Ad Code

ឃុំខ្លួន​យុវតី​ដែល​បើក​រថយន្ត Range Rover​ បុក​និស្សិត​ស្លាប់



ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ​ប៊ុន ធី នៅ​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​មីនា ឆ្នាំ​២០១៩​នេះ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​យុវតី​ ឈ្មោះ​ យិន ឃុន​ម៉ី ហៅ ម៉ា​ណា អាយុ​១៧​ឆ្នាំ ដែល​បើក​រថយន្ត​បុក​និស្សិត​ស្រី​ម្នាក់​ស្លាប់ ក្រោម​ការចោទប្រកាន់​ ពី​បទ​បើកបរ​ធ្វេសប្រហែស​ខ្ជីខ្ជា​ មិន​ប្រុង​ប្រយ័ត្ន​ បណ្ដាលឲ្យ​ស្លាប់​អ្នកដទៃ តាម​មាត្រា​៨៥ ​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក។​

មាត្រា​៨៥ ​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បានកំណត់​ឲ្យ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ នៅ​ក្នុង​កថាខណ្ឌ​ទី​១។​ កថាខណ្ឌ​ទី​២-បានកំណត់​ឲ្យ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ។​

លោក​ យិន ហ្គិ​ច ជា​ឪពុក ​បាន​នាំខ្លួន​កូនស្រី​ទៅ​ប្រគល់ជូន​សមត្ថកិច្ច​ចាត់កា​រ​តាមច្បាប់​ភ្លាមៗ​ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ។ ជនសង្ស័យ​ ឈ្មោះ យិន ម៉ា​ណា ដែលជា​តៃកុង​រថយន្ត Range Rover ស្លាក​លេខ 7777 បុក​និស្សិត ​ឈ្មោះ ឌុំ រី​ដា ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​តុលាការ​ចាត់ការ​តាមច្បាប់​។​

ពាក់ព័ន្ធ​ករណីនេះ លោក សែម គ​ន្ធា ប្រធានការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សំណុំរឿង​ខាងលើនេះ ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ហើយ​កាលពី​រសៀល​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩​ ម្សិលមិញ​។​

សូម​ជម្រាបជូន​ថា បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ ឈ្មោះ យិន ម៉ា​ណា បាន​បើក​រថយន្ត ម៉ាក Range Rover ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-7777 បុក​ជនរងគ្រោះ ​ឈ្មោះ ឌុំ រី​ដា ស្លាប់​ កាលពី​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ លោក យិន ហ្គិ​ច ជា​ឪពុក​ជន​បង្ក​បាន​ព្យាយាម​ដោះ​ស្រាយ និង​ទទួលខុសត្រូវ ​ដោយបាន​ចូល​បុណ្យ​សព​ជនរងគ្រោះ​ចំនួន​៥.០០០​ដុល្លារ​។​

បន្ទាប់ពី​ចូល​បុណ្យ​សព លោក យិន ហ្គិ​ច បាន​នាំ​ខ្លួន​កូនស្រី​ទៅ​ប្រគល់​ជូន​សមត្ថកិច្ច​ជំនាញ ​ដើម្បី​ចាត់ការ​តាមច្បាប់ និង​ទទួលខុសត្រូវ​ចំពោះ​សំណង​ជំងឺ​ចិត្ត​ទៅ​គ្រួសារ​ជនរងគ្រោះ​ថែម​ទៀត​ផង​។​

ទោះជា​យ៉ាងណា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នេះ​ត្រូវ​បាន​មហាជន​រិះគន់ និង​ សម្ដែង​ក្តី​ខឹងសម្បា និង​ទទូច​ឲ្យ​មាន​ការ​ចាត់​ការ​​ផ្លូវច្បាប់​លើ​ជនបង្ក​ឲ្យ​សក្ដិសម​នឹង​កំហុស ដើម្បី​ទុកជា​ការ​ព្រមាន​ដល់​អ្នកបើកបរ​ដទៃ​ទៀត​។

សូម​រំលឹកថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ​បង្កឡើង​ដោយ​ឡាន Range Rover ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-7777 បើក​លឿន​ទៅបុក​ជនរងគ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​គុប​ជ្រុង​ នៅ​ចំណុច​ផ្លូវបំបែក​ជា​៤ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

ក្រោយ​បង្កហេតុ តែ​កុង​រថយន្ត​បាន​ព្យាយាម​បើក​រត់​គេច​ខ្លួន ប៉ុន្តែ​សំណាងល្អ​ដែល​មាន​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​បាន​ថត​ជាប់​ស្លាក​លេខ​រថយន្ត រហូត​សមត្ថកិច្ច​អាច​កំណត់​មុខសញ្ញា​ម្ចាស់​រថយន្ត​ខាងលើ​បាន។​

ពាក់ព័ន្ធ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ដែរ តាម​ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​សាកសួរ​យុវតី យិន ម៉ា​ណា ចប់​សព្វគ្រប់​ នៅ​រសៀល​ថ្ងៃ​ទី​២៩​មិនា​នេះ លោកស្រី​ កែវ សុគន្ធា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ទទួលបន្ទុក​សំណុំរឿង​ក្ដី​នេះ បាន​សម្រេច​ចោទ​ប្រកាន់ យិន ម៉ា​ណា ពីបទ​បើកបរ​ធ្វេសប្រហែស ​បណ្ដាល​ឲ្យ​ស្លាប់​អ្នកដទៃ​ដោយ​អចេតនា តាម​មាត្រា​៨៥​ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក។​ បន្ទាប់មក ​រឿងក្ដី​នេះ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​សម្រេច​តាម​នីតិវិធី។​

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃទី​២៩​មីនា​នេះ​ដែរ លោកស្រី ផាត់ ពៅ ជា​ម្ដាយ​របស់​សព ​កញ្ញា ឌុំ រី​ដា បានដាក់​ពាក្យបណ្ដឹង​ទាមទារ​សំណង​ពី​ ឈ្មោះ​ យិន ម៉ា​ណា ដែល​ជា​អ្នក​បើក​រថយន្ត​បង្ក​គ្រោះថ្នាក់​ចំនួន​២០​ម៉ឺន​ដុល្លារ​អាមេរិក៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu