Ad Code

សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ប្ដេជ្ញា​ជួយ​ជ្រោមជ្រែង​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​កិច្ច​អភិរក្ស​ប្រាសាទ ​ក្នុង​តំបន់​អង្គរ​



សៀមរាប​ ៖​ នា​រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បានទទួល​ស្វាគមន៍​ប្រតិភូ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ នៃ​ប្រទេស​ជប៉ុន​ ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ ហ៊ី​រ៉ា​យ៉ាម៉ា សិង​គិ​ជិ (Hirayama Zenkichi) ប្រធាន​គណៈកម្មការ​បច្ចេកទេស​គម្រោង​ជួស​ជុល​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត ចូលជួប​សម្ដែង​ការគួរ​សម​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។

ជំនួប​ដ៏​មាន​អត្ថន័យ​នេះ បាន​ផ្តោត​សំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​យូរ​ឆ្នាំ​ដែល​សាកល​វិទ្យាល័យ​សូ​ហ្វី​យ៉ា​ និង​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​បំពេញ​រួមគ្នា​នាពេល​កន្លងមក​។

លោក​សាស្ត្រាចារ្យ ហ៊ី​រ៉ា​យ៉ាម៉ា សិង​គិ​ជិ បាន​លើកឡើងថា ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ​មាន​អាយុកាល​ជាង​មួយ​ពាន់​ឆ្នាំ ហើយ​តាមរយៈ​កិច្ចសហការ​ក្នុងការ​អភិរក្ស ​និង​ការជួសជុល​កន្លងមក ប្រាង្គ​ប្រាសាទ​ទាំងនេះ ​នឹង​នៅតែ​រឹង​នាំ​បាន​រាប់ពាន់​ឆ្នាំ​ទៅមុខទៀត​។ ក្នុង​គម្រោង​អភិរក្ស​ជួសជុល​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត លោក​សាស្ត្រាចារ្យ ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បានផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អ្នកជំនាញ​ខ្មែរ​ដែល​បំពេញការងារ​បាន​យ៉ាង​ល្អ និង​បាន​បង្កើន​សមត្ថភាព​ជំនាញ​ដ៏​រឹងមាំ​ក្នុងពេល​អនុវត្ត​គម្រោង​។

លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​សម្តែង​ការ​ថ្លែង​អំណរ​គុណ​ចំពោះ​កិច្ចសហការ​របស់​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ដែល​បាន​ជួយ​និង​គាំទ្រ​គម្រោងការ​ជួសជុល​អភិ​រក្ស​ប្រាង្គ​ប្រាសាទ ការស្រាវជ្រាវ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដល់​អ្នកជំនាញ​ខ្មែរ​។ សមិទ្ធផល​កន្លងមក​ទាំង​ការ​អភិរក្ស​ជួសជុល​ប្រាង្គ​ប្រាសាទ​នៅ​រមណីយដ្ឋាន​អង្គរ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ពិតជា​មិនអាច​ផ្តាច់​ចេញពី​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ពី​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​បានឡើយ​។​

លោក ក៏បាន​កោតសរសើរ​ចំពោះ​ទឹកចិត្ត ក្តី​ស្រឡាញ់ និង​ការ​លះបង់​របស់​សាស្ត្រាចារ្យ​ជំនាញ​ជាន់ខ្ពស់​គ្រប់ផ្នែក​ទាំងអស់រ ​នៃ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា មិន​ថា​មាន​វ័យ​ចំណាស់​ណាស់​ទៅ​ហើយ មិន​ថា​អាកាសធាតុ​ក្តៅ​យ៉ាងណា ក៏​នៅតែ​មក​បំពេញភារកិច្ច​យ៉ាង​ទៀងទាត់ និង​ខ្ជាប់ខ្ជួន​នៅ​រមណីយដ្ឋាន​អង្គរ​។ នេះ​ជា​គំរូ​ដ៏​គួរ​ឲ្យ​កោត​គោរព​បំផុត​៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu