បន្ទាយមានជ័យ ៖ ក្រុមការងារអន្តរក្រសួង ចុះពិនិត្យទីតាំងកែច្នៃសំរាម និងទីតាំងអាងប្រព្រឹត្តកម្មទឹកស្អុយ និងប្រព័ន្ធលូទឹកភ្លៀងនៅក្រុងសិរីសោភ័ណ កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩។
លោក វង្ស ពិសិដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានសាធារណការក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រធានគ្រប់គ្រងគម្រោងទន្លេសាប២ ដែលធ្វើឲ្យប្រសើរឡើងផ្នែកអនាម័យ បរិស្ថាន សំណល់រឹង រាវ នៃបណ្តាខេត្តជុំវិញបឹងទន្លេសាប PMU បានដឹកនាំក្រុមការងារក្រុមការងារអន្តរក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាធារណការ និងដឹកជញ្ជូន ធនាគារអភិវឌ្ឍន៍អាស៊ី ADBទីប្រឹក្សាបច្ចេកទេសConsultantនិងជំនាញខេត្តទៅពិនិត្យទីតាំងគម្រោងទីលានកែច្នៃ សំរាម នៃគម្រោងទន្លេសាប២ នេះ នៅជើងភ្នំកងវ៉ា ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ទីតាំងនេះ ជាដីជើងភ្នំ ហើយ ត្រូវបានទីប្រឹក្សាគម្រោងរបស់ADB សិក្សា ចង្អុលបង្ហាញ និងកំណត់យកទំហំដី១០ហិកតា វាជារណ្ដៅដីកាយនៅជាយខាងជើងក្រុងនេះ។
នៅថ្ងៃដដែល ក្រុមការងារ ក៏បានបន្តទៅពិនិត្យទីតាំងគម្រោងអាងប្រព្រឹត្តកម្មចម្រោះទឹកស្អុយ នៃគម្រោងនេះ លើដីទំហំ២៤ហិកតា នៅភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយក៏មើលដែរ នូវទីតាំង នៃវិសាលភាពក្រុងសិរីសោភ័ណដែលត្រូវគ្រោងដាក់ប្រព័ន្ធលូរងទឹកភ្លៀង។
លោក ជា សុវណ្ណធួន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងជាប្រធានអនុវត្តគម្រោងPIU នៃគម្រោងទន្លេសាប២ ខេត្តបន្ទាយមានជ័យឲ្យដឹងថា គម្រោងនេះ ទទួលបានការគាំទ្រនិងអនុវត្តនៅខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង កំពង់ធំរួចហើយ ចំណែកខេត្តបន្ទាយមានជ័យបានជាប់និងត្រៀមអនុវត្តនៅក្រុង២ គឺក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត គម្រោងនេះនឹងនាំឲ្យគ្រប់គ្រងសំណល់រឹងរាងបានល្អប្រសើរឡើង ហើយជួយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សុខុមាលភាព កម្រិតជីវភាព ក៏ដូចជាធ្វើទំនើបកម្មលើបរិស្ថាន៕
Source: Kampuchea Thmey Daily
0 Comments