Ad Code

ក្រោយ​ផឹក​ទឹកដោះគោ ANGKORMILK ក្មេងៗ​សិស្សសាលា​បឋមសិក្សា​អូរ​អំបិល​៣០​នាក់ ត្រូវ​សង្គ្រោះ​បន្ទាន់​



​បន្ទាយមានជ័យ ៖ ក្មេងៗ​សិស្សសាលា​បឋមសិក្សា​អូរ​អំបិល​៣០​នាក់ ក្នុងចំណោម​ក្មេងៗ ៤០០​នាក់ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្រោយ​ផឹក​ទឹកដោះគោ ANGKORMILK ។

​ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃទី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​សាលា​បឋមសិក្សា​អូរ​អំបិល ស្ថិតក្នុង​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមាន​ជ័យ។

​តាម​ការ​ឲ្យ​ដឹង​ពី​លោកគ្រូ អ្នកគ្រូ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៨ ព្រឹក​ថ្ងៃកើតហេតុ មាន​ក្រុមហ៊ុន​ទឹកដោះគោ ANGKORMILK បាន​ចុះមក​ចែក ទឹកដោះគោ ឲ្យ​ក្មេងៗ សិស្សសាលា​ផឹក លុះ​ក្រោយ​ក្មេងៗ ផឹក​ទឹកដោះគោ​រួច ប្រហែលជា​១៥​នាទី ក៏មាន​អាការៈ​ក្អួត ទន់ដៃទន់ជើង ទើប​ត្រូវ​បាន លោក​នាយក​សាលា និង​លោកគ្រូ​អ្នកគ្រូ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន ចំនួន​២៥​នាក់ និង​៥​នាក់​ទៀត ត្រូវបាន​នាំយកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ។

​ជាមួយគ្នានេះ​ លោក ឈឹម វុទ្ធី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អូរ​អំបិល​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ទឹកដោះគោ ANGKORMILK នេះ​ បាន​ចុះ​ចែក​ទឹកដោះគោ សម្រាប់​ក្មេងៗ សិស្សសាលា ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ប្រធាន​មន្ទីរអប់រំ ​យុវជន​ និង​កីឡា ខេត្ត​បន្ទាយមានជ័យ ហើយ​ក្នុងនោះដែរ​ក្រុមហ៊ុន​ក៏បាន​ចុះ​ចែក​ទឹកដោះគោ ជាច្រើន​សាលា​មក​ហើយ​ដែរ តែ​គ្មាន​ការ​ពុល ដូច​ករណី​ខាង​លើ​នេះ​ទេ ហើយក៏​មិនទាន់មាន​ការសន្និដ្ឋាន​ជាក់លាក់​ណាមួយ ដែល​បង្ហាញថា ក្មេងៗ ទាំង​៣០​នាក់​ខាងលើនេះ មាន​អាកា​រៈ​ក្អួត ដោយសារ​ពុល​ទឹកដោះគោ​នេះ​ពិតមែន ឬ​យ៉ាងណាទេ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu