ភ្នំពេញ ៖ នៅក្នុងពីធីបិទសន្និបាតក្រសួងអប់រំ យុវជន និង កីឡា ឆ្នាំ ២០១៨ និង ទិសដៅឆ្នាំ ២០១៩ នាល្ងាចថ្ងៃទី២៧ ខែមីនា នេះ ក្នុងស្មារតីបន្តលើកស្ទួយនិងអភិវឌ្ឍវិស័យអប់រំកម្ពុជាឲ្យឈានទៅសម្រេចបានតាមគោលដៅនៃគោលនយោបាយអភិវឌ្ឍវិស័យអប់រំសម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍សម្រាប់ជាការយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗដូចខាងក្រោមនេះ៖
ទី១.ត្រូវបន្តអនុវត្តឲ្យកាន់តែសកម្មនូវគោលនយោបាយអភិវឌ្ឍវិស័យអប់រំដើម្បីធានាថា ការអប់រំមានគុណភាពប្រកបដោយសមធម៌បរិយាបន្ន និងលើកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ។ ទន្ទឹមនេះត្រូវខិតខំជំរុញនិងពង្រីកកម្មវិធីអប់រំកុមារតូច និងបង្កលក្ខណៈឲ្យកុមារបានសិក្សាយ៉ាងតិច ៩ឆ្នាំនៅសាលារៀនដែលមានបរិស្ថានស្អាត ទឹកស្អាត និង អនាម័យ ។ ត្រូវផ្ដល់អាហារូបករណ៍ដល់សិស្សពូកែ សិស្សជួបការលំបាកជាពិសេសសិស្សជានារី និងសិស្សក្នុងគ្រួសារក្រីក្រ ធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីសិក្សា ផ្នែកគណិតវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង ភាសាបរទេសដើម្បីឲ្យស្របទៅនឹងចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គឺបដិវត្តន៍ឧស្សាហកម្មទី ៤។ ត្រូវបន្តលើកកម្ពស់ការយល់ដឹងអំពីសិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ជាតិ និងការអប់រំសីលធម៌ សង្គម ត្រូវបន្តពង្រឹងការអប់រំក្រៅប្រព័ន្ធ តាមរយៈការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី ដើម្បីលើកកម្ពស់គុណភាព និងសេវាអប់រំនៅគ្រប់ភូមិសិក្សា ពង្រីកការអប់រំបច្ចេកទេស ដោយយកចិត្តទុកដាក់ធ្វើឲ្យខេត្តមួយមានវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមួយយ៉ាងតិចសម្រាប់រយៈពេលមធ្យម និងស្រុកមួយមានវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមួយយ៉ាងតិចសម្រាប់រយៈពេលវែង។
ទី២.ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនិងតម្លាភាពនូវគោលនយោបាយភាពជាអ្នកដឹកនាំនិងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការងារគ្រប់គ្រងការដឹកនាំការបង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទាននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិពង្រឹងប្រព័ន្ធការងារផែនការស្ថិតិអប់រំពង្រាយគ្រូបង្រៀនឲ្យបានដល់មូលដ្ឋាន បន្តអភិវឌ្ឍសមត្ថភាពនាយកសាលានិងគ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនិងគ្រឹះស្ថានសិក្សាពិសេសពង្រឹងការងារអធិការកិច្ចនិងយន្តការជាអ្នកកែលំអជាប្រចាំ។
ទី៣.ត្រូវបន្តអនុវត្តឲ្យកាន់តែសកម្មលើការងារកាយឫទ្ធិនិងយុវជនដោយបង្កើនការយកចិត្តទុកដាក់ចំពោះកុមារនិងយុវជនឲ្យមានស្មារតីទទួលខុសត្រូវនិងជឿជាក់លើសមត្ថភាពរបស់ខ្លួននឹងប្រកាន់ខ្ជាប់នូវទង្វើជាវិជ្ជមាន។ ទន្ទឹមនេះ ត្រូវពង្រឹងយន្តការសម្របសម្រួលនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីបំផុសផ្សព្វផ្សាយបង្កើតឲ្យមានកម្មវិធី «កូនល្អសិស្សល្អ មិត្តល្អ ពលរដ្ឋល្អ »និងកម្មវិធីយុវជនពីគ្រប់មជ្ឈដ្ឋានដើម្បីរៀបចំចលនាបណ្ដាញយុវជនស្ម័គ្រចិត្តចុះជួយតាមមូលដ្ឋាននិងតាមសហគមន៍នានាទូទាំងប្រទេស ។
ទី៤.ត្រូវបន្តអនុវត្តឲ្យកាន់តែសកម្មលើការងារកីឡាតាមរយៈការជំរុញចលនាយុវជនម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ព្រមទាំងអភិវឌ្ឍសមាគមកីឡាមហាជននិងក្រុមកីឡាសិស្ស-និស្សិតត្រូវបន្តពង្រីកសកម្មភាពអភិវឌ្ឍកម្មវិធីអប់រំកាយនិងកីឡាតាមគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស។ ជាមួយនេះ ត្រូវខិតខំអនុវត្តគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍការអប់រំកាយនិងកីឡានិងការហ្វឹកហាត់ហ្វឹកហ្វឺនតាម លក្ខណៈជាតិនិងអន្តរជាតិព្រមទាំងបំផុសស្មារតីមហាជន ពិសេសយុវជនឲ្យបានចូលរួមគ្រប់ៗគ្នាដើម្បីប្រសិទ្ធភាពការងារកីឡាដើម្បីកម្ពុជាទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ខាងមុខនេះ។
ចំណុចនេះ សម្តេចតេជោ ហ៊ុន សែនបានបន្ថែមថា ស៊ីហ្គេមលើកទី៣២ នេះ យើងគ្រោងនឹងធ្វើនៅខែឧសភា ឆ្នាំ២០២៣ តាមទម្លាប់នៅតាមបណ្តាប្រទេសគឺមានគោលដៅដើមឆ្នាំ ដូចជានៅឡាវធ្លាប់ធ្វើដើមឆ្នាំ ប៉ុន្តែភាគច្រើនធ្វើនៅចុងឆ្នាំ។ ប៉ុន្តែឆ្នាំ២០២៣ កម្ពុជាត្រូវបោះឆ្នោតនៅខែកក្កដា បន្ទាប់ពីការបោះឆ្នោតហើយ យើងមានកិច្ចការច្រើនណាស់ដែលត្រូវធ្វើ ហើយក៏អាចមានបញ្ហាខ្លះៗផង ។ដូច្នេះយើងសម្រេចថា ជ្រើសរើសក្នុងខែឧសភា ឆ្នាំ២០២៣ ធ្វើជាស៊ីហ្គេមរួចហើយបានឈានទៅដល់ការបោះឆ្នោត ហើយយើងមិនរំខានទៅដល់ការទទួលភ្ញៀវក្រោយការបោះឆ្នោតនោះទេ អញ្ចឹងបានជាកិច្ចការនេះយើងកំពុងតែរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីបម្រើទៅដល់ស៊ីហ្គេមនោះ។
ទី៥.បន្តបង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងអាទិភាពនៃការអភិវឌ្ឍជាតិពង្រឹងភាពជាម្ចាស់ភាពជាដៃគូនិងយន្តការនៃកិច្ចសហប្រតិបត្តិការដើម្បីសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ទៅនឹងការផ្សារភ្ជាប់ទៅនឹងការអប់រំវប្បធម៌ទំនៀមទម្លាប់ប្រពៃណីវប្បធម៌សន្តិភាពដែលគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការគោរពគោលការណ៍ស្មើភាពប្រជាធិបតេយ្យ ការប្រយុទ្ធប្រឆាំងអំពើហិង្សា ការទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍មេរោគអេដស៍ជំងឺអេដស៍ ការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនការជួញដូរស្ត្រីនិងកុមារនិង ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងគ្រប់ប្រភេទនៅក្នុងសង្គមកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ការពង្រឹងគុណភាពវិស័យអប់រំកម្ពុជាគឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណសម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល ។ការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការតម្រង់ទិសសម្រាប់ទីផ្សារការងារ ជាពិសេសការពង្រឹងជំនាញបច្ចេកទេសដល់យុវជនសំដៅធានាថា យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិតសម្រាប់លើកស្ទួយជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍គាំទ្រចំពោះអភិក្រមនិងវិធីសាស្ត្រថ្មីៗដូចមានក្នុងរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានបង្ហាញពីសមិទ្ធផលនិងទិសដៅ ដែលត្រូវបន្តអនុវត្តក្នុងគោលដៅបង្កើនសមត្ថភាពភាពប្រកួតប្រជែងរបស់ប្រជាជនកម្ពុជាក្នុងការចាប់យកកាលានុវត្តភាពថី្មៗខណៈ ដែលកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការសមាហរណកម្មទាំងក្នុងកម្រិតតំបន់និងពិភពលោក ។ ក្នុងនោះរាជរដ្ឋាភិបាលនឹងបន្តគិតគូរវិភាជថវិកាបន្ថែមប្រចាំឆ្នាំនៅកុងវិស័យអប់រំ ការផ្តល់ឤទិភាពជ្រើសរើស និងបណុះបណ្តាលគ្រូបង្រៀនជាឤទិភាពចម្បង ដើម្បីបំពេញបន្ថែមដល់ការងារពង្រាយគ្រូ និងជំនួសគ្រូដែលត្រូវចូលនិវត្តន៍ គាំទ្រការធើ្វវិក្រឹតការគ្រូបង្រៀន ការកែលម្អកម្មវិធីសិក្សា គាំទ្រការងារអធិការកិច្ច ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងគុណភាពសិក្សា និងគុណភាពប្រឡង។
ទន្ទឹមនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានបង្ហាញអំពីការបន្តគិតគូរអំពីការដំឡើងបៀវត្សរ៍ជូនដល់គ្រូបង្រៀននិងបុគ្គលិកសិក្សាជំរុញការកៀរគរធនធានមកពីគ្រប់មជ្ឈដ្ឋាន និងកៀរ គរវិស័យឯកជនដើម្បីវិនិយោគក្នុងងវិស័យអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ ធានាសិ្ថរភាពទីផ្សារការងារ ការលើកកម្ពស់ផលិតភាព និង ជីវភាពរស់នៅរបស់ប្រជាជន។ ជាមួយនេះក៏បានយកចិត្តទុកដាក់គាំទ្រការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ឧស្សាហកម្ម ការបំញក់ជំនាញស្តេម- STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ចាប់ពីកម្រិតបឋមសិក្សាព្រមទាំងគាំទ្រការផ្តល់ឤហារូបករណ៍និងបង្កលក្ខណៈងាយស្រួលដល់យុវជនឆ្នើមៗឱ្យទទួលបានការបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមគ្រប់រូបភាព ទាំងរដ្ឋ និងឯកជន ។
សន្និបាតអប់រំយុវជននិងកីឡាបានដំណើរការអស់រយៈពេល៣ថ្ងៃ ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដើម្បីបូកសរុបវាយតម្លៃការងារ ដែលបានអនុវត្តក្នុងឆ្នាំសិក្សាកន្លងមក និងទិសដៅការងារសម្រាប់ឆ្នាំសិក្សាខាងមុខ។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា សមិទ្ធផលអប់រំដែលក្រសួងបានសម្រេចក្នុងឆ្នាំសិក្សា ២០១៧-២០១៨ ក៏ដូចជាឆ្នាំមុនៗកន្លងមកគឺពិតជាអាស្រ័យដោយការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលដែលជានិច្ចកាលយកចិត្តទុកដាក់លើវិស័យអប់រំចាត់ទុកវិស័យអប់រំជាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចនិងជាវិស័យអភិវឌ្ឍធនធានមនុស្សសម្រាប់ការអភិវឌ្ឍសង្គមជាតិ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជននិងកីឡាថ្លែងនៅក្នុង សន្និបាតនោះថា ជាលទ្ធផលនៅទូទាំងប្រទេសយើងមានសាលមត្តេយ្យសិក្សានិងសាលារៀនចំណេះទូទៅ ទាំងសាធារណៈ និងឯកជនសរុប១៤.៥២២ ក្នុងនោះ សាលាមត្តេយ្យសិក្សាចំនួន ៤.៨១០ សាលាបឋមសិក្សាចំនួន៧.៧១៦ អនុវិទ្យាល័យចំនួន១.៣២៤ និងវិទ្យាល័យចំនួន៦៧២ ។
លោកបញ្ជាក់ថា គិតមកដល់ខែកញ្ញាឆ្នាំ២០១៨ សំណង់អគារសិក្សាដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសរុបចំនួន ៤.៣១០ខ្នង ស្មើ២៦.៥៣៨បន្ទប់។ លោករដ្ឋមន្ដ្រីបានបន្ដថា តាមរយៈការធ្វើយុទ្ធនាការប្រមូលកុមារដល់វ័យសិក្សាការសាងសង់អគារសិក្សា ការផ្តល់គ្រូបង្រៀន ការផ្តល់ថវិកាដំណើរការសាលារៀន ការផ្តល់អាហារូបករណ៍ ដល់សិស្សមកពីគ្រួសារក្រីក្រជាពិសេសសិស្សនារីជាដើមបានបង្កលក្ខណៈឱ្យកុមារមានលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានការអប់រំ។
លោកបណ្ឌិតសភាចារ្យបានលើកឡើងថា បច្ចុប្បន្នកុមារអាយុ៥ឆ្នាំបានចូលរៀននៅមត្តេយ្យសិក្សាគ្រប់រូបភាពមានចំនួន ៦៣.១ ភាគរយ,កុមារី ៦៣.៦ ភាគរយ ។ ជាមួយគ្នានេះអត្រាពិតនៃការសិក្សានៅបឋមសិក្សាសាធារណៈនិងឯកជនមានចំនួន ៩៨.០ ភាគរយ (ស្រី៩៨.៥ ភាគរយ)ស្ថិតក្នុង ស្តង់ដារនិងក្នុងកម្រិតប្រហាក់ប្រហែលប្រទេសក្នុងតំបន់ ៕
Source: Kampuchea Thmey Daily
0 Comments