Ad Code

ហ្វីលីពីន​ចាប់ខ្លួន​អ្នកកាសែត​ដែល​រិះគន់​លោក Duterte សាជាថ្មី​



​អ្នកសារព័ត៌មាន​ហ្វីលីពីន​ឈ្មោះ Maria Ressa ដែលជា​អ្នក​រិះគន់​លោក​ប្រធានាធិបតី Rodrigo Duterte ដ៏​ល្បីល្បាញ​គឺ​ត្រូវបាន​គេ​ចាប់ខ្លួន​ជាថ្មី​កាលពី​ថ្ងៃ​សុក្រ​នៅក្នុង​អ្វីដែល​ក្រុម​តស៊ូ​មតិ​សេរីភាព​សារព័ត៌មាន​ហៅថា​ជាការ​សងសឹក​ចំពោះ​គេហទំព័រ​ព័ត៌មាន​របស់លោក​ស្រី​ដែល​ចុះផ្សាយ​អំពី​រឿងរ៉ាវ​របស់​រដ្ឋាភិបាល​។

​លោកស្រី Ressa និង​គេហទំព័រ Rappler របស់លោក​ស្រី​គឺ​ត្រូវ​រងគ្រោះ​ដោយ​ការចោទប្រកាន់​ជា​បន្តបន្ទាប់​ពីបទ​ព្រហ្មទណ្ឌ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តាមរ​យៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វីលីពីន​ហើយ​នាំ​ឲ្យ​មានការ​ចោទប្រកាន់ថា លោកស្រី​និង​ក្រុម​របស់​លោកស្រី​ត្រូវបាន​គេ​កំណត់​គោលដៅ​សម្រាប់​ការងារ​របស់​ពួកគេ​។

​ការចោទប្រកាន់​ចុងក្រោយបង្អស់​នេះ​បាន​ចោទប្រកាន់ថា លោកស្រី​និង​មិត្ត​រួមការ​ងារ​នៅ​គេហទំព័រ Rappler បាន​បំពាន​លើ​ច្បាប់​ស្តីពី​ភាពជា​ម្ចាស់​បរទេស​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ លោកស្រី​ត្រូវបាន​គេ​នាំខ្លួន​ទៅ​មន្ទីរឃុំឃាំង​បន្ទាប់ពី​មកដល់​អាកាសយានដ្ឋាន​ក្រុង​ម៉ានីល​ក្រោយពេល​វិល​ត្រលប់​មកពី​ការធ្វើដំណើរ​នៅក្រៅ​ប្រទេស​វិញ​។លោកស្រី Ressa បាន​ប្រាប់​អ្នកកាសែត​ថា “​សារព័ត៌មាន​នៅក្នុង​ប្រទេស​នេះ​កំពុង​រង​ការវាយប្រហារ​។ យើង​នឹងមិន​ទទួលយក​ការ​គំរាម​ឲ្យ​ចុះចាញ់​ទេ​។ នីតិរដ្ឋ​ត្រូវបាន​ប្រែក្លាយ​ទៅជា​អាវុធ​”​។

​គេហទំព័រ Rappler បាន​រាយការណ៍​យ៉ាង​ទូលំទូលាយ​និង​មិន​ច្បាស់លាស់​អំពី​ការបង្ក្រាប​គ្រឿងញៀន​ដ៏​សាហាវ​របស់លោក Duterte ដែល​បានសម្លាប់​មនុស្ស​អស់​រាប់ពាន់នាក់​ហើយ​ត្រូវបាន​ក្រុម​សិទ្ធិមនុស្ស​និយាយថា​អាចជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​។

​លោក Duterte ក៏បាន​រិះគន់​ផងដែរ​ទៅលើ​បណ្តាញសារព័ត៌មាន​សំខាន់​ផ្សេងៗ​ទៀត​ដូចជា​កាសែត Philippine Daily Inquirer និង​ស្ថានីយ៍ទូរទស្សន៍ ABS-CBN ជាដើម​។​
​លោក​បាន​គំរាមថា​នឹង​តាម​ចាប់​ម្ចាស់​របស់​ពួកគេ​ដោយសារតែ​ការមិន​បង់ពន្ធ​ឬ​រារាំង​ការស្នើសុំ​សិទ្ធិ​ថ្មី​របស់​បណ្តាញ​។លោកស្រី Ressa អាយុ​៥៥​ឆ្នាំ​និង​អតីត​សហការី​គេហទំព័រ Rappler ចំនួន​៦​នាក់​ផ្សេងទៀត​ត្រូវបាន​ចោទប្រកាន់ថា​បានអនុញ្ញាត​ឲ្យ​ជនបរទេស​គ្រប់គ្រង​វេ​ប​សាយ​នេះ​តាមរយៈ​ការលក់​មូល​បាត្រ​បំណុល​ឆ្នាំ​២០១៥​។​
​ក្រោម​រដ្ឋធម្មនុញ្ញ ការវិនិយោគ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវបាន​បម្រុង​ទុក​សម្រាប់​ជនជាតិ​ហ្វីលីពីន​ឬ​អង្គភាព​នានា​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ហ្វីលីពីន​។​គួរ​បញ្ជាក់ថា អាជ្ញាធរ​ហ្វីលីពីន​បាន​ចាប់ខ្លួន​លោកស្រី Ressa ជា​លើកដំបូង​នៅក្នុង​ខែកុម្ភៈ​ពីបទ​បរិហារកេរ្តិ៍​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​៕ AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu