Ad Code

គ្រូបង្វឹក​បាល់​ទឹក​ចំនួន​៨៥​ភាគរយ​ ទទួល​និទ្ទេស​ល្អ និង​១៥​ភាគរយ ​ទទួល​បាន​និទ្ទេស​មធ្យម​



វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​បាល់​ទឹក​(Water Polo) ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៥​មក​នោះ បាន​បញ្ចប់​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​៧​មីនា។​

វគ្គ​នេះ ទទួលបាន​ការជួយឧបត្ថម្ភ​ទាំងស្រុង​ពី​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ​(FINA) ​មាន​សិក្ខា​កាម​ចូលរៀន​ចំនួន​២០​រូប ដែល​មក​សមាគម​កីឡាហែលទឹក​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង ដឹកជញ្ជូន ខេត្ត​ត្បូងឃ្មុំ បាត់ដំបង កំពង់ចាម ខេត្ត​កណ្ដាល និង ខេត្ត​សៀមរាប។​
​ ​
វគ្គ​នេះ បង្រៀន​ដោយ​គ្រូ​ជនជាតិ​គុយបា គឺ​លោក​Alexander dela Celda Brokina។​ លោក នាង សុរិទ្ធី​យ៉ា អគ្គលេខាធិការ​រង​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​បញ្ជាក់​ឲ្យ​ដឹងថា កីឡា​បាល់​ទឹក​(Water Polo)​នេះ លេង​នៅក្នុង​អាង​សម្រាប់​លោតទឹក គឺ​មិនមែន​នៅក្នុង​អាង​សម្រាប់​ហែល​នោះទេ។​

​ទីលាន​មាន​បណ្ដោយ​ប្រវែង​៣០​ម៉ែត្រ ទទឹង​២០​ម៉ែត្រ កម្ពស់​ទី​០,៩០​ម៉ែត្រ បណ្ដោយ​ទី​ប្រវែង​៣​ម៉ែត្រ និង​លេង​ម្ខាងៗ​៧​នាក់។​ កីឡា​ប្រភេទ​នេះ​ ក្រៅពី​អាជ្ញាកណ្ដាល​បញ្ជាការ​ប្រកួត​ចំនួន​២​រូបនោះ នៅមាន​អាជ្ញាកណ្ដាល​ទី​៣ អ្នក​កាន់​នាឡិកា​កំណត់​ម៉ោង។ ការប្រកួត​មាន​៤​វគ្គ ដែល​មួយ​វគ្គ​មាន​៨​នាទី ហើយ​នៅ​ចន្លោះ​វគ្គ​នីមួយៗ​សម្រាក​២​នាទី ចំពោះ​អាជ្ញាកណ្ដាល​ស្ថិតនៅ​លើគោក។​
​ ​
លោក​ឲ្យ​ដឹង​ទៀតថា ក្នុងការ​សិក្សា​រយៈពេល​៣​ថ្ងៃនេះ នៅ​ថ្ងៃ​ដំបូង​គឺ​សិក្សា​ទ្រឹស្ដី​សុទ្ធសាធ ហើយ​នៅ​ថ្ងៃទី​២​ គឺ​អនុវត្តន៍​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។ នៅ​ថ្ងៃទី​៣ ដែលជា​ថ្ងៃ​ចុងក្រោយ​មានការ​អនុវត្តន៍​ក្នុង​អាងទឹក​ពី​វិធី​បង្ហាត់ ការ​រំលឹក​ឡើងវិញ​ពី​ទ្រឹស្ដី និង ការ​ធ្វើ​តេស្ត។​
​ ​
វគ្គ​សិក្សា ដែលមាន​សិក្ខាកាម​ចំនួន​២០​រូបនេះ បន្ទាប់ពី​ការធ្វើ​តេស្ត​មាន​សិក្ខាកាម​ចំនួន​៨៥​ភាគរយ​បានទទួល​និទ្ទេស​ល្អ និង ១៥​ភាគរយ​បានទទួល​និទ្ទេស​មធ្យម។​
​ ​
លោក Alexander dela Celda Brokina បាន​អះអាងថា នេះ​ជាការ​បើក​វគ្គ​លើក​ទី​២​ហើយៗ​សិក្ខាកាម​ខ្លះ​ជា​កីឡាករ​ហែល​ទឹក ខ្លះ​ជា​កីឡាករ​បាល់​ទឹក តែ​ពេលនេះ​គេ​បាន​ក្លាយជា​គ្រូបង្វឹក​ហើយ។​ ពីមុន​មាន​បច្ចេកទេស​ជា​កីឡាករ តែ​ពេលនេះ​បច្ចេកទេស​ជា​គ្រូបង្វឹក។ ជា​គ្រូបង្វឹក​មានការ​ទទួល​ខុសត្រូវ​ផ្សេង​ពី​កីឡាករ ព្រោះ​គ្រូ​ត្រូវ​យល់ដឹង​ពី​ការបង្កើត​ក្រុម​បាល់​ទឹក ការធ្វើ​កម្មវិធី​ហ្វឹកហាត់ តួនាទី​គ្រូ​នៅ​មុនពេល​ប្រកួត ពេល​កំពុង​ប្រកួត និង​ក្រោយពេល​ប្រកួត។​
លោក ​ហែម គី​រី​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បានទាមទារ​ឲ្យ​សិក្ខាកាម​ទាំងអស់​ត្រូវ​បង្កើត​ឲ្យ​មាន​ក្រុមកីឡា​បាល់​ទឹក​ប្រចាំ​ក្លិប​របស់ខ្លួន ប្រចាំ​សាលា ឬ ខេត្ត​របស់​ខ្លួន។​ លោក​សន្យាថា ឆ្នាំនេះ​ លោក​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទឹក​ឲ្យ​ខាងតែបាន។​
​ ​
សូមបញ្ជាក់ថា កាលពី​ទសវត្សរ៍​៦០ កម្ពុជា​ ធ្លាប់មាន​កីឡា​នេះដែរ តែ​បន្ទាប់ពី​សង្គ្រាម​កីឡា​នេះ ទើប​តែ​បង្កើតបាន​២​ឆ្នាំនេះ​ទេ។ សព្វថ្ងៃ​កម្ពុជា ​ទើប​តែមាន​ក្រុម​បាល់​ទឹក​ចំនួន​២​ក្រុម​ប៉ុណ្ណោះ គឺ​មួយ​ក្រុម​នៅ​រាជធានី​ភ្នំពេញ និង មួយក្រុម​នៅ​ខេត្ត​កំពង់ចាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu