Ad Code

ជន​សង្ស័យ​ម្នាក់​​​ ទាល់តែ​ជាប់​គុក​ទើប​អស់ចិត្ត​ ព្រោះ​ជក់​គ្រឿងញៀន ​និង​គំរាម​សម្លាប់​ប្រពន្ធ



បន្ទាយមានជ័យ​ ​៖ ​ជន​សង្ស័យ​ម្នាក់​រូបរាង​ស្អាតបាត​ នឹង​គេ​ដែរ​ តែ​ចិត្តសាហាវ​ជាង​សត្វ​ខ្លា​ទៅទៀត​ មួយ​ថ្ងៃៗ​មិន​គិត​រក​ស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន​នោះ​ទេ​ គិតតែ​ពី​ដើរ​ជក់​គ្រឿងញៀន ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​រករឿង​ប្រពន្ធ​មិន​ឈប់​ឈាន​ដល់​ចង់​សម្លាប់​ប្រពន្ធ​ចោល​ទៀត។

ដោយ​ទ្រាំ​នឹង​ការ​ធ្វើ​បាប​ពី​ប្ដី​ខ្លាំង​ពេក ​មិន​បាន ​ក៏​រត់​ទៅ​ប្ដឹង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ​ក្រោយពី​ទទួល​បាន​ពាក្យ​បណ្ដឹង​ ហើយ ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ អ៊ុំ សា​ខន ​នាយរង​សេនាធិការ ប្រចាំការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១​នាក់ ។

នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​២៨ ​ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ចាន់គីរី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ហើយក៏ បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត។

លោក​វរសេនីយ៍ទោ​ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ អឿន ណាក់ ភេទ ស្រី អាយុ ៣៧​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ជនសង្ស័យ ឈ្មោះ​ឃួន ហាន ភេទ ប្រុស អាយុ ៣៨​ឆ្នាំ។ គ្រួសារ​នេះ​រស់នៅ​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយប៉ែត​​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ តាម​ការ​រៀបរាប់​របស់​ប្រពន្ធ​ថា​ ប្តី​របស់ខ្លួន​ជា​មនុស្ស​ញៀន​គ្រឿងញៀន​ជា​រៀងរាល់ថ្ងៃ ​ឲ្យ​តែ​ខ្លួន​មកពី​ធ្វើការ​តែងតែ​រករឿង​មិន​ចេះ​ឈប់។

នៅ​មុន​ពេល​កើតហេតុ​នោះ ​ខ្លួន​បាន​ត្រឡប់​មកពី​ធ្វើការ​វិញ ស្រាប់តែ​រករឿង​ឈ្លោះ​ហើយ​បាន​ប្រើ​ហិង្សា​មក​លើ​ខ្លួន និង​បាន​យក​កាំបិតផ្គាក់​មក​គំរាម​សម្លាប់​ទៀតផង​រហូតដល់​ខ្លួន​មិន​ហ៊ាន​នៅផ្ទះ ព្រោះ​ខ្លាច​ប្តី​សម្លាប់​តាម​ការ​គំរាម​ក៏​រត់​មក​ដាក់ពាក្យ​ប្តឹង​តែ​ម្តង។

ចំណែក​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​ចង់​សម្លាប់​ប្រពន្ធ​ពិតប្រាកដ​មែន ដោយសារតែ​ខ្លួន​ខឹង​ប្រពន្ធ​ទៅធ្វើ​ការ​យូរ​ពេក​ត្រឡប់​មកផ្ទះ​យឺត​ពេល។ លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បានបញ្ជាក់​បន្ថែមទៀត​ថា​ផ្អែកលើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​តាម​ការបំភ្លឺ​របស់​ជន​រងគ្រោះ ឃើញថា​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពីបទ ហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួម​ជាមួយ​វត្ថុតាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu