រតនគិរី ៖ បន្ទាប់ពីបណ្តាញក្រុមសារព័ត៌មាននៅក្នុងស្រុកបានចុះផ្សាយព្រោងព្រាតពាក់ព័ន្ធករណីនាយនិងនាយរងប៉ុស្តិ៍ចំនួន៤រូប ដែលឈរជើងនៅប៉ុស្ដិ៍ចំនួន៤ រួមមាន÷ ទី១-ប៉ុស្តិ៍អូរតាយ៉ាក ២-ប៉ុស្តិ៍កន្ទុយនាគ ៣-ប៉ុស្តិ៍អូរយើល និង៤-ប៉ុស្តិ៍ភូមិចង ត្រូវថ្នាក់លើបញ្ឈរជើងនោះ, លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានច្រានចោលទាំងស្រុង ដោយលើកឡើងថា ពុំមានករណីនេះកើតឡើងនោះទេ។ លោកឧត្តមសេនីយ៍ទោ បានឲ្យកម្ពុជាថ្មី ដឹងតាមប្រព័ន្ធទូរស័ព្ទបែបនេះ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
លោកថា ក្នុងនោះមានមេប៉ុស្តិ៍អូរតាយ៉ាក១រូប មានជំងឺប្រចាំកាយអាយុជិត៦០ឆ្នាំហើយ ត្រូវការសុំសម្រាកមួយរយៈ។ ដោយឡែកករណីកើតឡើងនៅបន្ទាត់ព្រំដែនកន្លងមក D៦០ ៦គ្រឿងចក្រ និងជនជាតិវៀតណាម១២នាក់ ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តចុះប្រតិបត្តិការបង្ក្រាប ត្រូវបានប្រគល់ទៅឲ្យនគរបាលអន្តោប្រវេសន៍ដើម្បីចាត់ការបន្ត។ ចំណែកគ្រឿងចក្រ៦គ្រឿង ខាងកងរាជអាវុធហត្ថក៏បានប្រគល់ទៅឲ្យមន្ទីរកសិកម្មខេត្តចាត់វិធានការរួចរាល់ដែរ។ បច្ចុប្បន្ននគរបាលអន្តោប្រវេសន៍ បានបំពេញបែបបទបញ្ជូនទៅតុលាការផងដែរ។
ចំពោះនីតិវិធីរបស់ចៅក្រមនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ក៏បានសម្រេចឃុំខ្លួនជនជាតិវៀតណាមទាំង១២នាក់ នៅពន្ធនាគារភ្នំស្វាយ ខេត្តរតនគិរី បណ្តោះអាសន្នរួចហើយ។
ពាក់ព័ន្ធក្រុមហ៊ុន នុភាព សុភី ដែលមានតំណាងក្រុមហ៊ុនឈ្មោះសេក វិរ: បានចុះកុងត្រាអន្តោភាគីជួលដីក្រុមហ៊ុនទៅឲ្យជនជាតិវៀតណាម ក្នុងមួយហិកតាចំនួន៧០ដុល្លារក្នុងមួយឆ្នាំ ដោយមានលិខិតស្នាមជាលាយលាក់អក្សរ ខុសពីគោលការច្បាប់វិនិយោគរបស់រាជរដ្ឋាភិបាល ព្រមទាំងគ្រឿងចក្រ៦គ្រឿងនោះ លោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី បានឲ្យកម្ពុជាថ្មី ដឹងតាមប្រព័ន្ធទូរស័ព្ទ នៅព្រឹកថ្ងៃទី២៩មេសានេះផងដែរថា លោកបានធ្វើសំណុំបែបបទត្រឹមត្រូវប្រគល់ទៅឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរួចរាល់ហើយ។
លោកបានបន្តថា ក្រុមហ៊ុន នុភាព សុភី បានវិនិយោគជាមួយរាជរដ្ឋាភិបាលចាប់ផ្តើមដាំដំណាំកសិឧស្សាហកម្ម នៅឆ្នាំ២០១៥ក្រោមការគ្រប់គញរងរបស់ក្រសួងបរិស្ថាន(ដាំដំណាំស្វាយចន្ទីបានជាង១០០ហិកតា) ប៉ុន្តែត្រូវភ្លើងឆេះអស់។
រហូតមកដល់ឆ្នាំ២០១៦-២០១៧ ក្រុមហ៊ុនបានប្រគល់ដីមកឲ្យក្រសួងកសិកម្មជាអ្នកគ្រប់គ្រងវិញ ប៉ុន្តែក្រសួងកសិកម្មក៏បានបោះបង្គោលព្រំដីត្រឹមត្រូវ ក្នុងបរិវេណទំហំដីដែលក្រុមហ៊ុនឈូសឆាយសំអាតរួចហើយនោះ អនុញ្ញាតឲ្យគាត់ដាំដំណាំឡើងវិញដោយមានលិខិតស្នាមចុះកិច្ចសន្យាជាមួយក្រសួងកសិកម្មផងដែរ។
លោកបានបញ្ជាក់មិនប្រាកដប្រជាថា ចំពោះទិន្នន័យទំហំដីក្រុមហ៊ុន នុភាព សុភី ប្រមាណមើលកំណត់ក្នុងផែនទីមានទំហំ៧០០០ហិកតា ដោយបានកាត់ខ្វៀលចេញពីផ្លូវវិស្វកម្មនិងបង្គោលព្រំដែន៕
Source: Kampuchea Thmey Daily
0 Comments