថា ដោយមាន​ការឧបត្ថម្ភ​គាំទ្រ​ទាំង​សម្ភារៈ និង​ថវិកា​ពី​បណ្ដា​អង្គការ​ដៃគូ​អភិវឌ្ឍន៍​វិស័យ​ទឹក​ស្អាត ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​រៀបចំ​ប្រារព្ធ​ទិវា​ទឹក​ពិភពលោក​លើក​ទី​២៦ ឆ្នាំ​២០១៩ ក្រោម​ប្រធាន​បទ ''​ប្រជាពលរដ្ឋ​នៅ​ជនបទ​គ្រប់រូប​ត្រូវ​ទទួលបាន​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត " ជា​ប្រធាន​បទ​ដែល​អង្គការ​សហប្រជាជាតិ​បាន​កំណត់ និង​យក​ថ្ងៃទី ២២ ខែ​មីនា ជា​រៀងរាល់​ឆ្នាំ​សម្រាប់​ប្រារព្ធ​ទិវា​នេះ​តាំងពី​ឆ្នាំ​១៩៩៣ មក។ ទិវា​នេះ ​មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ពី​សារៈសំខាន់​ នៃ​ការ​ការពារ​ទឹក​ឲ្យ​មាន​សុវត្ថិភាព​ជាទូទៅ រួមមាន ​៖ ទី​១-​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​អំពី​តម្រូវការ​ទឹក​សុវត្ថិភាព​សម្រាប់​ប្រើប្រាស់ និង​ការ​អនុវត្តន៍​អនាម័យ​។ ​ទី​២-​លើកទឹកចិត្ត​បុគ្គល និង​គ្រួសារ​ឲ្យ​ធ្វើការ​ការពារ និង​កែ​លម្អ​ប្រភពទឹក និង ទុកដាក់​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​កើត​ជំងឺឆ្លង​ដាយ​សារ​ទឹក​។ ​ទី​៣-​រក​ការ​គាំទ្រ​ពី​គ្រប់​ស្ថាប័ន​រាជ​រដ្ឋាភិបាល​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម ​នៃ​ការបំពុល​ប្រភពទឹក​ដែល​។​ ទី​៤-​ធ្វើការ​ស្វែងរក​ការ​គាំទ្រ​ប្រភព​ទឹកស្អាត​ប្រកបដោយ​និរន្តរភាព ក្នុងប្រទេស​កម្ពុជា​។
​ ​
បន្ទាប់ពី​ចំណាប់អារម្មណ៍​របស់​តំណាង​អង្គារ​យូ​នី​សេ​ហ្វ រួចមក លោក នួន ដា​ញ៉ិល បាន​បញ្ជាក់​ថា ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ដាក់ចេញ​នូវ​ទស្សនវិស័យ​របស់​គោលនយោបាយ​ជាតិ​ស្ដីពី​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ថា​ ៖ ”​នៅ​ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​គ្រប់រូប​នៅ​សហគមន៍​ជនបទ​ត្រូវ​ទទួល​បាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​គ្រប់គ្រាន់ ​ព្រមទាំង​រស់នៅក្នុង​បរិស្ថាន​ដែល​មាន​អនាម័យ​ប្រកបដោយ​និរន្តរភាព“។ ក្រសួង​ក៏បាន​រៀបចំ​ផែនការ​សកម្មភាព​ជាតិ និង​ខេត្ត​សម្រាប់​រយៈពេល​មធ្យម​(២០១៤-២០១៨)​ ដែល​បាន​កំណត់​ថា ប្រជាពលរដ្ឋ​នៅ​ជនបទ​ត្រូវ​ទទួល​បាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ៦០%។ ជាមួយនេះ​ផែនការ​សកម្មភាព​ជាតិ​ជំហាន​ទី​២ (២០១៩-២០២៣)​ដែល​បានកំណត់​ទិសដៅ​ថា ប្រជាពលរដ្ឋ​នៅ​ជនបទ​ត្រូវ​ទទួលបាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ៩០% ស្រប​ពេលដែល​បច្ចុប្បន្ន​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ជនបទ​បាន​ទទួល​សេវា​តឹក​ស្អាត និង​អនាម័យ ៦៨% រួចទៅហើយ។
​ឯកឧត្ដម​បាន​បន្តថា នៅលើ​ពិភពលោក​មាន​មនុស្ស ៦៦៣ លាន​នាក់ ​ដែល​រស់នៅ​គ្មាន​ប្រភពទឹក​នៅ​ជិត​ផ្ទះ ហើយ​មាន​មនុស្ស ១,៨ ពាន់​លាន​នាក់ ​កំពុង​ប្រើប្រាស់​ប្រភពទឹក​ដែល​ចម្លង​ពី​លាមក មនុស្ស ឬ​សត្វ​។​

ដោយឡែក​នៅ​កម្ពុជា​ កំពុង​បង្កើន​ការព្រួយបារម្ភ​បន្ថែមទៀត​ទៅលើ​បញ្ហា​ទឹកស្អុយ​ដោយសារតែ​កំណើន​ប្រជាជន ការផ្លាស់ប្ដូរ​អាកាសធាតុ និង​គ្រោះធម្មជាតិ។​

លោក​រដ្ឋលេខាធិការ បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​កិច្ចសហប្រតិបត្តិការ​ឲ្យ​បានល្អ​ប្រសើរ​ដូច​អ្វីដែល​យើង​ធាប់​មាន​កន្លងមក សំខាន់​សូម​ឲ្យ​រួមគ្នា​អនុវត្ត​កម្មវិធី​ទឹកស្អាត និង​អនាម័យ​ជនបទ​តាម​ផែនការ​សកម្មភាព​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក៏ដូចជា​គោលការណ៍​ណែនាំ​បច្ចេកទេស​ដែល​បាន​ឯកភាព​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទទួល​បាន​ជោគជ័យ។ នៅ​រសៀល​ថ្ងៃ​ដដែល​នោះដែរ សមាជិក សមាជិកា​ នៃ​អង្គ​ទិវា​នេះ បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​អំពី​ការផ្ដល់សេវា​ផ្គត់ផ្គង់​ទឹកស្អាត​តាម​ទុយយោ​នៅ​ភូមិ កំពង់ចម្លង ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu