Ad Code

គ្រាន់តែ​ខេត្ត​យូ​ណាន​មួយ មាន​គម្រោង​វិនិយោគ​ចំនួន​២៥ ដែលមាន​ទឹកប្រាក់​ជិត​២​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា



ភ្នំពេញ​ ៖ លោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែង​ថា គ្រាន់តែ​ខេត្ត​យូ​ណាន​មួយ​របស់​ចិន មាន​គម្រោង​វិនិយោគ​ចំនួន​២៥ ដែល​មាន​ទឹកប្រាក់​ជិត​២​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា ពីព្រោះ​ខេត្ត​យូ​ណាន ជា​ខេត្ត​ដែល​មាន​ការ​រីកចម្រើន​យ៉ាងខ្លាំង​លំដាប់​ទី​៣​របស់​ចិន ដែល GDP មាន​រហូតដល់​៨.៩ ភាគរយ ហើយ​ខេត្ត​យូ​ណាន​កំពុងតែ​ប្រឹងប្រែង​ឲ្យ​រីកចម្រើន​បន្ថែម​ទៀត ស្របតាម​ផែនការ​រដ្ឋ ដែល​ដាក់ចេញ​ដោយ​លោក​ប្រធានាធិបតី ស៊ី​ជីន​ពីង ដែល​បាន​កំណត់​ឲ្យ​ឆ្នាំ​២០២០ នឹង​កាត់បន្ថយ​ភាព​ក្រីក្រ​ឲ្យ​នៅ​សូន្យ​ភាគរយ​។



មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​បាន​អះអាង​បែបនេះ បន្ទាប់ពី​ជំនួប​ពិភាក្សា រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោក ឈិន ហាវ លេខា​បក្ស​កុម្មុយនីស្ត​ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩​។



នៅក្នុង​ជំនួប​ពិភាក្សា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​លេខា​បក្ស​កុម្មុយនីស្ត​ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ ទៅកាន់​ខេត្តសៀមរាប និង​បាន​ចាត់ទុកថា​ដំណើរ​ទស្សនកិច្ច​នោះ ទទួលបាន​ជោគជ័យ​យ៉ាង​ល្អប្រសើរ​។ ជាមួយ​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​សំដែង​ការ​អបអរសាទរ​ចំពោះ​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច នៅ​ខេត្ត​យូ​ណាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​មាន​ជិត​៩​ភាគរយ និង​មាន​ផ្ទៃដី​ធំ​ជាង​ប្រទេស​កម្ពុជា​ពី​២​ដង ហើយ​មាន​ប្រជាពលរដ្ឋ​រស់នៅ​រហូត​ជាង​បី​ដង​នៃ​ប្រជាជន​កម្ពុជា​។

ជាមួយគ្នា​នោះ​ លោក​ឧបនាយករដ្ឋមន្ត្រី ក៏​សម្ដែង​ក្តី​រីករាយ​នៅពេល ដែល​ឃើញ​ទំនាក់ទំនង​រវាង​ខេត្ត​យូ​ណាន ក៏ដូចជា​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាមួយ​ប្រទេស​កម្ពុជា មានការ​រីកចម្រើន​កាន់តែ​ខ្លាំងក្លា​ថែមទៀត ហើយ​រហូត​មក​ដល់​ពេល​នេះ ឈរ​នៅ​លំដាប់​នៃ​ទំនាក់ទំនង​យូរអង្វែង ក៏ដូចជា​ស្ថិត​ក្នុង​ភាពជា​មិត្ត​ជិតស្និទ្ធ និង​ជា​អ្នកជិតខាង​ល្អ នឹង​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​លេខា​បក្ស​កុម្មុយនីស្ត​ខេត្ត​យូ​ណាន​នា​ពេល​នេះ បាន​រួម​ចំណែក​កាន់តែ​ប្រសើរ​ថែមទៀត​នៅក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។



លោកស្រី ទួត បញ្ញា បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​នោះ​ដែរ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​នា​ពេល​នេះ ក៏​ដើម្បី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តី​ពី​ការបង្កើត​ក្រុមការងារ​សហប្រតិបត្តិ​ការ​រវាង​ក្រសួងការបរទេស​កម្ពុ​ជា ជាមួយ​មន្ទីរ​ការបរទេស​ខេត្ត​យូ​ណាន​ផងដែរ​។



តាម​លោកស្រី ទួត បញ្ញា នៅក្នុង​ជំនួប​នោះ លោក ឈិន ហាវ លេខា​បក្ស​កុម្មុយនីស្ត​ខេត្ត​យូ​ណាន បាន​ជម្រាប​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​អំពី​សមិទ្ធផល និង​ការ​រីកចម្រើន​នានា របស់​ខេត្ត​យូ​ណាន គឺ​ព្រោះ​ខេត្ត​យូ​ណាន​នេះ ថ្វី​ត្បិត​ជា​ខេត្ត​មួយ​ពិតមែន ប៉ុន្តែ​មាន​ទំហំ​ធំ​ជាង​ប្រទេស​កម្ពុជា​ពីរដង ហើយ​ប្រជាជន​មាន​រហូតដល់​៤៨​លាន​នាក់ ហើយក៏​ជា​ខេត្ត​មួយ​ដ៏​មា​ន​សក្ដានុពល​របស់​ចិន​ផង​ដែរ ហើយ​ដំណើរ​ទស្សនកិច្ច​នេះ ក្នុង​បំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រីកចម្រើន និង​ស៊ីជម្រៅ​ថែមទៀត ស្របតាម​កិច្ច​សហ​ប្រតិបត្តិការ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​កម្ពុជា បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១០​កន្លងមក​។

ជាមួយគ្នា​នោះ លោក ឈិន ហាវ ហើយក៏​បាន​លើក​ឡើង​ពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ខេត្ត​យូ​ណាន ដោយ​អះអាង​ថា បច្ចុប្បន្ន​នេះ​ខេត្ត​យូ​ណាន​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ដែល GDP រហូតដល់​៨.៩ ភាគរយ ហើយ​ខេត្ត​យូ​ណាន​ជាតិ​ជា​ខេត្ត ដែល​មាន​ការរីកចម្រើន​លំដាប់​ទី​៣ ក្នុងចំណោម​ខេត្ត​ទាំងអស់​របស់​ចិន ហើយ GDP សម្រាប់​មនុស្ស​ម្នាក់​ៗ បច្ចុប្បន្ន​នេះ នៅ​ខេត្ត​យូ​ណាន មាន​រហូតដល់​៦​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​មកដល់ពេលនេះ​ខេត្ត​យូ​ណាន​កំពុងតែ​ប្រឹងប្រែង​ឲ្យ​រីកចម្រើន​បន្ថែម​ទៀត​ឈាន​ទៅ​ដល់​៨​ពាន់​ដុល្លារ​ក្នុង​ម្នាក់ ស្របតាម​ផែនការ​រដ្ឋ​ដែល​ដាក់ចេញ​ដោយ​លោក​ប្រធានាធិបតី ស៊ី​ជីន​ពីង ដែល​បាន​កំណត់​ថា ឆ្នាំ​២០២០ ចិន​នឹង​កាត់បន្ថយ​ភាពក្រីក្រ​ឲ្យ ០ (​សូន្យ​) ភាគរយ គឺ​មានន័យថា អស់​ភាពក្រីក្រ​តែម្ដង​។



ជា​ការ​ឆ្លើយតប លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​លេខា​បក្ស​កុម្មុយនីស្ត​ខេត្ត​យូ​ណាន ហើយក៏​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល ដែល​ខេត្ត​យូ​ណាន​ទទួលបាន ហើយ​ដោយសារ​ការខិតខំ​ប្រឹងប្រែង​របស់​ប្រជាជន ក៏ដូចជា​អាជ្ញាធរខេត្ត​យូ​ណាន នឹង​ទទួលបាន​ជោគជ័យ​ជាក់​ជាមិនខាន ក្នុងការ​ធ្វើ​ឲ្យ​ផែនការ​បំបាត់​ភាពក្រីក្រ​នៅពេល​ខាងមុខ​។ តាម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ការរីកចម្រើន​នៅក្នុង​ក្នុង​ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នេះ ដឹង​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ដល់​ការរីកចម្រើន​នៅក្នុង​តំបន់ ជាពិសេស​ដល់​ប្រទេស​កម្ពុជា​ផងដែរ​។



ដោយឡែក​ទាក់ទង​ទៅ​នឹង​ការ​ចុះហត្ថលេខា លោកស្រី ទួត បញ្ញា បាន​អះអាង​ថា គោលបំណង​នៃ​ការ​ចុះហត្ថលេខា​នេះ គឺ​ដើម្បី​ពង្រឹង និង​ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន ជាពិសេស​ក្រោម​ក្របខណ្ឌ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ព្រមទាំង​យន្តការ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​ឡាន​ឆាង​ផង​ដែរ ហើយ MOU នេះ ក៏​ដើម្បី​ជំរុញ​ការតភ្ជាប់​គ្នា​ជា​អន្តរ​វិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ កសិកម្ម អប់រំ ដឹង​ថាមពល​ជាដើម ប៉ុន្តែ​កិច្ច​សហប្រតិបត្តិការ​មិន​បាន​កំណត់​តែ​លើ​វិស័យ ដែល​បាន​រៀបរាប់​ខាងលើ​នោះ​ទេ ពីព្រោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺមាន​ភាព​ទូលំទូលាយ​ខ្លាំងណាស់ ពីព្រោះ​កម្ពុជា និង​ចិន មាន​យុទ្ធសាស្ត្រ​ដៃគូ​គ្រប់​ជ្រុងជ្រោយ​។

លោកស្រី ទួត បញ្ញា បាន​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន ខេត្ត​យូ​ណាន​មាន​គម្រោង​វិនិយោគ​នៅ​កម្ពុជា រហូតដល់​២៥ គម្រោង ដែល​មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​ជិត​២​ពាន់​លាន​ដុល្លារ រួមទាំង​ព្រលានយន្តហោះ​នៅ​សៀមរាប​ផងដែរ ពីព្រោះ​ក្រុមហ៊ុន​ដែល​វិនិយោគ​ព្រលានយន្តហោះ​នោះ គឺជា​ក្រុមហ៊ុន​មកពី​ខេត្ត​យូ​ណាន​គ្រុប​។ ជាមួយគ្នា​នោះ ខេត្ត​យូ​ណាន ក៏មាន​គម្រោង​ពង្រីក​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា​ផងដែរ ដូច្នេះ​ខេត្ត​យូ​ណាន​មាន​សក្តានុពល​យ៉ាងខ្លាំង​។



លោកស្រី​បន្ត​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប​នៅពេលនេះ ក៏បាន​ពិភាក្សាគ្នា​អំពី​ការបង្កើត​ក្រសួង​វប្បធម៌​នៅ​ខេត្តសៀមរាប ពីព្រោះ​ខេត្តសៀមរាប និង​ខេត្ត​យូ​ណាន​ជា​ខេត្ត​សម្ព័ន្ធមេត្រី​ជាមួយគ្នា​។

នៅក្នុង​វិស័យ​អប់រំ ខាង​ខេត្ត​យូ​ន​ណាន​បាន​ប្រកាស​ស្វាគមន៍​ការសិក្សា​នៅ​ប្រទេស​ចិន និង​សន្យា​ផ្តល់​អាហារូបករណ៍​បន្ថែម​ទៀត​ដល់​និស្សិត​កម្ពុជា​។ ដោយឡែក​ខាង​សុខាភិបាល ខេត្ត​យូ​ណាន ក៏បាន​បញ្ជូន​ក្រុម​វេជ្ជបណ្ឌិត​មក​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប ដោយ​មិន​គិតថ្លៃ ព្រមទាំង​ខេត្ត ដែល​នៅជាប់​ផងដែរ ដូច្នេះ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ចិន​មាន​ភាពទូលំទូលាយ ហើយ​ទាំង​ភាគី​កម្ពុជា និង​ភាគី​ចិន​មានបំណង​រួមគ្នា ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឲ្យ​ស៊ីជម្រៅ​បន្ថែមទៀត ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម ការដឹកជញ្ជូន វិនិយោគ និង​ការតភ្ជាប់​នានា​លើ​វិស័យ​ជាច្រើន​ទៀត ហើយ​ភាគី​ខេត្ត​យូ​ន​ណាន​បាន​អះអាងថា ខេត្ត​យូ​ណាន គឺជា​ខេត្ត​មួយ​ដែល​សំបូរ​ផ្កា​ស្រស់ ដែល​ផ្កា​ស្រស់​នេះ មិនមែន​សម្រាប់​ផ្គត់ផ្គង់​តែ​នៅ​ខេត្ត​ណាមួយ​ទេ គឺ​សម្រាប់​ផ្គត់ផ្គង់​សម្រាប់​ប្រទេស​ចិន​ទាំងមូល ថែមទាំង​ទៅកាន់​ប្រទេស​ផ្សេងៗ​ទៀត​នៅលើ​ពិភពលោក​ផងដែរ​។ ចំណែក​ផលិតផល​កាហ្វេ ៩៨​ភាគរយ នៃ​កាហ្វេ​ទាំងអស់​នៅ​ប្រទេស​ចិន គឺ​នាំ​មកពី​ខេត្ត​យូ​ណាន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu