ស្ទឹងត្រែង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រីអៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរង បានចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន និងឃាត់ខ្លួនជនជាតិឡាវម្នាក់ រួមទាំងគ្រឿងញៀនជិត១ម៉ឺនគ្រាប់។
ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង៥៥នាទីរសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នៅផ្លូវបំបែកចូលទៅវ៉ឺនខាម ចំណុចស្ពានទី២ ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
លោកឧត្ដមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យជនជាតិឡាវ ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ bunma ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករមានទីលំនៅ ភូមិបានដងស្រុក ផូន ហូ ក្រុងវៀងចន្ទ ប្រទេសឡាវ។
លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការបានបន្តឲ្យដឹងទៀតថា ក្រោមការស្រាវជ្រាវសម្ងាត់របស់អាវុធហត្ថ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិឡាវម្នាក់នោះបាន។ ក្រោយការឃាត់ខ្លួន កម្លាំងអាវុធហត្ថ បានបញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនមិនបានជួញដូរគ្រឿងញៀននោះទេ គ្រាន់តែស៊ីឈ្នួលកាន់ឲ្យគេតែប៉ុណ្ណោះ តែក្រោយពីនាំចូលមកដល់ទឹកដីកម្ពុជា ត្រង់ចំណុចខាងលើក៏ត្រូវបានកម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួនតែម្ដង។
គ្រឿងញៀនត្រូវបានធ្វើតេស្តបឋម ដែលនឹងមានការចូលរួមពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែងផងដែរ។ គ្រឿងញៀន ត្រូវបានរកឃើញថា ពិតជាមានសារធាតុញៀនពិតប្រាកដមែន។
បច្ចុប្បន្ន វត្ថុតាងគ្រឿងញៀន (wy)ចំនួន៧៦៨៣គ្រាប់ រួមជាមួយជនសង្ស័យជនជាតិឡាវ កំពុងត្រូវបានឃាត់ខ្លួននៅកងរាជអាវុធហត្ថខេត្ត ស្ថិតក្រោមការសាកសួរពីសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ស្ទឹងត្រែង ដើម្បីចាត់ការទៅតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments