ក្លិបបាល់ទាត់សូលទីឡូអង្គរ (Soltilo Angkor) សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) ដែលមានមូលដ្ឋាននៅខេត្តសៀមរាប បានប្រកាសពីកិច្ចព្រមព្រៀងជាដៃគូជាមួយនឹង Mothers House LTD សម្រាប់រដូវកាលបាល់ទាត់ឆ្នាំ២០១៩ នេះ។
ក្រោយសម្រេចលើកិច្ចព្រមព្រៀងជាមួយគ្នានេះនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Mathershouse Ltd លោក Yuzuru Yamada បានលើកឡើងថា «យើងមានមោទនភាពនិងសប្បាយរីករាយណាស់ដែលបានបន្តកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ SOLTILO Angkor Football Club។ យើងជាអ្នកគ្រប់គ្រងមើលថែមនុស្សចាស់ជរា នៅក្នុងគេហដ្ឋានរបស់ពួកគេ។ ហើយយើងចង់ដើររួមគ្នាជាមួយអ្នកនៅក្នុងស្រុកនឹងផ្ទាល់។ យើងមានអារម្មណ៍ដិតដាមជាមួយក្លឹបនេះដែលស្រឡាញ់សហគមន៍។ យើងកំពុងនឹងទន្ទឹងរង់ចាំការបោះជំហានទៅមុខរបស់ក្លឹបនេះ ហើយក៏មិនអាចខ្វះបាននៅខេត្តសៀមរាប យើងមានមោទនភាពក្នុងការគាំទ្រនិងឧបត្ថម្ភដល់ SOLTILO Angkor FC នេះ»។
ក្លិបបាល់ទាត់សូលទីឡូអង្គរ ដឹកនាំដោយលោកKento Fujihara ស្របពេលប្រកួតបើករដូវកាលដំបូងក្រុមនេះរកបាន១ពិន្ទុ ក្រោយស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះវិសាខា។ ចំណែកប្រកួតបន្ទាប់របស់ក្រុមសូលទីឡូអង្គរ គឺនៅថ្ងៃទី៣១ ខែមីនា ដោយប៉ះព្រះខ័នរាជស្វាយរៀង នៅម៉ោង៣និង៣០នាទី លើទីលានកីឡដ្ឋានខេត្តសៀមរាប។
កាលពីស្ថិតនៅក្រោមការដឹកនាំរបស់លោក Yuki Matsudaដែលជាគ្រូបង្វឹកចាស់ បានឈរនៅចំណាត់ថ្នាក់លេខ១០ ក្នុងចំណោមសមាជិកទាំង១២ក្នុងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០១៨ ក្រោយរកបានជ័យជម្នះចំនួន៥ លើក ហើយធ្លាប់ស្មើ៥ លើកនិងចាញ់១២ លើកមាន២០ពិន្ទុ ដែលអាចបន្តក្នុងលីគកំពូលរដូវកាលបន្ទាប់ទៀត។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញក្រុមសូលទីឡូអង្គរ បានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់គូប្រជែងក្នុងខេត្តតែមួយគឺអង្គរថាយហ្គីរ ដោយលទ្ធផលទាំង២ជើង៣ទល់២៕
Source: Kampuchea Thmey Daily
0 Comments