Ad Code

ចៅក្រម​ផ្តល់​ពេល​៦​ខែ​ដល់​សហរដ្ឋអាមេរិក​ដើម្បី​កំណត់​អត្តសញ្ញាណ​កុមារ​អន្តោប្រវេសន៍​ដែល​ត្រូវ​បំបែកបំបាក់​ពី​ឪពុកម្តាយ



ចៅក្រម​អាមេរិក​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គាត់​នឹង​បញ្ជា​ឲ្យ​រដ្ឋបាល​លោក Trump ពិនិត្យមើល​កំណត់ត្រារបស់​កុមារ​អន្តោប្រវេសន៍​ចំនួន​៤៧,០០០​នាក់​ហើយ​ក្នុង​រយៈពេល​ប្រាំ​មួយខែ​ត្រូវ​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​ត្រូវ​បំបែកបំបាក់​ពី​ឪពុកម្តាយ​របស់​ពួកគេ​បន្ទាប់ពី​ឆ្លងកាត់​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​។​

ខណៈ​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​បាន​និយាយ​នៅក្នុង​សវនាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​សង្ឃឹមថានឹង​សម្រេចបាន​តាម​កាលកំណត់​នោះ​, រដ្ឋាភិបាល​បាន​និយាយ​កាលពី​ដើមខែ​នេះ​ថា វា​អាច​ចំណាយពេល​ពីរ​ឆ្នាំ​ដើម្បី​កំណត់​អត្តសញ្ញាណ​កុមារ​ដែល​ត្រូវបាន​បំបែកបំបាក់​។​

នៅឯ​សវនាការ​មួយ​ក្នុង​ទីក្រុង San Diego ចៅក្រម​អាមេរិក​ឈ្មោះ Dana Sabraw បាន​និយាយថា “​ខ្ញុំ​នឹង​ចេញ​បទបញ្ជា​ឲ្យ​ធ្វើ​រឿងនេះ​ក្នុង​រយៈពេល​៦​ខែ​។ វា​សំខាន់​ណាស់​សម្រាប់​តួអង្គ​រដ្ឋាភិបាល​ទាំងអស់​ដើម្បី​មាន​ពេលវេលា​ហើយ​ខ្ញុំ​មានបំណង​គាំទ្រ​វា​”​។​

ស្របពេល​ជាមួយគ្នា​នោះដែរ សហភាព American Civil Liberties Union (ACLU) ដែល​បានដាក់​ពាក្យបណ្តឹង​ជំនួស​មុខ​ឪពុកម្តាយ​ដែល​បំបែកបំបាក់​ពី​កូនៗ​របស់​ពួកគេ​បានទាមទារ​ឲ្យ​លោក Sabraw ផ្តល់​ពេលវេលា​ជាក់លាក់​ដល់​រដ្ឋាភិបាល​។​

កាលពី​ឆ្នាំមុន លោក Sabraw បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​ប្រមូលផ្តុំ​កុមារ​ប្រមាណ​ជា​២,៧០០​នាក់​ដែល​ត្រូវបាន​បំបែក​នៅក្រោម​គោលនយោបាយ​គ្មាន​ការអត់ឱន​របស់​រដ្ឋ​បាល​លោក Trump ក្នុងការ​កាត់ទោស​អ្នក​ដែល​ធ្វើដំណើរ​ឆ្លងដែន​ខុសច្បាប់​បើទោះបីជា​ពួកគេ​មានកូន​ក៏ដោយ​។​
ACLU បាន​និយាយថា ការរួបរួម​គ្នា​ជាទូទៅ​គឺ​ទទួលបាន​ជោគជ័យ​ពីព្រោះ​រដ្ឋាភិបាល​បាន​ប្រញាប់ប្រញាល់​គោរព​តាម​បទបញ្ជា​របស់លោក Sabraw ដើម្បី​បំពេញភារកិច្ច​នេះ​ក្នុង​រយៈពេល​៣០​ថ្ងៃ​។​

រដ្ឋបាល​បាន​បោះបង់​គោលនយោបាយ​គ្មាន​ការអត់ឱន​កាលពី​ឆ្នាំមុន​បន្ទាប់ពី​មានការ​ថ្កោលទោស​យ៉ាង​ទូលំទូលាយ​។​

កាលពី​ខែមករា អង្គការ​ឃ្លាំមើល​ផ្ទៃក្នុង​រដ្ឋាភិបាល​បាន​និយាយថា មាន​កុមារ​ចំណាកស្រុក​ដែល​ត្រូវបាន​គេ​បំបែក​ចេញពី​ឪពុកម្តាយ​រាប់ពាន់នាក់​បើទោះបីជា​ចំនួន​ពិតប្រាកដ​មិន​ច្បាស់លាស់​ក៏ដោយ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu