វង្ស ណយ អ្នកប្រដាល់កម្ពុជា នៃក្លិបកុលបុត្រគុនខ្មែរនិង ឈឿន ឆៃដែន អ្នកប្រដាល់ក្លិបនិរោធមានជ័យ ត្រូវគេផ្គូអោយជួបប្រកួតជាមួយអ្នកប្រដាល់ថៃ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នារសៀលថ្ងៃសុក្រទី២៩ មីនា ២០១៩នេះ ។
សម្រាប់ការផ្គូផ្គងនេះ គូប្រកួតរបស់វង្សណយ គឺជាអ្នកប្រដាល់ថៃឈ្មោះណាំខាំបួនគួងប្រាសាទហ៊ីន ដោយប្រកួតគ្នាក្នុងទម្ងន់៧២គីឡូក្រាម ។ អ្នកប្រដាល់ថៃដែលជាគូសងសឹករបស់វង្ស ណយនោះ ជាអ្នកប្រដាល់ល្បីឈ្មោះមួយរូបប្រចាំនៅក្នុងប្រទេសថៃ។
ណាំខាំបួន គេធ្លាប់មកប្រកួតនៅកម្ពុជាប៉ុន្មានលើកហើយកន្លងមក ។អ្នកប្រដាល់ថៃរូបនេះ ខ្លាំងគួរសមដែរ ដោយធ្លាប់ជួបប្រកួតជាមួយរឿង សោភ័ណ្ឌ និងធ្លាប់វាយឈ្នះវង្ស ណយ ដោយសន្លប់ទៀតផង ។ នេះបើតាមលោកProsith អ្នកដឹកនាំកីឡាករថៃមកប្រកួតអោយដឹង។
ទោះជាយ៉ាងណា ណាំខាំបួន ជួបជាមួយវង្សណយលើកនេះ ក៏មិនប្រាកដថា អាចវាយឈ្នះវង្ស ណយបានទៀតដែរ ។ណាំខាំបួន មិនជាធានាប៉ុន្មានដែរ ព្រោះវង្ស ណយ គេបានត្រៀមខ្លួនយ៉ាងល្អ សម្រាប់ការប្រកួតនេះ ។ យ៉ាងណា វង្ស ណយ លើកនេះ អាចថាគេមានការប្រុងប្រយ័ត្នជាងមុន ដែលធ្វើអោយណាំខាំបួន ពិបាកសង្ឃឹមឈ្នះណាស់។
ណាំខាំបួន បើតាមអ្នកផ្គូផ្គងឲ្យដឹងនោះ គេជាម្ចាស់ខ្សែក្រវាត់ មានកំនត់ត្រាប្រកួត៧៨លើក ឈ្នះ៦២លើក ចាញ់១៥លើក ស្មើ០១លើក និងធ្លាប់វាយដៃគូអោយសន្លប់ជាង២០លើកឯណោះ ។ តែបើធៀបជាមួយប្រវត្តិប្រកួតរបស់វង្ស ណយ គឹនៅតែតិចជាងដែរ ដោយវង្ស ណយ មានកំណត់ត្រាប្រកួតរហូតដល់១៨៩លើក ឈ្នះ១១៩លើក ចាញ់៦៥លើក និងស្មើ៥លើក។ ទោះជាយ៉ាងនេះក្តី វង្ស ណយមិនអាចមើលងាយណាំខាំបួន បានឡើយ ព្រោះអ្នកប្រដាល់ថៃរូបនេះ គេស្គាល់សង្វៀនយូរឆ្នាំមកហើយ។
ចាំមើល វង្ស ណយ និង ណាំខាំបួន នេះ តើនរណាជាអ្នកឈ្នះ ?ក្នុងការជួបគ្នាលើកដំបូងនេះ ។ វង្ស ណយ គេប្រកួតចុងក្រោយនេះ វាយចាញ់អ្នកប្រដាល់ថៃចែគស្យ៉ាម ដោយពិន្ទុកាលពីថ្ងៃទី០៣មីនា២០១៩កន្លងទៅនេះ។
ចំណែក ឈឿន ឆៃដែន អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ដែលត្រូវគេផ្គូផ្គងអោយជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះបូវី ព្រហ្មថាន់ចៃ(Bovi Prumthanchai) ក្នុងទម្ងន់៦០គ.ក្រនោះ ពុំដឹងថានរណាឈ្នះនរណាចាញ់នោះដែរ ។ ពីរនាក់នេះ ពុំធ្លាប់ដែលប៉ះគ្នាទេកន្លងមក។
ឈឿន ឆៃដែន ជាអ្នកប្រដាល់ដែលចាត់ទុកថា ជាជើងខ្លាំងម្នាក់។ គេបានឆ្លងកាត់ការប្រកួតជាមួយអ្នកប្រដាល់ថៃជាង២០លើក និងឡាវ១លើកប៉ុណ្ណោះ។ ដូច្នេះ លើកនេះជាលើកទី២២ ដែលគេជួបប្រកួតជាមួយថៃនោះ ។ កាលពីជួបប្រកួតជាមួយថៃលើកចុងក្រោយនោះ (១៥កុម្ភៈ២០១៩) គេបានវាយចាញ់Sathar Fa ក្នុងទឹកទី៤។
ឈឿន ឆៃដែន មានប្រវត្តិប្រកួតប្រមាណជាង១០០លើក ក្នុងនោះវាយឈ្នះ៩១លើក ចាញ់២៥លើក និងស្មើ០៥លើក ហើយធ្លាប់ផ្តួលដៃគូអោយសន្លប់ជាច្រើនលើក ។គេជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយដោយមានចិត្តធំ កម្លាំងខ្លាំង វាយមិនសំចៃដៃឡើយ។ប៉ុន្តែយ៉ាងណាការប្រកួតលើកនេះ មិនដឹងថា ឆៃដែន អាចយកឈ្នះបូវី ព្រហ្មថាន់ចៃ បានឬក៏អត់នោះទេ?។
បូវី ព្រហ្មថាន់ចៃ ជាអ្នកប្រដាល់ថៃជើងចាស់ គេធ្លាប់មកស្រុកខ្មែរច្រើនលើកហើយកន្លងមក ។ គេធ្លាប់ជួបមាស សារ៉ាក់ ដោយធ្វើឲ្យសារ៉ាក់ វេទនាមែនទែន ដោយត្រូវអ្នកប្រដាល់ថៃរូបនោះ វាយដូចបាវសាក់ ។ ដូច្នេះ ឈឿន ឆៃដែន ប្រកួតលើកនេះ អាចនឹងជួបការលំបាកច្រើន ព្រោះអ្នកប្រដាល់ថៃរូបនេះ មានស្នៀតប្រដាល់ល្អនិងខ្លាំង ។ តែបើអាចឈ្នះបាន គឺមានតែការវាយប្តូរកែង និងទាត់ជើងក្រោមប៉ុណ្ណោះ ដែលអាចឈ្នះលើអ្នកប្រដាល់ថៃរូបនេះបាន។
អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៦៥លើក ឈ្នះ៥០លើក ចាញ់១៤លើក និង ស្មើ០១លើក។ ចាំមើល រវាងឈឿន ឆៃដែន និង បូវី ព្រហ្មថាន់ចៃ តើនរណាជាអ្នកឈ្នះនៅក្នុងការជួបគ្នានេះ ?៕
Source: Kampuchea Thmey Daily
0 Comments