ប្រទេសបង់ក្លាដែស បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងមិនអាចទទួលយកជនភៀសខ្លួនមកពីប្រទេសមីយ៉ាន់ម៉ាបានទៀតទេ។
រដ្ឋមន្ត្រីការបរទេស Shahidul Haque បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាថា វិបតិ្តលើការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់នៅក្នុងប្រទេសរបស់គាត់ បានធ្លាក់ចុះកាន់តែអាក្រក់ទៅៗហើយបានជំរុញឲ្យក្រុមប្រឹក្សាចាត់វិធានការកុំរារែក។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រហែល៧៤០,០០០នាក់កំពុងរស់នៅក្នុងជំរំនៅប្រទេសបង់ក្លាដែសបន្ទាប់ពីពួកគេត្រូវបានបណ្តេញចេញពីរដ្ឋរ៉ាក់ឃីនភាគខាងជើងប្រទេសមីយ៉ាន់ម៉ាក្នុងអំឡុងយុទ្ធនាការយោធាមួយកាលពីឆ្នាំ២០១៧ដែលអង្គការសហប្រជាជាតិពណ៌នាថាជា ការបោសសម្អាតជនជាតិភាគតិច។
លោក Haque បាននិយាយថា “ខ្ញុំសោកស្តាយណាស់ក្នុងការជូនដំណឹងដល់ក្រុមប្រឹក្សាថា ប្រទេសបង់ក្លាដែសមិនមានលទ្ធភាពទទួលយកមនុស្សបន្ថែមទៀតពីប្រទេសមីយ៉ាន់ម៉ាទេ”។
ក្រោមកិច្ចព្រមព្រៀងមួយដែលបានសម្រេចជាមួយប្រទេសបង់ក្លាដែស ប្រទេសមីយ៉ាន់ម៉ាបានយល់ព្រមទទួលយកជនភៀសខ្លួនមួយចំនួនត្រលប់មកវិញប៉ុន្តែអង្គការសហប្រជាជាតិទទូចថា សុវត្ថិភាពរបស់ជនជាតិរ៉ូហ៊ីងយ៉ាគឺជាលក្ខខណ្ឌមួយសម្រាប់ការវិលត្រលប់របស់ពួកគេ។
បន្ទាប់ពីធ្វើដំណើរ៥លើកទៅប្រទេសមីយ៉ាន់ម៉ា ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី Christine Schraner Burgener បានរាយការណ៍អំពីការរីកចម្រើនយឺតយ៉ាវក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ជនជាតិរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់ឲ្យត្រលប់ទៅផ្ទះវិញហើយបានព្រមានថា ការបោះឆ្នោតរបស់ប្រទេសមីយ៉ាន់ម៉ានៅឆ្នាំក្រោយនេះអាចធ្វើឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរ។
អ្នកការទូតស្វីសដែលត្រូវបានតែងតាំងកាលពីខែមេសាឆ្នាំមុនជាបេសកជនអង្គការសហប្រជាជាតិសម្រាប់ប្រទេសមីយ៉ាន់ម៉ារូបនេះបាននិយាយថា ភ្នាក់ងារអង្គការសហប្រជាជាតិត្រូវបានគេផ្តល់លទ្ធភាពមិនគ្រប់គ្រាន់ដើម្បីជួយរៀបចំការវិលត្រលប់របស់ជនជាតិរ៉ូហ៊ីងយ៉ា។
ស្របពេលជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាលោក Hau Do Suan បានទទូចថា រដ្ឋាភិបាលរបស់លោកកំពុងចាត់វិធានការនិងអំពាវនាវឲ្យមានការអត់ធ្មត់៕ AFP
Source: Kampuchea Thmey Daily
0 Comments