Ad Code

ឃុន ឌី​ម៉ា ជួប គីម យ៉ុង ឯ ប៊ុន សុធា ជួប ឆាត ភេត នៅ​សង្វៀន​ខា​រ៉ា​បាវ SEATV



ឃុន ឌី​ម៉ា អ្នក​ប្រដាល់​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ គីម យ៉ុង (Kim Young)​នា​រសៀល​ថ្ងៃ​សៅរ៍​ ទី​១៦​ ខែ​មីនា ឆ្នាំ​២០១៩​នេះ លើស​ង្វៀន​ខា​រ៉ា​បាវ​របស់​SEA-TV។​

គីម យ៉ុង ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​ពីមុនមក។ ដូច្នេះ នេះ​ជា​លើក​ទី​១ របស់​គីម យ៉ុង ដែល​ត្រូវបាន​អ្នក​ផ្គូផ្គង​ឲ្យ​ជួប​ជាមួយ​ឃុន ឌី​ម៉ា នោះ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

អ្នក​ប្រដាល់​ថៃ គីម យ៉ុង នេះ មាន​ស្នៀត​ប្រដាល់​ល្អ​ និង​ខ្លាំង ហើយ​បទពិសោធន៍​លើ​រេញ​របស់​គេ​គួរសម​ដែរ ព្រោះ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៥​លើក ឈ្នះ​៦៣​លើក និង ចាញ់​១២​លើក មិនដែល​ស្មើ ។ នេះ​បើតាម​ លោក ​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​នៅ​SEA-TV​ឲ្យដឹង​នោះ។​

ទោះជា​យ៉ាងណា គីម យ៉ុង លើក​នេះ ជួប​ជាមួយ​ឃុន ឌី​ម៉ា ក៏​ប្រហែលជា​មិន​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ព្រោះ​ឌី​ម៉ា គេ​មាន​ផ្លែ​ល្អ។ និយាយ​រួម បើតាម​កម្រិត​សមត្ថភាព​របស់​ឃុន ឌី​ម៉ា អាច​ចាត់ទុកថា គីម យ៉ុង ពុំ​អាចជា​ឧបសគ្គ​សម្រាប់​ការទទួល​ជ័យជំនះ​របស់​ឌី​ម៉ា នោះឡើយ។

ឃុន ឌី​ម៉ា ក្នុងការ​ប្រកួត​ចំនួន​១០៥​លើក គេ​វាយ​ឈ្នះ​៩១​លើក ចាញ់​១២​លើក និង​ស្មើ​០២​លើក។ ការ​ប្រកួត​ចុងក្រោយ​ជាមួយ​ថៃ ឌី​ម៉ា​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ស្រ៊ី សូ​រាជ (Sri Sorach) ក្នុង​ទឹក​ទី​៤ កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។ តែ​យ៉ាងណា ឃុន ឌី​ម៉ា ក៏ត្រូវ​ប្រយ័ត្ន​ដែរ។

អ្នក​ប្រដាល់ ឃុន ឌី​ម៉ា គេ​មាន​កណ្ដាប់ដៃ​ខ្លាំង និង​សន្ទុះ​ជើង​ទាត់​ខ្លាំង ហើយ​ក៏មាន​ស្នៀត​ជង្គង់​កែង​ល្អ​ដែរ។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​រវាង​ឃុន​ឌី​ម៉ា និង គីម យ៉ុង នេះ?។​

ប៊ុន សុធា អ្នក​ប្រដាល់​វ័យក្មេង សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ឆាត ភេត (Chhart Phat) ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម។​

អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លងមក ដោយសារ​អ្នក​ប្រដាល់​ថៃ​ឆាត ភេត នេះ គេ​ក៏​ទើបតែ​ជា​លើកដំបូង​ដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នេះ ហើយ​ប៊ុន សុធា វិញ គេ​ក៏​ទើប មាន​មុខមាត់​ឡើង​ប្រកួត​ជាមួយ​ថៃ​ម្តង​ពីរដង​ប៉ុណ្ណោះ​ បន្ទាប់ពី​គេ​បានឈ្នះ​ខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់​៥៤ គីឡូ​ក្រាម កាលពីដើម​ខែ​មករា​ ឆ្នាំ​២០១៩​កន្លងមកនេះ។​
​ប៊ុន សុធា គេ​ជា​អ្នក​ប្រដាល់​ដែល​វាយ​បុក​ខ្លាំង។ ប៉ុន្តែ​គេ​វាយ​មិនជា​ប្រើ​ស្នៀត ​ឬ​បច្ចេកទេស ពិសេស​អ្វី​ទេ គឺ​វាយ​អាង​កម្លាំងបាយ​តែម្តង។​ បើ​វាយ​គេ​មិន​ដួល គឺ​ដួល​ខ្លួនឯង​ហើយ នេះ​ជា​ទម្លាប់​របស់​គេ​ពីមុនមក​។ ​ដូចជា ​ក្នុង​ការប្រកួត​លើកចុងក្រោយ​នេះ ប៊ុន សុធា វាយ​ចាញ់​ ម៉ន ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​ដោយ​ពិន្ទុ។​

ទោះជា​យ៉ាងណា ប៊ុន សុធា ពេលនេះ​ខុសពី​លើក​មុន ដោយ​គេ​ប្រកួត​ចេះ​គិត ចេះ​ប្រើ​ខួរក្បាល ពោល​គឺ​គេ​ចេះ​ប្រើ​តិចនិក ម្ល៉ោះហើយ​កម្លាំង​ស៊ុ​ហ្វ​របស់គេ​មិន​ងាយ​អស់​ទេ។

ចំពោះ ឆាត ភេត អ្នក​ប្រដាល់​ថៃ​ដែលជា​គូ​របស់​ប៊ុន សុធា​វិញ បើតាម​លោក​ថៃ អ៊ូ ប្រតិភូ​នាំ កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង​នោះ​ថា គេ​ជា​អ្នក​ប្រដាល់​ដែលមាន​សមត្ថភាព​ខ្ពស់ ដោយមាន​ស្នៀត​ប្រដាល់​ល្អ និង​វាយ​ខ្លាំង​គួរសម​ដែរ។ ឆាត ភេត មាន​កម្ពស់​ខ្ពស់ ដៃ​វែង ជើងវែង ពោល​គឺ​ប្រហាក់ប្រហែល​ទៅ​នឹង​ប៊ុន សុធា​ដែរ​។​

និយាយ​រួម ពួកគេ​ទាំងពីរ​ ប៊ុន សុធា និង អ្នក​ប្រដាល់​ថៃ​ឆាត ភេត​ជា​ជើង​ខ្លាំង​ដូចគ្នា ដូច្នេះ​គេ​ពិបាក​ទាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ណាស់? ដូច្នេះ​ចាំមើល​ការជួបគ្នា​លើកដំបូង​នេះ តើ​ប៊ុន សុធា ឬ​ឆាត ភេត ដែលជា​អ្នកឈ្នះ​នោះ?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu