ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអន ឧបនាយករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចបានថ្លែងថា ការប្រារព្ធទិវា ជាតិអំណានគឺដើម្បីសម្តែងនូវការគោរពដឹងគុណចំពោះសម្តេចសង្ឃរាជជូន ណាត ដែលបានខិតខំប្រឹងប្រែងតស៊ូ ក្នុងការការពារនិងរក្សាមរតកវប្បធម៌អក្សរសាស្ត្រខ្មែរក្នុងសម័យអាណានិគមនិយមបារាំងនិងលើកកម្ពស់វប្បធម៌ អាន និងបណ្ដុះទម្លាប់អានពេញមួយជីវិតដល់សិស្សនិស្សិតនិងប្រជាពលរដ្ឋពេញនគរខ្មែរ។នេះជាការថ្លែងលើកឡើងរបស់លោកជំទាវកិត្តិសង្គហបណ្ឌិតតំណាងដ៏ខ្ពស់ខ្ពស់សម្តេចតេជោហ៊ុន សែន ក្នុងទិវាជាតិអំណានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ថ្ងៃច័ន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជ្រើសរើសយក ថ្ងៃទី១១ ខែមីនា ដែលជាថ្ងៃខែកំណើតរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដើម្បីប្រារព្ធទិវាជាតិអំណាននេះ ដើម្បីគោរពដឹងគុណ ចំពោះ វីរភាពរបស់សម្តេច ព្រះសង្ឃរាជ ដែលបានខិតខំតស៊ូក្នុងការការពារ និងថែរក្សា មរតកវប្បធម៌អក្សរសាស្ត្រខ្មែរ ក្នុងសម័យ អាណានិគមនិយមបារាំង និងដើម្បីលើក កម្ពស់វប្បធម៌ អាន និងបណ្ដុះទម្លាប់អានពេញមួយជីវិត ដល់សិស្ស និស្សិត និងប្រជាពលរដ្ឋកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះក្រសួងអប់រំ យុវជន និងកីឡាដែលបាន ខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការងារកំណែទម្រង់ វិស័យអប់រំឱ្យកាន់តែប្រសើរឡើង និងទទួលបានជោគជ័យ ជាបន្តបន្ទាប់ ដូចដែលបានលើកឡើងរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងរបាយការណ៍វឌ្ឍនភាព។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានកត់សម្គាល់ឃើញថា ទិវាជាតិអំណានឆ្នាំ ២០១៩ ដែលបាន កំណត់ប្រធានបទ “ការអានបណ្តុះវប្បធម៌សិក្សាពេញមួយជីវិត” ដែលក្រសួងអប់រំ យុវ ជននិងកីឡា បានដាក់ចេញសម្រាប់ជូនសិក្ខាកាមធ្វើការប្រឡងប្រជែងជ្រើសរើសសមត្ថភាពនាពេលនេះ ពិតជាប្រធានបទដែលគួរចាប់អារម្មណ៍បំផុត និងមានតម្លៃជាសកល គឺស្របតាមយុទ្ធសាស្ត្របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កាល ថ្ងៃទី១៥ ឧសភា ឆ្នាំ២០០២ ថា “ ការកសាងឡើងនូវសង្គមកម្ពុជាមួយ ដែលមានកោសិការផ្សាភ្ជាប់គ្នា មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះ គ្មាន ភាពក្រីក្រ គ្មានអនក្ខរកម្ម និងគ្មានជំងឺតម្កាត់ផ្សេងៗ” ។ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០០២ ថា “គ្មានការបង្រៀន គឺគ្មានការអប់រំ គ្មាន ការអប់រំ គឺគ្មានការ អភិវឌ្ឍ” ។ ម្យ៉ាងទៀត ក្នុងគោល ការណ៍ គ្រឹះ ១១ ចំណុច របស់ គណបក្ស ប្រជាជន កម្ពុជា ដើម្បី បន្ត កសាង និង ការ ពារ មាតុ ភូមិ ពី ឆ្នាំ២០១៣-២០១៨ ក៏បានលើកឡើងថា “អភិវឌ្ឍ វិស័យ អប់រំ អភិវឌ្ឍ យុវជន ទាំង ខាង ចំណេះ ដឹង ចំណេះ ធ្វើ សុខភាព កាយ សម្បទា និង សីលធម៌ ឱ្យ ក្លាយ ជា កម្លាំង ស្នូល បន្ត វេន ប្រកប ដោយ ថាម ពល របស់ ជាតិ”។
ការសិក្សាពិតជាដំណើការមួយដែលត្រូវការពេលវេលាដ៏យូរ ហើយចេះតែបន្តជារៀងរហូត។ ការសិក្សាខ្លះត្រូវធ្វើនៅសាលារៀន និងកន្លែងបណ្តុះបណ្តាល ចំណែកការសិក្សាផ្សេងទៀត ធ្វើឡើងនៅកន្លែងធ្វើការ និងនៅផ្ទះ ជាពិសេសគឺតាមរយៈ អំណាននេះឯង។ ហេតុនេះ ហើយបានជាមានពាក្យស្លោកជាសកលមួយបានចែងថា “រៀនហើយ រៀនទៀត រៀនមិនចេះចប់ឡើយ”។
ក្នុងពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាលនឹងអនុម័ត គោលនយោបាយស្តីពីការសិក្សាពេញមួយជីវិតដែលមានចក្ខុវិស័យជម្រុញប្រជាជនកម្ពុជាគ្រប់រូបឱ្យទទួលបានឱកាសសិក្សាពេញមួយជីវិត ក្នុងគ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ ប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណតម្លៃ ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងសុខដុមជីវិតបុគ្គលនិងសង្គម។
ទស្សនទាន នៃប្រធានបទនេះ មិនសំដៅត្រឹមតែការរៀនអក្ខរកម្ម ចេះអក្សរ ចេះលេខនព្វន្តប៉ុណ្ណោះទេ គឺបានគិតគូរដល់ឱកាសទទួលបានចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញវិជ្ជាជីវៈ និងនវានុវត្តគ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសអក្ខរកម្មបច្ចេកវិទ្យា ដែលសព្វថ្ងៃកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
ប្រធានបទនេះ សមស្របនឹងពាក្យស្លោកមួយចំនួន ដូចខាងក្រោម ទី១អំណានជាឃ្លាំងចំណេះវិជ្ជា ទី២ជាឃ្លាំងប្រាជ្ញាអំណានគឺជាមូលដ្ឋានគ្រឹះនៃចំណេះដឹង អំណានតាមបច្ចេកវិទ្យា ជាវិជ្ជាសម្បទាសតវត្សទី២១ ទី៣អំណានជាប្រភពនៃចំណេះដឹង ទី៤អំណានជាមាគ៌ាឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិតអានច្រើនចម្រើនប្រាជ្ញា គតិជ្រះថ្លា ចំណេះដឹងមហាសាល សៀវភៅជាឃ្លាំង អំណានជាយាន ឈានទៅយកចំណេះដឹងឪពុកម្តាយអាន កូនអាន យើងទាំងអស់គ្នាអាន អានច្រើន សរសេរច្រើន កើនចំណេះទី៥អំណាន ដើម្បីការអភិវឌ្ឍ។
លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងនូវកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងអប់រំ យុវជន និងកីឡាដែលបានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដោយបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញា ប្រារព្ធទិវានេះបានជារៀងរាល់ឆ្នាំប្រកបដោយភាពអធិកអធម។
ក្នុងសម័យសកលភាវូបនីយកម្ម ដែលក្នុងនោះបញ្ហានយោបាយ បញ្ហាសេដ្ឋកិច្ច និងបច្ចេកវិទ្យានៅលើពិភពលោកកាន់តែវិវត្តន៍ និងមានភាពស្មុគ្រស្មាញពិបាកវាយតម្លៃ និងព្យាករណ៍ ការអានតាមមធ្យោបាយអេឡិចត្រូនិក កាន់តែពេញនិយម និងជំនួសការអានសៀវភៅជាបណ្តើរៗហើយ។ ដោយឡែកនៅកម្ពុជាយើងក៏ឃើញមានការកើនឡើងនៃការប្រើទូរស័ព្ទវៃឆ្លាត ឬស្មាតហ្វូន ដែល អ្នកប្រើអាច អានព័ត៌មាន អានរឿង ឬមើលឃ្លីបវីឌីអូផ្សេងៗ បានយ៉ាងងាយស្រួល។
ដូច្នេះដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋឱ្យងាកមក អានសៀវភៅវិញ ពិតជាការងារប្រឈមមួយរបស់ រាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា។ ប្រការនេះ ក្រសួងអប់រំ យុវជន និងកីឡាត្រូវមានឆន្ទៈមុតស្រួច និង ទស្សនៈវិស័យវែងឆ្ងាយ ក្នុងការបន្ដជំរុញ និងលើកកម្ពស់តួនាទីអំណានក្នុង វិស័យអប់រំ ព្រមទាំងពង្រីកវិសាលភាពឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ក្នុងគោលដៅបង្កើនសន្ទុះ នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់ ការអភិវឌ្ឍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា តាមរយៈការបង្កើនប្រសិទ្ធភាព និងគុណភាពនៃការស្រាវជ្រាវ និងអភិវឌ្ឍដែលជាកិច្ចការស្នូល។
លើសពីនេះទៅទៀត ដើម្បីបង្កើនការអាន ចាំបាច់ត្រូវតែមានអត្ថបទ សៀវភៅ និងមធ្យោបាយផ្សេងៗទៀតដែលទាក់ទាញ និងមានខ្លឹមសារ។ ដូច្នេះ ការលើកទឹកចិត្តអ្នកនិពន្ធ និងអ្នកបោះពុម្ពផ្សាយ ក៏ជាផ្នែកមួយ នៃការជម្រុញការអានដែរ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងសប្បុរសជនទាំងអស់ សូមបន្តចូលរួម សហការ និងគាំទ្រដល់ការប្រារព្ធទិវាជាតិអំណាន ១១ មីនា ប្រចាំឆ្នាំ ដោយបង្កើតឱ្យមានកម្មវិធីកាន់តែសម្បូរបែប ប្រកបដោយគុណភាពនិងប្រសិទ្ធភាព ជាបន្តទៀត ដើម្បីជំរុញស្មារតីប្រជាជនកម្ពុជាឱ្យបង្កើនការចាប់អារម្មណ៍ ចំពោះការអាន បង្កើតទម្លាប់អាន និង បង្កើនការតែងនិពន្ធ។
ក្នុងស្មារតីនេះ ដើម្បីបន្តចូលរួមលើកកម្ពស់ការអាននៅកម្ពុជាឱ្យកាន់តែផុលផុស ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវដូចតទៅ
ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខណ្ឌច្បាប់ បទដ្ឋាន និងយន្តការចាំបាច់ ដើម្បីជំរុញការអានសម្រាប់ប្រជាជនគ្រប់រូប និងស្របទៅនៅបរិការណ៍ថ្មីនៃគោលដៅអភិវឌ្ឍន៍ប្រកប ដោយ ចីរភាព។
ទី២- ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទីវត្តអារាមទាំងអស់ត្រូវបង្កើតកម្មវិធីពាក់ព័ន្ធអំណាន និងស្វែងរកប្រភពសម្រាប់អំណាន ឱ្យ កាន់ តែសម្បូរបែបនិងមានភាពបត់បែន ឆ្លើយតបនឹងតម្រូវការអ្នកអាន។
ទី៣- រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រ ឱ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលសិក្សា ហេដ្ឋារចនាសម្ព័ន្ធ និងទីកន្លែងសម្រាប់អំណាន។
ទី៤- ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទាំងអស់ រួមមានវិទ្យុ ទូរទស្សន៍ សារព័ត៌មាន ទស្សនាវដ្តី ព្រឹត្តិបត្រព័ត៌មានរបស់រដ្ឋ និង ឯកជន សូមជួយផ្សព្វផ្សាយនិងជួយលើកកម្ពស់ សកម្មភាពអំណាន និងបញ្ជ្រាបឱ្យបានកាន់តែទូលំទូលាយ អំពីសារៈសំខាន់នៃអំណាន ដើម្បីឱ្យប្រជាជន យើងកាន់តែយល់ដឹងឆ្ពោះទៅរក «ការសិក្សាពេញមួយជីវិត»។
ទី៥- ក្មួយៗជាសិស្ស និស្សិតតាមគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ក្រុមយុវជនទាំងអស់ ត្រូវចូលរួមឱ្យកាន់តែសកម្មក្នុងអំណាន។ ចំណែក បងប្អូនជនរួមជាតិដែលជាមាតាបិតាឬអ្នកអាណាព្យាបាល ក៏សូមជួយជំរុញនិងបង្កលក្ខណៈកាន់តែច្រើនដល់បងប្អូន កូនចៅចូលរួមអាន។
ទី៦- ដៃគូអភិវឌ្ឍទាំងអស់ ត្រូវបង្កើនកិច្ចសហការ និងពង្រឹងភាពជាដៃគូកាន់តែខ្លាំងថែមទៀត ក្នុងការ ជួយឧបត្ថម្ភ គាំទ្រដល់កម្មវិធីនានា បង្កើត សម្ភារៈ និងធនធានសម្រាប់អាន៕
Source: Kampuchea Thmey Daily
0 Comments