Ad Code

ពិធី​បើក​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​-​មធ្យមសិក្សា​ថ្នាក់​ខេត្ត ​ប្រចាំ​ឆ្នាំ​២០១៨-២០១៩



​រតនគិរី ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៨​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ នៅ​មន្ទីរអប់រំ​យុវជន​ និង​កីឡា​ ខេត្ត​រតនគិរី បាន​ប្រារព្ធ​ពិធី​បើក​ការប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​-​មធ្យមសិក្សា​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​២០១៨-២០១៩​ នៅ​ទីលាន​បាល់ទាត់​អនុវិទ្យាល័យ​ឡា​បាន​សៀក​។

​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ពី​ សំណាក់ លោក ញ៉ែម សំអឿន អភិបាលខេត្ត​ ស្ដីទី និង​មានការ​ចូលរួម​ពី​ លោក លោក​ស្រី ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​ប្រតិភូ​កីឡាករ កីឡា​ការិនី​ មកពី​បណ្ដា​ក្រុង​/ស្រុក​ទាំង​៩​ សរុប​ចំនួន​៧៨៤​នាក់​។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត​ប្រចាំឆ្នាំ​សិក្សា​២០១៨-២០១៩​នេះ​ លោក ញ៉ែម សំអឿន បាន​ធ្វើ​ការ​លើក​ទឹកចិត្ត​ឲ្យ​កីឡាករ កីឡា​ការិនី​ទាំងអស់ ​ត្រូវខិតខំ​ប្រឹង​ប្រែង​ប្រកួត ដើម្បី​ដណ្តើម​យក​ជ័យជម្នះ​ជូន​ក្រុង​/ស្រុក​របស់​ខ្លួន​។​

ជា​ពិសេស​ការប្រកួត​កីឡា​នាំមក​នូវ​សុខភាព​ល្អ អាច​ជៀស​ផុត​ពី​ការប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ ដូច​ជា ការប្រើប្រាស់​អំពើ​ហិង្សា ការ​សេព​គ្រឿងញៀន ល្បែងស៊ីសង...​។​ល​។​ ព្រោះ​កីឡា ​នាំឲ្យ​សុខ​ភាព​ល្អ និង​មាន​វិន័យ វិន័យ​នាំ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​សេចក្ដីថ្លៃថ្នូរ និង​មាន​កិត្តិយស​។​

​លោក​អភិបាលរង​ខេត្ត​ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​មន្ត្រីរាជការ​នៅ​តាម​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត ថ្នាក់​ដឹកនាំ​កីឡាករ​ក្នុង​ក្រុង ស្រុក លោកគ្រូ អ្នកគ្រូ​ទាំងអស់ សូម​ចូលរួម​ចំណែក​បំផុស​ចលនា​កីឡា​ឲ្យ​បាន​ទូលំទូលាយ​។ ជាពិសេស​សកម្មភាព​អប់រំ​កាយ និង​កីឡា នៅ​ក្នុង​សាលារៀន ដើម្បី​ជា​គោល​ដៅ​សុខុមាលភាព ទាំង​ផ្លូវកាយ​ផ្លូវ​បញ្ញា​របស់​ក្មួយៗ សិស្សានុសិស្ស​ផង និង​ចូលរួម​ចំណែក​លើក​ស្ទួយ​ការអភិវឌ្ឍន៍​កីឡា​ក្នុង​ខេត្ត​រតនគិរី​យើង​ផង​ដែរ​។​

​លោក ឈី​វ គឹម​សាយ អនុប្រធាន​មន្ទីរអប់រំ ​យុវជន ​និង​កីឡា​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត​ប្រចាំ​ឆ្នាំ​សិក្សា ២០១៨-២០១៩ មាន​៤​ប្រភេទ​កីឡា រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ និង​អត្តពលកម្ម​។

​ក្នុង​នោះ​បាល់ទាត់​បុរស​នារី បាល់បោះ​បុរស​នារី មាន​៩​ក្រុម បាល់ទះ​បុរស​នារី​មាន​៩​ក្រុម និង​អត្តពលកម្ម ហើយ​ការប្រកួត​នេះ​ ចាប់ផ្ដើម​ពីថ្ងៃ​ទី​១០ ​ដល់​ថ្ងៃទី​១៥ ​ខែ​មីនា ឆ្នាំ​២០១៩​ ដោយមាន​សិស្ស​ជា​កីឡាករ កីឡាការិនី​ ចូលរួម​ប្រកួត​សរុប​ចំនួន​៧៨៤​នាក់ និង​គ្រូបង្វឹក​ចំនួន​៧៤នាក់​។​

ការប្រកួត​នេះ​ សំដៅ​ប្រមូលផ្ដុំ ​កីឡាករ កីឡា​ការិនី​ ដែល​ជា​សិស្ស​ឲ្យ​ចូល​រួម​ប្រកួតប្រជែង ដើម្បី​ដក​ស្រង់​បទពិសោធន៍ បច្ចេកទេស ភាព​សប្បាយ​រីករាយ​ពង្រឹង​កាយសម្បទា ឲ្យ​មាំមួន បង្កើន​ស្មារតី​ឲ្យ​ឈ្លាសវៃ និង​ចៀស​ផុតពី​អំពើ​អសកម្ម​ផ្សេងៗ​ក្នុងសង្គម​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu