សៀមរាប ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន៣ ដល់រដ្ឋមន្ត្រីនៃប្រទេស ចរចា RCEP ទាំង ១៦ ដើម្បីបញ្ចៀសការខ្វែងគំនិតគ្នានៅក្នុងវិស័យមួយចំនួន សំដៅពន្លឿនការបង្កើតតំបន់ពាណិជ្ជកម្មសេរី RCEP ដ៏ពេញលេញ មួយទៅតាមការចង់បានរបស់ប្រទេសចូលរួម។
អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អនុសាសន៍នេះនៅក្នុងពិធីបើកអន្តរកិច្ចប្រជុំ រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (7th RCEP ISSL-MM) នៅខេត្តសៀមរាប កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២មិនា នេះ។
អនុសាសន៍ទាំង៣ នោះរួមមាន ៖
ទី១.ភាគីទាំងអស់ ត្រូវចាត់ទុកកិច្ចចរចាទាំងនេះជាដំណើរការឈ្នះឈ្នះ ដែលលទ្ធផលចុងក្រោយនៃកិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ភាគីទាំងអស់ ទោះជាក្នុងកម្រិតខុសគ្នាក៏ដោយ។ ទី២.បើទោះបីជាមានរបៀបវារៈសេដ្ឋកិច្ចផ្សេងៗគ្នា ភាគីចចារទាំងអស់ ត្រូវនាំគ្នាពិនិត្យមើលទិដ្ឋភាពរួម នៃសក្ដានុពល និងអត្ថប្រយោជន៍ដ៏ធំធេង នៃកិច្ចព្រមព្រៀង RCEP ដើម្បីឲ្យដំណើរការនៃកិច្ចចរចានេះ អាចជម្នះឧបសគ្គដែលនៅសេសសល់។
ទី៣.សូមរដ្ឋមន្ត្រី នៃប្រទេសចូលរួមទាំងអស់ គោរពឆន្ទៈនយោបាយ និង ផ្តល់ការណែនាំដល់សមាជិក នៃគណៈកម្មការ ចរចាពាណិជ្ជកម្មរបស់យើង នូវភាពទន់ភ្លន់ និង យោគយល់គ្នា ស្របតាមគោលការណ៍ណែនាំ ដែលបានឯកភាពគ្នាកាលពីឆ្នាំ២០១២ ជាពិសេស ផ្តល់នូវប្រព្រឹត្តិកម្មពិសេស (ភាពអនុគ្រោះពន្ធ) និងការបើកច្រកទីផ្សារដល់ប្រទេសអភិវឌ្ឍន៍តិចតួច ដែលមានទំហំសេដ្ឋកិច្ចតូចនៅឡើយ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់(Regional FTA) ដែលកំពុងស្ថិតក្នុងដំណាក់កាល នៃការចរចា ដែលមានប្រទេសចូលរួមចរចាចំនួន ១៦ រួមមាន ៖ ប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូ ពាណិជ្ជកម្មសេរីអាស៊ានចំនួន ៦(អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង នូវែលហ្សេឡង់)។
RCEP ជាគំនិតផ្ដួចផ្ដើមរបស់អាស៊ានដែលផ្អែកលើកុងសង់ស៊ីសសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តដែលបានចាប់ផ្តើមចរចា ក្នុងឆ្នាំ២០១២ នៅព្រះរាជាណាចក្រកម្ពុជា។
RCEP មានទំហំ GDP ជិត ៣០% នៃGDPពិភពលោក(គិតត្រឹមឆ្នាំ២០១៤) មានប្រជាជនស្ទើរតែពាក់កណ្ដាល នៃចំនួនប្រជាជន ពិភពលោកសរុប, មាន ៣១,៦% នៃផលិត កម្មពិភពលោក, ២៨.៥% នៃពាណិជ្ជកម្មពិភពលោក និងមួយភាគប្រាំ (១/៥) នៃលំហូរវិនិយោគ ផ្ទាល់ពីបរទេសរបស់ពិភពលោក (គិតត្រឹមឆ្នាំ២០១៦)។
RCEP មានប្រភពដើមមកពីគំនិតផ្ដួចផ្ដើម នៃកិច្ចព្រមព្រៀងចំនួនពីរ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ីបូព៌ា(East Asia Free Trade Agreement - EAFTA) ដោយផ្អែកលើរូបមន្តអាស៊ាន បូកបី (ស្នើឡើងដោយចិន) និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយសម្រាប់អាស៊ីបូព៌ា (Comprehensive Economic Partnership in East Asia - CEPEA) ផ្អែកលើគំរូកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (ស្នើឡើងដោយជប៉ុន)៕
Source: Kampuchea Thmey Daily
0 Comments