Ad Code

រាជរដ្ឋាភិបាល គ្រោង​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​ក្នុង​ប្រក្រតីទិន​នៅ​ឆ្នាំក្រោយ​



ភ្នំពេញ ​៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​គ្រោង​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ នៅ​ឆ្នាំក្រោយ​ដើម្បី​សម្រួល​ដល់​ការរកស៊ី​របស់​វិនិយោគិន​នៅ​កម្ពុជា ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​ក្រ​ប៉ុន្តែ​ថ្ងៃ​ឈប់សម្រាក​ច្រើនជាង​ប្រទេស​អភិវឌ្ឍន៍​។ កម្ពុជា​មួយឆ្នាំ មាន​ថ្ងៃ​ឈន់​សម្រាក​រហូតដល់ ២៨ ទៅ ៣០ ថ្ងៃ ក្នុងពេលដែល​ប្រទេស​សិង្ហ​បុរី មាន​ថ្ងៃ​ឈប់​សម្រាប់​ត្រឹមតែ ១១ ថ្ងៃ​ប៉ុណ្ណោះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​បែបនេះ​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​គរុ​សិស្ស និង​គរុ​និស្សិត​ចំនួន​ជិត ២០០០​នាក់ នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី ២៧ ខែ មីនា​នេះ​។ សម្តេច​តេ​ជោ​នា យក​រដ្ឋមន្ត្រី​បាន​សុំ​ការយោគយល់​អធ្យាស្រ័យ​បើ​មិន​ដូច្នេះ​អ្នករកស៊ី​អាច​នឹង​រត់ចោល​យើង​ទាំងអស់​ដោយ សារ​តែ​ម្ខាង​ទាមទារ​ឡើង​ប្រាក់ខែ​និង​ម្ខាង​ទៀត​ថ្ងៃ​ឈប់សម្រាក​កាន់តែច្រើន​ដូចនេះ​ឆ្នាំក្រោយ​អាច​កាត់​ប​ន្ថ យ​ថ្ងៃ​ឈប់សម្រាក​ខ្លះ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖«​កម្ពុជា​ជា​ប្រទេស​ក្រីក្រ ក៏ប៉ុន្តែ​ការ​ឈប់​សម្រាក​នៅ​ប្រទេស​របស់​យើង គឺ​ច្រើនជាង​ប្រទេស​អ្នកមាន។ សិង្ហ​បុរី​គេ​សម្រាក​តែ​១១​ថ្ងៃ​ទេ ក្នុងពេលដែល​កម្ពុ​ជាស​ម្រាក​២៨​ថ្ងៃ​ទៅ​៣០​ថ្ងៃ ។ អ៊ីចឹង​ប្រទេស​យើង​ក្រ​ប៉ុន្តែ​គឺ​យើង​ឈប់សម្រាក​ច្រើនណាស់​ដូច្នេះ​សូម​ការយោគយល់​អធ្យាស្រ័យ​មិន​អីចឹង​អ្នករកស៊ី​ទាំងអស់​រត់ចោល​យើង ដោយ​តែ​ម្ខាង​ឡើង​ប្រាក់ខែ ម្យ៉ាងទៀត​ឈប់សម្រាក​កាន់​តែ​ច្រើន អ៊ីចឹង​ទេ​ឆ្នាំក្រោយ​អាច​នឹង​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​»​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា បើ​ថ្ងៃ​ឈប់សម្រាក​មួយថ្ងៃៗ​នោះ​យើង​ដាក់​ថា​ ថ្ងៃ​សម្រាក​នៅក្នុង​ប្រតិទិន​ប៉ុន្តែ​យើង​មិនបាច់​សម្រាក​ទេ​គឺ​ធ្វើការ​ធម្មតា​។​ ដូចនេះ​យើង​យក​ថ្ងៃ​នោះ​មក​បូក​ក្នុង ថ្ងៃ​ភ្ជុំបិណ្ឌ​ឬ​ថ្ងៃ​ចូលឆ្នាំ​វិញ​ព្រោះ​នៅ​កម្ពុជា​ពិធីបុណ្យ​ធំៗ ជា​បុណ្យជាតិ​នោះ​គឺ​មានតែ​ពីរ​ប៉ុណ្ណោះ​គឺ​បុណ្យចូលឆ្នាំ​ខ្មែរ និង​បុណ្យ​ភ្ជុំបិណ្ឌ។ ដូចនេះ​បុណ្យ​ទាំង​ពី​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​៣​ថ្ងៃ​ដូចនេះ​យើង​អាច​យក​ថ្ងៃ​ឈប់សម្រាក​ផ្សេង​ដែល​ធ្វើការ​ធម្មតា​នោះ​មក​បូក​ដើម្បី​ឲ្យ​យើង​អាច​ឈប់​បាន​យូរ​ជាង​បានន័យ​ថា ​អាច​ឈប់​រហូត​៥ ថ្ងៃ​ដូចនេះ​ប្រហែល​វា​ចំណេញ​ជាង។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា អ្នក​រក​ស៊ី​នៅ​ប្រទេស​របស់​យើង គេ​មើល​ឃើញ​ថា យើង​គិតតែ​ទាមទារ​ឡើង​ប្រាក់ខែ ទារ​ថ្ងៃ​ឈប់សម្រាក​ឲ្យ​បាន​កាន់តែ​ច្រើន អ៊ីចឹង​អ្នក​រក​ស៊ី​នឹង​ចាក​ចេញពី​យើង។ យើង​ធ្វើ​នេះ​ដោយ​មិន​គិតថា​មាន​ភាព​អនុគ្រោះ​ឬមួយ​អត់​ភាព​អនុគ្រោះ​គឺ​គិតតែ​ពី​កម្លាំង​ខ្លួនឯង​ប្រឹង​ឲ្យ​ក្លាយជា​ប្រទេស​ ដែល​មាន​ការ​អភិវឌ្ឍ​មួយ​ដោយ​មិន​ពឹងពាក់​ភាព​អនុគ្រោះ​ពី​នរណា​ទាំងអស់​ដើម្បី​កុំ​ឲ្យ​ប្រទេស​របស់​យើង​ត្រូវ​ទទួលរង​នូវ​ការប្រមាថ​ហើយ​កង្វល់​របស់​គេ​ត្រូវ​ចាប់បង្ខំ​ឲ្យ​យើង​ជា​អ្នក​អនុវត្ត​គឺ​អត់​ទេ​។ ​បើ​តាម ក្រៅពី​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ការសម្រួល​នីតិវិធី​ក្នុងការ​ពិនិត្យ​កុងតឺន័រ និង​កាត់​បន្ថយថ្លៃ​អគ្គិសនី ក៏​ស្ថិត​ក្នុង​កញ្ចប់​នៃ​ការ​ធ្វើ​កំណែទម្រង់​នេះ​ផងដែរ​។

ខណៈ​កម្ពុ​ជាមាន​ថ្ងៃ​ឈប់សម្រាក​ច្រើន​នោះ​វា​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​និង​ម្ចាស់​អាជីវកម្ម​គ្រប់​ប្រភេទ រអ៊ូ រទាំ​ពី​បញ្ហា​ចង្វាក់​ផលិតកម្ម​របស់​ពួកគេ។ អ្នកវិភាគ​សេដ្ឋកិច្ច​បាន​និយាយ​ថា ​ការ​ឈប់​សម្រាក​ច្រើន​វា​ធ្វើ​ឲ្យ​ចង្វាក់​ផលិតកម្ម​មាន​ភាពយឺត​យ៉ាវ​និង​ស្ទះ​ដែល​ធ្វើ​ឲ្យ​ការផលិត​មានការ​ចំណាយ​ខ្ពស់​ហើយ​ពិបាក​នឹង​ប្រ កួត​ប្រជែង។

លោក គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​និយាយថា កម្ពុជា​នឹង​កើន​ចំណូល​ថវិកាជាតិ​យ៉ាងតិច ១៥០​លាន​ដុល្លារ​បើសិនជា​រាជរដ្ឋាភិបាល​សម្រេច​លុប​ចោល​ថ្ងៃបុណ្យ​ជាតិ​មិន​សំខាន់​ចំនួន ៧ ថ្ងៃ​ចេញពី​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​បច្ចុប្បន្ននេះ ។ អ្នកវិភាគ​សេដ្ឋកិច្ច​រូបនេះ​បាន​គណនា​តាម​រូបមន្ត​សេដ្ឋកិច្ច​នៃ​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ដោយ​វាស់​ជាមួយនឹង​ចំណូល​ជាតិ​(GDP)​ដូច្នេះ​វា​នឹង​ជួយ​ឲ្យ​GDP​កើន ១៥០ លាន​ដុល្លារ​បន្ថែមទៀត​ នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​កាត់បន្ថយ​ថ្ងៃ​ឈប់ ៧​ថ្ងៃ​។

នៅ​កម្ពុជា​ថ្ងៃ​ឈប់សម្រាក​ច្រើន​ទាំង​បុណ្យជាតិ ២៨ ទៅ ៣០ ថ្ងៃ បូក​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ ១៥ ថ្ងៃ​ទៀត ហើយ​បើ​បុណ្យជាតិ​ចំ​ថ្ងៃ​ចុង​សប្តាហ៍​ត្រូវ​សង​ថ្ងៃ​ធ្វើការ​ថែមទៀត​ដូច្នេះ​ក្នុង ១ ឆ្នាំ កម្ពុជា​ឈប់​ប្រមាណ​ជិត ៥០ ថ្ងៃ ។ ដូច្នេះហើយ​យើង​ធ្វើការ​តិចជាង​គេ​មួយ​ខែ។ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​មិន​ខ្ពស់​និង​កំណើន​វិនិយោគ​ងាក​ទៅរក​កន្លែង​ផ្សេងៗ។

ផ្ទុយ​ពី​ការយល់ឃើញ​របស់​អ្នកវិភាគ​សេដ្ឋកិច្ច​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​បាន​និយាយ​ថា ​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​មិនបាន​ផ្ដល់​ផល​ចំណេញ​ដល់​កម្មករ​ទេ​គឺ​វា​ផ្ដល់​ផល​ចំណេញ​ទៅលើ​វិនិយោគិន​តែប៉ុណ្ណោះ។ ដូច្នេះ​លោក​បាន​ប្រកាស​ជំហរ​មិន​គាំទ្រ​ការ​កាត់​ចំនួន​ថ្ងៃ​ឈប់សម្រាក​ឡើយ​។​ ដោយ​លោក​បាន​លើក​ឡើង​ថា « អង្គការ ILO បាន​បង្ហាញថា​ ការ​ឈប់​សម្រាក​ក្នុង​ប្រទេស​កម្ពុជា​មិន​ច្រើនជាង​ប្រទេសជិតខាង​នោះទេ​ស្ថិតនៅ​មធ្យម​នៅឡើយ​។​ និ​យោ​ជិ​ក តែងតែ​និយាយ​បែបនេះ​ពីមុន ហើយ​គេ​ធ្លាប់​និយាយ​ថា ការ​វិនិយោគ​កាត់បន្ថយ​ពី ១៥០​ភាគរយ មក​នៅ​១៣០ ភាគរយ ការងារ​ច្រើន​ដដែល មិន​មាន​ប្រយោជន៍​អ្វី​នោះទេ​»​។

គួរ​រម្លឹក​ថា ក្នុង​ឆ្នាំ​២០១៨ កំណើនសេដ្ឋកិច្ច​ជាតិ​មាន​ម្រ​មាណ ៧,៣ ភាគរយ ដែល​ចំណូល​មធ្យម​របស់​មនុស្ស​ម្នាក់​កើន​ដល់​១,៥៦៣ ដុល្លារ​។ ចំណែក​ទំហំ​ពាណិជ្ជកម្ម​សរុប​មាន​២៤​ពាន់​លាន​ដុល្លារ​។​

សូមជម្រាបថា នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​ខាងមុខនេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹងដាក់​ចេញ​ការធ្វើកំណែទម្រង់​លើ​ការធ្វើ​ធុរកិច្ច​នៅ​ប្រទេស​កម្ពុជា​ជា​កញ្ចប់ ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម ខណៈ​ថ្មីៗ​នេះ សម្តេច​តេ​ជោ​ទើបបាន​សម្រេច ដក​កាំកុងត្រូល​ចេញពី​ច្រកទ្វារព្រំដែន លុបចោល​ស្ថាប័ន​កាំសាប ជាមួយនឹង​ការសម្រួល​ការធ្វើ​ធុរកិច្ច​មួយចំនួនទៀត៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu