Ad Code

ជម្រុះ​ខ្សែក្រវាត់​Wurkz ជុំ​ទី​៣ ៖ សារឿន ច័ន្ទ ជួប Super Man ឯ ហេង វាសនា ជួប Chhai Yo



ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Wurkz ទម្ងន់​៦០​គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV នា​រសៀល​ថ្ងៃអាទិត្យ ​ទី​០៣​ ខែ​មីនា ឆ្នាំ​២០១៩​នេះ ជាការ​ប្រកួត​ជម្រុះ​ជុំ​ទី​៣ រវាង​អ្នក​ប្រដាល់​កម្ពុជា សារឿន ច័ន្ទ ក្លិប​តា​ព្រហ្ម​មានជ័យ និង​អ្នក​ប្រដាល់​ថៃ Super Man ហើយ​អ្នក​ប្រដាល់​កម្ពុជា​ហេង វាសនា ក្លិប​ព្រៃទទឹង ខេត្តបាត់ដំបង និង​អ្នក​ប្រដាល់​ថៃ Chhai Yo។​

សម្រាប់​ជំនួប​រវាង​ សារឿន ច័ន្ទ ក្លិប​តា​ព្រហ្ម​មានជ័យ និង Super Man។ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ដោយសារ Super Man ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី ទើប​មក​ប្រកួត​លើក​ដំបង​ក្នុង​ជម្រុះ​ខ្សែក្រវាត់​នេះ។

សារឿន ច័ន្ទ គេ​បាន​ចូល​ជំនួស​ចាន់ សំអាត ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង ដែល​ធ្វើការ​ប្រកួត​បាន​១​ប្រកួត ក៏​បោះបង់ចោល​ការប្រកួត​ដោយសារ​ជួប​បញ្ហា​សុខភាព។ ចាន់ សំអាត វាយ​ចាញ់​ថៃ Yorth Katangyou ១​ប្រកួត បន្សល់​ទុក​ឲ្យ​ សារឿន ច័ន្ទ បន្ត​មកដល់​ជុំ​ទី​៣​នេះ។​

កាលពី​ប្រកួត​ជុំ​ទី​២ សារឿន ច័ន្ទ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Chhav Vallit ក្នុង​ទឹក​ទី​៣​ដែល​ធ្វើឲ្យ​​សារឿន ច័ន្ទ បាន​៤​ពិន្ទុ ក្នុង​ពីរ​ប្រកួត​បូក​ទាំង​១​ប្រកួត​របស់ ​ចាន់ សំអាត​ ផង។ ចំពោះ​អ្នក​ប្រដាល់​ថៃ Super Man គេ​មាន​៦​ពិន្ទុ ដោយ​វាយ​ឈ្នះ​ទាំង​២​ជុំ។​

សារឿន ច័ន្ទ មាន​របៀប​វាយ​ល្អ និង រហ័សរហួន ហើយ​កម្លាំង និង ទឹកចិត្ត​របស់គេ​ក៏​ធំ​ថែមទៀត។ ចាំមើល សារឿន ច័ន្ទ អាចយ​កបាន​៣​ពិន្ទុ​ ពី​ការជួប Super Man នេះ​បាន​ឬ​អត់?។ អ្នក​ប្រដាល់​មកពី​ក្លិប​តា​ព្រហ្ម​មានជ័យ រូបនេះ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​ចំនួន​១០១​លើក ឈ្នះ​៨១​លើក ចាញ់​១៨​លើក និង​ស្មើ​០២​លើក។

Super Man វិញ របៀប​វាយ​របស់គេ គឺ​វាយ​ដោយ​មិន​បង្ខំ គេ​វាយ​ចេញ​មួយៗ​តែ​ច្បាស់​ហើយ​វាយ​ចេញ​ភាគច្រើន​ចំ​គោលដៅ​បានល្អ នេះ​បើតាម​ការ​កត់សម្គាល់ឃើញ​ក្នុងការ​ប្រកួត​របស់គេ​កន្លងមក ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៦​លើក ឈ្នះ​៥៣​លើក និង ចាញ់​១២​លើក និង​ស្មើ ០១​លើក។ ចាំមើល ការប្រកួត​ជម្រុះ​ជុំ​ទី​៣ រវាង​ សារឿន ច័ន្ទ និង Super Man តើន​រណារ​កបាន​៣​ពិន្ទុ​នោះ?។​

ចំពោះ​ការជួបគ្នា​រវាង ហេង វាសនា និង Chhai Yo វិញ ក៏​ពិបាក​ទស្សន៍ទាយ​ថា អ្នកណា​ឈ្នះ អ្នក​ណា​ចាញ់​ដែរ។ ​ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ដោយសារ Chhai Yo ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី ទើប​មក​ប្រកួត​លើកដំបូង​ក្នុង​ជម្រុះ​ខ្សែក្រវាត់​នេះ។

ហេង វាសនា និង Chhai Yo នេះ គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទេ ហើយ​មាឌ និង​ប្រវត្តិ​ប្រកួត ក៏​ប្រហែល​គ្នា​ដែរ។ ​ប៉ុន្តែ​ហេង វាសនា គេ​មានប្រៀប​លើ​ថៃ​ខាង​កម្ពស់​បន្តិច​ដោយ​វាសនា​កម្ពស់​១,៧០​ម៉ែត្រ ឯ ថៃ​មាន​កម្ពស់​១,៦៧​ម៉ែត្រ។​

​Chhai Yo គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៧៦​លើក ឈ្នះ​៥៨​លើក និង​ចាញ់​១៨​លើក មិនដែល​ស្មើ។ ចំណែក ហេង វាសនា គេ​មាន​កំណត់ត្រា​ប្រកួត​៥៩​លើក ឈ្នះ​៤២​លើក ចាញ់​១៤ លើក និង ស្មើ​០៣​លើក។

ទោះជា​យ៉ាងណា សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ។​ ហើយ​ត្បិត​ថា អ្នក​ប្រដាល់ Chhai Yo ល្អ​ និង​ខ្លាំង​ប្រហាក់ប្រហែល​នឹង​ហេង វាសនា ដែរ។ ​ពីរ​នាក់​នេះ ពីមុនមក​ពុំ​ធ្លាប់​ជួបគ្នា​ទេ។​

​ឆ្លងកាត់​ពីរ​ប្រកួត​កន្លងមក​នោះ ហេង វាសនា ប្រកួត​ជុំ​ទី​១​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ Chhav Vallit ដោយ​ពិន្ទុ និង​ជុំ​ទី​២ គេ​វាយ​ឈ្នះ Yorth Katang You ដោយ​ពិន្ទុ មាន​៤​ពិន្ទុ ហើយ​អ្នក​ប្រដាល់​ថៃ Chhai Yo ឆ្លងកាត់​ពីរ​ប្រកួត​ដូចគ្នា ជុំ​ទី​១​គេ​វាយ​ចាញ់​លន បញ្ញា ក្នុង​ទឹក​ទី​៣ និង​ជុំ​ទី​២ គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​ធឿន ធី ក្នុង​ទឹក​ទី​៣​វិញ មាន​៤​ពិន្ទុ​ដែរ។ ចាំមើល នៅ​ជុំ​ទី​៣​នេះ តើ​អ្នក​ប្រដាល់​ខ្មែរ​ហេង វាសនា ឬ Chhai Yo អ្នក​ប្រដាល់​ថៃ ដែល​រកបាន​៣​ពិន្ទុ​បន្ថែម​នោះ។​

ព្រឹត្តិការណ៍​ដណ្តើម​ខ្សែក្រវាត់​Wurkz រដូវ​កាល​ទី​៣ ទម្ងន់​៦០​គីឡូក្រាម មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៤​រូប និង អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​៤​រូប។​ ការប្រកួត គឺ​ពុំមាន​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទេ។ ដូច្នេះហើយ ទើប​ទាំង​ប្រដាល់​ខ្មែរ ទាំង​អ្នក​ប្រដាល់​ថៃ គឺ​ត្រូវការ​ឈ្នះ​ដូចគ្នា ត្បិត​គេ​ជ្រើសរើស​យក​តែ​អ្នក​លេខ​១​ក្នុង​ពូ​ល​ទាំង ពូ​ល​ខ្មែរ​និង​ពូ​ល​ថៃ តែប៉ុណ្ណោះ៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu