Ad Code

ជនសង្ស័យ​​០១​នាក់ ត្រូវ​បាន​ជនរងគ្រោះ​ចាប់​ប្រគល់​ឲ្យ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ព្នៅ ពី​បទ​លួច​



​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​០១​នាក់ ត្រូវបាន​ជនរងគ្រោះ​ចាប់​ប្រគល់​ឲ្យ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ព្នៅ កាលពី​វេលា​ម៉ោង​០១និង​៣០​នាទី​ទៀបភ្លឺ ​នៅ​ថ្ងៃ​សុក្រ​ ទី​០១ ខែ​មីនា ឆ្នាំ​២០១៩ ក្នុងករណី​អំពើ​លួច​(​ទូរស័ព្ទ​) វេលា​ម៉ោង​០០និង​៣០​នាទី​រំលង​អធ្រាត្រ កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​
​ ​
ជនសង្ស័យ​ក្នុងករណីនេះ ​ឈ្មោះ ង្វៀង វឹង​ប៊ី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ​ខណ្ឌ​ព្រែក​ព្នៅ រាជ​ធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ​ ឈ្មោះ ង្វៀង ​វាំង​ញឹក ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​វៀត​ណាម មុខរបរ​ជាងឈើ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​ សម្ភារៈ​បាត់បង់​ ១.​ទូរស័ព្ទ​ម៉ាក សាំ​ស៊ុ​ង​S7 ពណ៌​លឿង​ចំនួន​០១​គ្រឿង​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​០០និង​៣០​នាទី​រំលង​អធ្រាត្រ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ដេកលក់​នៅលើ​គ្រែ​ ដោយ​បានដាក់​ទូរស័ព្ទ​នៅ​លើ​ក្បាល​ដំណេក លុះ​ព្រឹក​ឡើង​ វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ជនរងគ្រោះ​ងើប​ពី​ដេក​មិន​ឃើញ​ទូរស័ព្ទ​ ក៏​ចាប់ផ្ដើម​ឆោឡោ​ឡើង ក្រោយមក​ ឈ្មោះ ហួត ប៊ុន​សាង​(​ពូ​បង្កើត​របស់​ជនរងគ្រោះ​) បាន​និយាយ​ប្រាប់​ជនរងគ្រោះ​ថា គាត់​បាន​ឃើញ​ជនសង្ស័យ​ចូលមក​យក ក្រោយពី​ទទួល​ដំណឹង​ដូចនេះ ជនរងគ្រោះ​ក៏បាន​ព្យាយាម​តាមរក​ជនសង្ស័យ រហូតដល់​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០១​និង​៣០​នាទី​ទៀប​ភ្លឺ ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ដើរ​តាមផ្លូវ ភ្លាម​នោះ​ជនរង​គ្រោះ​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​នាំយកមក​ប្រគល់ជូន​សមត្ថកិច្ច និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ព្នៅ​។​

ក្រោយពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ ជនសង្ស័យ​ បាន​សារភាព​ថា ​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ពិតមែន ហើយ​ទូរស័ព្ទ​នោះ បាន​យកទៅ​បញ្ចាំ​ឲ្យ​មនុស្ស​មិន​ស្គាល់គ្នា​ក្នុងតម្លៃ​១០០​ដុល្លារ​បាត់ទៅហើយ​។​

បច្ចុប្បន្ន ជនសង្ស័យ ​ត្រូវបាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu