Ad Code

និពន្ធ​នាយករង​សារ​ព័ត៌មាន​ថ្ងៃស្អែក​ កំពុង​រង​នូវ​ពាក្យបណ្ដឹង ​ពីបទ​ញុះញង់​ និង​ហិង្សា​លើ​អ្នកកាន់​កាប់​អចលនវត្ថុ



ភ្នំពេញ ៖ និពន្ធ​នាយករង​សារ​ព័ត៌មាន​ និង​គេហទំព័រ ថ្ងៃស្អែក កំពុង​រង​នូវ​ពាក្យបណ្ដឹង ពី​បទ​ញុះញង់​ និង​ប្រើ​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដែល​ប្រព្រឹត្តិ​ធ្វើឡើង​នៅ​ភូមិ​អង្កោល​ ឃុំ​អង្កោល​ ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប។

យោងតាម​ប្រភពពី ​លោក​ ពៅ ស្រី​សួគ៌ អត្តលេខ​៣២៧​ ជា​សមាជិក​គណៈ​មេធាវី​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ការិយាល័យ​ មេធាវី​ និរតី​ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៨​កុម្ភៈ​នេះ​ លោក​បានដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ ដោយ​សុំ​ឲ្យ​ស្ថាប័ន​នគរបាល​ជួយ​រក​យុត្តិធម៌​ដល់​កូនក្តី​របស់លោក​ដែល​ត្រូវបាន​ លោក ស៊ន ម៉ៅ មុខងារ​ជា​និពន្ធ​នាយករង​សារព័ត៌មាន ​និង​គេហទំព័រ​(​ថ្ងៃស្អែក​)​ និង​ស្ត្រី​ម្នាក់ទៀត ​ឈ្មោះ សាំង ឌៀប បាន​ប្រើ​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​កូនក្តី​របស់​លោក។

លោក​មេធាវី​បាន​បញ្ជាក់​ពី​ហេតុការណ៍​នេះ​ថា កាលពី​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃទី​២៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​កន្លងទៅនេះ ​ឈ្មោះ​ ស៊ន ម៉ៅ ជា​និពន្ធ​នាយករង​សារព័ត៌មាន ​និង​គេហទំព័រ​ថ្ងៃស្អែក ​រួម​នឹង​ស្ត្រី​ឈ្មោះ​ សាំង ឌៀប​ ដែល​មាន​ទីលំនៅ​ក្នុង​ភូមិ​អង្កោល​ ឃុំ​អង្កោល ​ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប ​បាន​ដឹកនាំ​បក្ខពួក​មក​ជីក​រណ្ដៅ​ និង​ដាំ​បង្គោល​ធ្វើជា​របង​ចំនួន​៥០​បង្គោល ​លើដី​កូនក្តី​របស់ លោក​ទាំង​បំពាន ​បើទោះបីជា​អ្នក​ចាំ​ដី​ធ្វើការ​ហាមឃាត់ ​ក៏​ពួកគេ​មិន​ស្តាប់​ដែរ​ ព្រមទាំង​គំរាមកំហែង​មក​លើ​អ្នក​ចាំ​ដី​របស់​កូនក្តី​ លោក​ទៀត​ផង។ ខណៈ​នោះ ​អ្នក​ចាំ​ដី មិន​ហ៊ាន​តប​ត ទេ ​ព្រោះ​ខ្លាច​មាន​អំពើ​ហិង្សា​កើតឡើង​រហូតដល់​ក្រុម​ លោក ​ស៊ន​ ម៉ៅ និង​ ស្ត្រី សាំង ឌៀប​ ព្រមទាំង​បក្ខពួក​បាន​ដាំ​បង្គោល​ធ្វើ​របង​ក្នុង​ដី​កម្មសិទ្ធិ​របស់​កូនក្តី​របស់ លោក​បានសម្រេច​តែម្តង។

លោក​មេធាវី បាន​បញ្ជាក់​នៅក្នុង​ពាក្យបណ្ដឹង​ថា​ ដី​កូនក្តី​របស់លោក ​គឺ​បាន​ទិញ​ពី​ លោក​ ច​ន្ទ័ សំអាង កាលពី​ថ្ងៃ​ទី​៣០ ​ខែ​ឧសភា ​ឆ្នាំ​២០១៦ ​ក្នុង​ទំហំ ៩,៣៥០​ម៉ែត្រការ៉េ​(​ប្រាំបួន​ពាន់​បី​រយ​ហាសិប​ម៉ែត្រការ៉េ​)​ដោយមាន​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី​លេខ ​:៦៩២/១៨​អក​ ចុះ​ថ្ងៃទី​២១​ ខែ​កក្កដា​ ឆ្នាំ​២០១៨ ​របស់​លោក​មេឃុំ​អង្កោល​ និង​មានការ​ទទួលស្គាល់​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រឹមត្រូវ​ទៀត​ផង។

លោក​មេធាវី ពៅ ស្រី​សួគ៌ បាន​បន្ត​ថា ​នៅ​ថ្ងៃ​ដែល​ លោក ​ស៊ន ម៉ៅ​ និង​បក្ខពួក​មក​ជីក​រណ្ដៅ​ដាំ​បង្គោល​លើដី​កូនក្តី​របស់លោក​នោះ ​គឺ​ស្ត្រី ​ឈ្មោះ ​សាំង ឌៀប បាន​កាន់​ចបជីក​គំរាម​រក​វាយ​អ្នក​ចាំ​ដី​ឲ្យ​កូនក្តី​របស់លោក​ ហើយ​ស្ត្រី​រូបនេះ​អះអាងថា​ ជា​ដី​របស់គាត់​ និង​ដោយមាន​ការ​ឃុបឃិត​ពី​ឈ្មោះ ​ស៊ន ម៉ៅ ​ជា​និពន្ធ​នាយករង​សារព័ត៌មាន ​និង​គេហទំព័រ​ថ្ងៃស្អែក​ជា​អ្នកកាង ​និង​ញុះញង់​បន្ថែម​ទៀត​ ដោយ​បំពាន​ច្បាប់ ​និង​សំអាង​ថា​ ខ្លួន​ជា​និពន្ធ​នាយករង​សារព័ត៌មាន​ថ្ងៃស្អែក​ផង​នោះ។

លោក​មេធាវី​បាន​បញ្ជាក់​ទៀត​ថា​ នៅ​ថ្ងៃទី​២៨​កុម្ភៈ​នេះ​ បាន​ដាក់​ពាក្យបណ្ដឹង​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​កែប​ និង​បន្ត​ដាក់​ពាក្យបណ្ដឹង​មក​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ដល់​កូនក្តី​របស់​លោក​។​

ក្នុង​ពាក្យបណ្ដឹង​ដែល​ដាក់​ចូលមក​ស្ថាប័ន​ទាំងពីរ​ខាងលើ ​គឺ​ជនរងគ្រោះ​បាន​សំណូមពរ​ដូចខាង​ក្រោម ៖
​ទី​១-​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ ឈ្មោះ​ ស៊ន ម៉ៅ ឈ្មោះ សាំង ឌៀប​ និង​បក្ខពួក​តាមផ្លូវ​ច្បាប់​។​
​ទី​២-​ទាមទារ​សំណង​ជំងឺ​ចិត្ត សេវា ​មេធាវី​ និង​ការ​ចំណាយ​ផ្សេងៗ​ចំនួន​៨០​លាន​រៀល​។​

គួរ​បញ្ជាក់​ថា ​រឿងហេតុ​ខាងលើនេះ ​គឺ​បង្កឡើង​ដោយ​ ឈ្មោះ ​ស៊ន ម៉ៅ អាង​អំណាច​ខ្លួន​ជា​និពន្ធ​នាយករង​សារព័ត៌មាន ​និង​គេហទំព័រ​ថ្ងៃស្អែក​។ ​ដូច្នេះ​ហើយ​ ទើប​ លោក​មេធាវី ពៅ ស្រី​សួគ៌ បាន​សម្រេច​ដាក់ពាក្យ​បណ្តឹង​មក​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដើម្បី​ឲ្យ​លោក​រដ្ឋមន្ត្រី​ចាត់ការ​តាមផ្លូវ​ច្បាប់ ​ស្ដីពី​វិជ្ជាជីវៈអ្នក​សារព័ត៌មាន​ដែល​មាន​សិទ្ធិ​សរសេរ​តែ​ព័ត៌មាន​ពិត​ ពុំ​មែន​អាង​ខ្លួន​ជា​អ្នក​សារ​ព័ត៌មាន ​បែរជា​ទៅ​ប្រើ​ហិង្សា​យក​បក្ខពួក​ទៅ​រំលោភបំពាន​ហ៊ុមព័ទ្ធ​យក​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​តាម​ការចង់បាន​របស់​ខ្លួន​ឡើយ​។ ​ព្រោះ​ប្រទេស​មាន​ច្បាប់។

លោក​មេធាវី​ សង្ឃឹម​ជឿជាក់​ទៅលើ​ប្រព័ន្ធ​ច្បាប់​ និង​ស្វែងរក​យុត្តិធម៌​ជូន​ដល់​កូនក្តី​របស់​លោក​ជាក់​ជាមិនខាន​៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu