Ad Code

MCL 2019 ៖​ ប៉ូលិស​ប៉ះ​អាស៊ី​អឺរ៉ុប ហើយ​វិសាខា​ជួប​គីរីវង់ និង​ណាហ្គា​វើ​ល ជួប​ក្រសួងការពារជាតិ



ក្រុមបាល់ទាត់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ប៉ូលិស​) ត្រូវ​ប៉ះ​ក្រុម​អាស៊ី​អឺរ៉ុប ហើយ​ក្រុម​វិសាខា ត្រូវ​ជួប​ក្រុម​គីរីវង់​សុខ​សែន​ជ័យ និង​ក្រុម​ណាហ្គា​វើ​ល ប៉ះ​ក្រសួងការពារជាតិ (​ទ័ព​) ក្នុង​សប្ដាហ៍​ទី​២​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League)​ឆ្នាំ​២០១៩​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៣០ ខែមីនា ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។



*​ប៉ូលីស ជួប​អាស៊ី​អឺរ៉ុប​
ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប៉ះ​អាស៊ី​អឺរ៉ុប នៅវេលា​ម៉ោង​៣:៣០​នាទី​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា ហើយ​ការប្រកួត​មាន​នេះ​មាន​ផ្សាយ​ផ្ទាល់​នៅលើ​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC​។ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដឹកនាំ​ដោយ​លោក ប្រាក់ សុវណ្ណារ៉ា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ ក្រុម​នេះ​មានការ​រៀបចំ​ក្រុម​បានល្អ​ច្រើន ទាំង​ការបន្ថែម​កីឡាករ​បរទេស​ដែលមាន​កម្រិត​ខ្ពស់​និង​មានបទពិសោធន៍​ល្អ​ផងដែរ​។ ការប្រកួត​ប្រកួត​បើកឆាក​បាន​ចាញ់​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង ២​ទល់​០​។ ក្រុម​អាស៊ី​អឺរ៉ុប រដូវ​កាល​មុន​ធ្វើ​បានល្អ​ជាង​រាល់​ឆ្នាំ ខណៈ​ឆ្នាំនេះ​ដឹកនាំ​ដោយ​បុគ្គល​សំខាន់​២​នាក់​គឺ​ក្រោម​ការ​ចាប់ដៃគ្នា​រវាង​លោក សុក វាសនា និង​លោក សំ វ៉ា់ន់​ដេ​ត អតីត​គ្រូបង្វឹក​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​។ កាលពី​ប្រកួត​បើកឆាក​ក្រុម​នេះ​បាន​ចាញ់​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល ១​ទល់​០​។



*​វិសាខា ទទួល​គីរីវង់​សុខ​សែន​ជ័យ​
ក្រុម​វិសាខា ទទួល​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​វិសាខា​ហើយ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​របស់​កម្ពុ​ជាថ្មី ផងដែរ​។ លោក ហុក សុ​ជី​វ័​ន្ត ដែលជា​គ្រូបង្វឹក​ក្រុម​វិសាខា បាន​ផ្លាស់ប្តូរ​សម​សភាគ​កីឡាករ​បរទេស​ច្រើន​បើ​ធៀប​នឹង​រដូវ​កាល​មុន​។ យ៉ាងណាក្តី​ក្រុម​នេះ​បានធ្វើ​ដំណើរ​ទៅ​បោះជុំរុំ​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​នៅ​ប្រទេស​ថៃ មួយរយៈ​ផងដែរ​មុន​រដូវ​កាល​ថ្មី​នេះ​មកដល់​។ ប្រកួត​មុន​ក្រុម​នេះ​បាន​ស្មើគ្នា​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ​។

*​ណាហ្គា​វើ​ល ប៉ះ​ក្រសួងការពារជាតិ​
ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល ជួប​ក្រុម​ក្រសួងការពារជាតិ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) ហើយ​ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍ BTV News ផងដែរ​។ ក្រុម​ណាហ្គា​វើ​ល របស់លោក មាស ចាន់ណា វិញ​នៅ​មិនទាន់​រៀបចំ​ក្រុម​បានល្អ​នៅឡើយ​នោះទេ បើ​សង្កេត​តាម​លទ្ធផល​កន្លងមក ព្រោះ​ក្រុម​នេះ​មាន​បេសកម្ម​ប្រកួត​ទាំង​ក្នុងស្រុក​និង​លើ​ឆាក​អន្តរជាតិ ពោលគឺ​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AFC Cup 2019 តំណាងឱ្យ​ក្រុម​ទៅ​ពី​កម្ពុជា​។



ចំណែក​ក្រសួងការពារជាតិ ដែល​ដឹកនាំ​ដោយ​លោក ភា សុភ​ត្រា ដែលជា​គ្រូបង្វឹក​បាន​នាំយក​ម្ចាស់​ស្បែកជើង​មាស​២​នាក់​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ចូលរួម​ក្នុង​ក្រុម​ដោយ​ក្នុងនោះ​មាន​កីឡាករ George Bisan និង​Dzarma Bata​។ លោក ភា សុភ​ត្រា បានលើកឡើង​មុន​រដូវ​កាល​ថ្មី​មកដល់​ថា ​លោក​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ចំនួន​ពីរ​ដែល​ផ្ដោត​ទៅនឹង​ការប្រយុទ្ធ​ខ្លាំង និង​ការពារ ដោយ​អាស្រ័យទៅលើ​សមត្ថ​ភាពជា​ក់​ស្ដែង​របស់​គូប្រកួត​។ លទ្ធផល​កាលពី​ថ្ងៃ​បើកឆាក​ក្រុម​ក្រសួងការពារជាតិ បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ១​ទល់​១​។

ចំណែក​ប្រកួត​ផ្សេងទៀត​ធ្វើឡើង​នៅ​ថ្ងៃទី​៣១ ខែមីនា ដោយ​ក្រុម​សូល​ទី​ឡូ​អង្គរ ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ម៉ោង​៣និង៣០​នាទី លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ហើយ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ទទួល​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​ម៉ោង​ដំណាលគ្នា​លើ​ទីលានកីឡា​បាល់ទាត់​បាទី ហើយ​ក្រុម​ខេត្តកំពង់ចាម ទទួល​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅ​ម៉ោង​៣:៣០​នាទី​ល្ងាច​ដែរ​លើ​ទីលានកីឡា​បាល់ទាត់​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ និង​ក្រុម​អគ្គីសនី​កម្ពុជា ទទួល​ក្រុម​បឹងកេត នៅវេលា​ម៉ោង​ដូចគ្នា​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា​។

តាម​គម្រោង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពានរង្វាន់​មួយ​ចំនួន​ទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu