Ad Code

ពលរដ្ឋ​២​គ្រួសារ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្ត​កំពង់ឆ្នាំង



កំពង់ឆ្នាំង ​៖ ​លោក ប្រាក់ សោ​ភ័​ណ្ឌ ​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង​ រួម​ដំណើរ​ដោយ​ក្រុមការងារ​ខេត្ត ស្រុក ឃុំ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ បាន​នាំ​យក​អំណោយ​មនុស្សធម៌​ របស់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង ជូន​គ្រួសារ​ក្រីក្រ​ មាន​ជំងឺ ចំនួន​០២​គ្រួសារ​ នៅ​ក្នុង​ស្រុក​កំពង់ត្រឡាច។

លោក​ប្រាក់ សោភ័ណ ក្នុង​ពេល​សួរសុខទុក្ខ​ក្រុម​គ្រួសារ​ទាំង​២ លោក​ក៏បាន​ជម្រាប​ជូន​ដល់​ក្រុម​គ្រួសារ​ទាំង​២ នូវ​ការ​ផ្ដាំផ្ញើ​រសាក​សួរសុខទុក្ខ ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែល​ជានិច្ចកាល ​សម្ដេច តែងតែ​គិតគូរ​អំពី​សុខទុក្ខ និង​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទី​កន្លែង ដោយ​មិន​មាន​ការ​ប្រកាន់​ ពូជសាសន៍ ឬ​និន្នាការ​នយោបាយ អ្វី​ឡើយ។

ដោយឡែក​ គ្រួសារ​ក្រីក្រ​ខាង​លើ មាន​១.​ឈ្មោះ សា ឈឿន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្តារ ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច មាន​ជំងឺ​ពិការ​ស្លាប់​មួយ​ចំហៀង​ខ្លួន រស់នៅ​ជាមួយ​ម្តាយ​ចាស់ជរា អាយុ​៧៨​ឆ្នាំ ក្នុង​ខ្ទម​តូច​មួយ ទទួល​បាន​អំណោយ ​៖ អង្ករ៦០គីឡូ មី១កេស ត្រីខ១យួរ ឃី​ត១កញ្ចប់ និង ថវិកា៥​ម៉ឺន​រៀល និង​ថវិកា​សប្បុរសធម៌​របស់​ស្រុក ឃុំ ចំនួន២០០.០០០​រៀល​។​

២.​ឈ្មោះ វង សុំ ភេទ ប្រុស អាយុ៦៩​ឆ្នាំ ប្រពន្ធ ឈ្មោះ ម៉ុម ម៉ៅ អាយុ៧០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្តារ ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមាន​ជីវភាព​ខ្វះខាត​។ អំណោយ​ដែល​ទទួលបាន​រួមមាន​ ៖ អង្ករ៦០គីឡូ មី១កេស ត្រីខ១យួរ ឃី​ត១កញ្ចប់ និង ថវិកា៥​ម៉ឺន​រៀល​។​

ក្នុងឱកាស​នោះដែរ លោក ប្រាក់ សោភ័ណ ក៏បាន​សំណូមពរ​ឲ្យ​អ្នក​ជំងឺ​នៅ​ក្នុង​ក្រុម​គ្រួសារ​ទាំង​២ សូម​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ ដោយ​ត្រូវ​លេប​ថ្នាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹមត្រូវ និង​បើ​ជំងឺ​មាន​សភាព​មិន​ស្រួល សូម​រូតរះ​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ដែល​នៅ​ជិត ហើយ​ត្រូវ​រាយ​ការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន និង​សាខា​កាកបាទក្រហម​ស្រុក និង​ខេត្ត​ជា​បន្ទាប់ ដើម្បី​សាខា​កាក​បាទ​ក្រហម​ជួយ​ដោះស្រាយ​រាល់​ការខ្វះខាត​ជា​បន្តទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu