Ad Code

ប្រជាពលរដ្ឋ​សេះ​ស្លាប់ ទទួល​បាន​ផ្លូវលំ​១​ខ្សែ និង​ប្រឡាយ​ទឹក​១​ខ្សែ ដើម្បី​សម្រួលការ​ដំណើរ ទាំង​ផ្លូវទឹក និង​ផ្លូវគោក បន្ទាប់ពី​បម្លាស់ទី​ផ្ទះ​បណ្តែត​ទឹក​មក​រស់នៅ​លើគោក​



​កំពង់ឆ្នាំង​ ៖ ដោយមាន​ការយក​ចិត្ត​ទុកដាក់​គិតគូរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​សេះ​ស្លាប់ ដែល​បាន​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក មក​រស់នៅ​លើគោក ថ្មីៗ​នេះ សម្ដេច​ចៅហ្វា​វាំង គង់​ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ព្រះបរមរាជវាំង និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​សម្ដេចឪ ចុះមក​ជួយ​កសាង​ផ្លូវ​មួយ​ខ្សែ និង​ប្រឡាយ​ទឹ​ក​មួយ​ខ្សែ ដើម្បី​សម្រួល​ដល់​ការ​ដំណើរ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ទាំង​ផ្លូវគោក ​និង​ផ្លូវទឹក ឲ្យ​ល្អ​ប្រសើរឡើង​។

លោក សាំង ស៊ន មេឃុំ​ឆ្នុកទ្រូ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​មេសា​នេះ បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​សំណូមពរ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កន្លងមក ពេលនេះ​ក្រុមការងារ​សម្ដេចឪ ដែល​ដឹកនាំ​ដោយ​សម្ដេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តកំពង់ឆ្នាំង បាន​ចុះជួយ​កសាង​ផ្លូវ​មួយ​ខ្សែ និង ប្រឡាយទឹក​មួយ​ខ្សែ សម្រាប់​សម្រួល​ដំណើរ​ដល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​មក​រស់នៅ​លើទឹកឲ្យ​មក​រស់នៅ​លើគោក​វិញ ។​

លោក​មេឃុំ​បាន​បញ្ជាក់ថា​ ចំពោះ​ប្រឡាយទឹក​មួយ​ខ្សែ​ដែល​កំពុង​ជីក​ចេញពី​មាត់ទន្លេ ចូលមក​ដល់​ភូមិ ដែល​ប្រជាពលរដ្ឋ តាំងទី​លំនៅ​ថ្មី គឺមាន​ប្រវែង​ជាង​៣​គីឡូម៉ែត្រ មាន​ទទឹង​មាត់​លើ​មាន​ប្រវែង ១២​ម៉ែត្រ។ ប្រឡាយទឹក​នេះ អាច​សម្រួល​ឲ្យ​ទូក​កាណូត​ពួកគាត់​ចូលមក​ពី​ទន្លេ មក​ជិត​ភូមិ​ និង​ជិត​ផ្ទះ​របស់​ពួកគាត់ និង​ក៏​អាច​ជួយ​ឲ្យ​មាន​ទឹក​ដល់​ពួកគាត់​បាន​ប្រើប្រាស់​ផង។ ដោយឡែក​ផ្លូវ​មួយ​ខ្សែ មាន​ប្រវែង​៧​គីឡូម៉ែត្រ ​ជា​ផ្លូវ​ដីស បាននិងកំពុង​កសាង​ចាប់ពី​ថ្នល់ជាតិ​លេខ​៥ រហូតដល់​ភូមិ​ស្លាប់​ជាង​៣​គីឡូម៉ែត្រ ផងដែរ ស្របតាម​មាត់​ប្រឡាយ​ជីក​ថ្មី ចាប់ពី​កន្លែង​លំនៅ​ថ្មី រហូតដល់​មាត់ទន្លេ​។

ក្នុងនាម​លោក​មេឃុំ ជា​អាជ្ញាធរ ឃុំ​ឆ្នុកទ្រូ សូម​ថ្លែងអំណរគុណ​ដល់​សម្ដេច​ចៅហ្វា​វាំង គង់ សំអុល ដែល​បាន​ដឹកនាំ​ក្រុមការងារ​សម្ដេចឪ ចុះមក​ជួយ​ជីក​ប្រឡាយ​និង កសាង​ផ្លូវ​មួយ​ខ្សែ​ជូន​ដល់​ប្រជា​ពលរដ្ឋ អ្នក​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក នៅ​ភូមិ​សេះ​ស្លាប់ ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់​ពួកគាត់​ទាំង​ផ្លូវទឹក និង​ផ្លូវ​គោក។​

សូម​បញ្ជាក់​ថា ចាប់តាំងពី​អាជ្ញាធរ​ខេត្ត​រៀបចំ​ការ​ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក ឲ្យ​មក​នៅ​លើ​គោក​​ ប្រជាពលរដ្ឋ​មានការ​ជួប​ការ​លំបាក​យ៉ាងខ្លាំង ​ពី​ដំបូង ប៉ុន្តែ​មកដល់ពេលនេះ​បាន​ធូរស្រាល​ជា​បណ្ដើរ​ហើយ គឺមាន​ផ្លូវទឹក ផ្លូវគោក និងមាន​អណ្ដូងទឹក ផងដែរ។​

ប្រជាពលរដ្ឋ ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ព្រះមហាក្សត្រ សម្ដេច គង់ សំអុល ដែល​បាន​ជួយ​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ ដោយ​សូម​ជូនពរ​ដល់​សម្តេច គង់​ សំអុល​ និង​ក្រុមការងារ​ទាំងអស់ សូម​ជួប​ប្រទះ​តែ​នឹង​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ​អាយុ ​វណ្ណៈ ​សុខៈ​ ពលៈ ​ កុំបី​ឃ្លាត​ឡើយ៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu